ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលវេទិកានេះធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសាលប្រជុំអគារEសាលាខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីបើកវេទិកា លោក សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ មោះមុតក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្របតាមគោលការណ៍ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ បង្កើតឱ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវាជូន ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋជាតិ ប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃកំណែទម្រង់គ្រប់ថ្នាក់ ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកវិសាលភាពនៃកំណែទម្រង់កាន់តែប្រសើរឡើង គ្រប់ក្រសួងស្ថាប័ន ថ្នាក់ជាតិ បានបង្កើត និងដាក់ ចេញឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តជាច្រើន ជាពិសេសកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងដំណាក់ កាលទី២ ដែលកំពុងអនុវត្តយ៉ាងសកម្មនៅថ្នាក់ក្រោមជាតិ។ 

លោក សុខ លូ ថ្លែងបន្ថែមថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ 

លោក សុខ លូ សង្កត់ធ្ងន់ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរឡើង។ វេទិកានេះនឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្ដង ដោយចាប់ផ្តើមអនុវត្តដំបូងនាឆ្នាំនេះ។

លោកអភិបាលខេត្តស្នើសុំឱ្យអង្គវេទិកាទាំងមូលយកចិត្តទុកដាក់ស្តាប់បទបង្ហាញ និងចូលរួមពិភាក្សាឱ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការឱ្យទទួលបានជោគជ័យសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖