ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើ៖ បើមិនជុះ សុំកុំឲ្យឆ្កែអរ !

ចែករំលែក៖

ប៉ុន្មានថ្ងៃមុននេះ នាយជាលឮថា មានក្រុមហ៊ុនដឹកជញ្ជូនចំនួន១៤ បានសន្យាជាមួយ ក្រសួងសាធារណការនិងដឹកជញ្ជូន ថានឹងមិនឡើងថ្លៃឈ្នួលរថយន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រ ពៃណីខ្មែរនេះទេ ។

ដំណឹងនេះធ្វើឲ្យនាយជាលត្រេកអរមិនស្ទើរព្រោះនឹកគិតថា វាអាចរំដោះទុក្ខការលំបាករបស់ប្រជាពលរដ្ឋខ្មែរយើង បានមួយផ្នែកដែរ ជាពិសេសគឺកម្មករ កម្មការិនីធ្វើដំណើរទៅស្រុកកំណើតតែម្តង។

នាយជាលយល់ថា ការសន្យានេះត្រូវតែធ្វើឲ្យបាន កុំដូចរាល់ឆ្នាំប្រធានក្រុមហ៊ុនសន្យា បានតែមាត់ ឯបុគ្គលិកថ្នាក់ក្រោមមិនធ្វើតាម ពោលគឺនៅតែឡើងថ្លៃដដែល គ្រាដែលពួកគេ ឃើញរថយន្តតាក់ស៊ី ឬ រថយន្តឈ្នួលឯទៀតឡើងថ្លៃឈ្នួលជិះរថយន្តស្ទើរមួយជាពីរទៅហើយ ដែលនេះមិនខុសពីកំណាព្យមានន័យមួយចែងថា « ត្រីកាហែក្រហមកន្ទុយ ឃើញគេ ទៅប្រុយៗ ទៅនឹងគេដែរ » បានន័យថា រថយន្តតាក់ស៊ី និងរថយន្តឈ្នួលឯទៀតគេឡើងថ្លៃ អស់ទៅហើយ នៅអីតែឯង ត្រូវតែឡើងថ្លៃនឹងគេដែរ ។

អារឿងនឹងហើយដែលនាយជាលចង់និយាយថា បើសន្យាត្រូវធ្វើឲ្យបាន កុំសន្យាបានត្រឹមសន្យា សន្យាដូចខ្យល់ ឬ ផោមឲ្យឆ្កែអរឲ្យសោះ ។ ខ្ញុំនៅចាំបានឆ្នាំមុនៗរថយន្តឈ្នួល ទាំងអស់ទម្លាក់កំហុសទៅលើអ្នកម៉ៅការបេន ប៉ូលិសសណ្តាប់ធ្នាប់ និងប៉ូលិសចរាចរណ៍ថា សង្កត់កគាត់ខ្លាំងពេក ទើបពួកគាត់ដំឡើងថ្លៃឈ្នួលរថយន្ត ។ ដូច្នេះនាយជាល ចាំមើលឆ្នាំ នេះទៀត បន្ទាប់ពីមានការសន្យារបស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំង១៤ថាមិនដំឡើងថ្លៃ រួមទាំងស្ថាប័ន បេនឡាន ប៉ូលិសសណ្តាប់ធ្នាប់ និងចរាចរ ថាមិនធ្វើអ្វីហួសហេតុឬយកតម្លៃលើសសៀវភៅបន្ទុកកំណត់នោះ តើមានប្រសិទ្ធភាពដែរឬទេ ។ ប្រសិនបើ ធ្វើឲ្យបានដូចការ សន្យាមែន នាយជាលសុំស្រែកថា ប្រាវ៉ូ! តែបើមិនជោគជ័យទេ សុំទោស កុំថានាយជាលមាត់ ដាចឲ្យសោះ នាយជាលសុំប្រើពាក្យនេះវិញ គឺ បើមិនជុះ សុំកុំឲ្យឆ្កែអរឲ្យសោះ ៕ នាយជាល

 

 


ចែករំលែក៖