ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីចីថល

ចែករំលែក៖

 ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក៏ដូចជាដើម្បីតាមឱ្យទាន់បដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករដ៏សំខាន់ ដែលគ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ច ដែលរួមមានទាំងវិស័យហិរញ្ញវត្ថុនិងធនាគារទៀតផង។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «អគារស្នាក់ការកណ្តាល វីងថៅវ័រ (Wing Tower)» នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់អោយអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង  ដោយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ឱ្យបានជាអតិបរមានូវបរិវត្តកម្មឌីជីថលនៅក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងនៅក្នុងវិស័យធនាគារ ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញដល់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលជួបប្រទះនូវបញ្ហាផ្នែកហិរញ្ញវត្ថុ។

សម្តេចធិបតីបានលើកឡើងដូច្នេះថា៖ «លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដើម្បីជួយវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍នៅខេត្តសៀមរាប អតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសមវិធានធន់រយៈពេល ១២ខែ»។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករនៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យតាមប្រភេទអាជីវកម្ម និងការអនុគ្រោះផ្សេងទៀត ដើម្បីជួយស្តារវិស័យទេសចរណ៍នៅខេត្តសៀមរាប។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានជំរុញទៅដល់ធនាគារទាំងអស់ផ្ដល់ឥណទានទៅដល់សហគ្រាសមីក្រូធនតូច និងមធ្យម និងបង្កើនឥណទានទៅដល់វិស័យកសិកម្មផងដែរ។

តែយ៉ាងណា សម្តេចធិបតី បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មុននឹងផ្តល់ឥណទាន គឺត្រូវពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យប្រព័ន្ធធនាគារមានលំនឹង៕

ដោយ ៖ សហការី


ចែករំលែក៖