ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារ អប្សរាផាឡេស ខេត្តសៀមរាប។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបទ្វេភាគី ថ្នាក់នាយករដ្ឋមន្ត្រីទាំងពីរនេះ បានពិភាក្សាគ្នា លើបញ្ហាព្រំដែន ដោយសារមកដល់ពេលនេះ គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ពុំទាន់បានជួបគ្នាទេ ក្នុងពេលកន្លងមក។ ក្នុងខែមិថុនា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីឡាវ បានឯកភាពគ្នា ឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ជួបគ្នាឲ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានធ្វើកំណត់ទូត តាំងពីខែកក្កដា ដើម្បីជម្រុញទៅលើការងារមួយនេះផងដែរ។
សម្តេចតេជោ បានជម្រាបជូនផងដែរថា បញ្ហាដែលសំខាន់នោះ ប្រទេសទាំងពីរត្រូវជម្រុញ ទី១. ក្នុងតំបន់តាងឿន ទី២. ការបើកច្រកព្រំដែន ចំនួន០៣ ដែលកន្លងមក បានចាត់ឲ្យគណៈកម្មការចម្រុះព្រំដែន អាជ្ញាធរខេត្ត និងមន្ត្រីកុងស៊ុល ធ្វើការជាមួយគ្នា។ ដោយឡែកមានច្រកព្រំដែនអន្តរជាតិមួយកន្លែង គឺចំហ្នឹងកន្លែងដែលសង់ស្ពានឆ្លងកាត់ ព្រែកល្ពៅ និងច្រកទ្វេរភាគី នៅអូស្វាយ-វឿន ខាំ និងច្រកទ្វារតំបន់កោះឫស្សី និងច្រកលេខ៤៨ ខាងឡាវ។ តំបន់ទាំងនេះ មិនទាន់ឈានដល់ការសម្រេច ដើម្បីបើកច្រកទាំង០៣នេះ នៅឡើយទេ។
សម្តេច បានស្នើឲ្យគណៈកម្មការចម្រុះព្រំដែន សម្រេចដើម្បីឈានដល់ការបើកច្រកទាំងនេះ ជាស្ថាពរ។ ចំពោះគម្រោងសាងសង់ស្ពានព្រែកល្ពៅនេះ កន្លងមកភាគីទាំងពីរ បានធ្វើការត្រួតពិនិត្យរួចរាល់មកហើយ ប៉ុន្តែពេលនេះ មានបញ្ហាប្រែប្រួលមួយចំនួន ដែលទាមទារឲ្យភាគីទាំងពីរ សម្រួលការងារបន្ថែមទៀត។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ ក្នុងការប្រើប្រាស់ប័ណ្ណឆ្លងកាត់តាមព្រំដែន ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់គ្នា កម្ពុជា-ឡាវ ដើម្បីសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋ ដោយភាគីទាំងពីរ បានឯកភាព ឲ្យប្រើប្រាស់ប័ណ្ណនេះ ហើយសម្រេចឲ្យចាប់ផ្តើមអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីគម្រោង រៀបចំសម្ពោធច្រកអន្តរជាតិត្រពាំងក្រៀល-ណងនុឃឿន ជាច្រកមួយ ដ៏សំខាន់ ដែលភាគីទាំងពីរ បានចរចាគ្នារួចហើយ ហើយជំនួបរវាងនាយករដ្ឋមន្ត្រីទាំងពីរនៅថ្ងៃនេះ បានឯកភាពនឹងសម្ពោធ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ ក្នុងការផ្លាស់ប្តូរអ្នកទោស រវាងប្រទេសទាំងពីរ បន្ទាប់ពីបញ្ហានេះ ត្រូវបានពិភាក្សាគ្នារួចមកហើយនោះ។
ពាក់ព័ន្ធនឹងតំបន់វារីអគ្គិសនី ដនសាហុង ដែលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញទៅពិនិត្យស្ថានភាព នៅទីនោះ បានបញ្ជាក់ថា គម្រោងនៃការអភិវឌ្ឍនេះ មិនមានបញ្ហានោះទេ ចំពោះការព្រួយបារម្ភរបស់កម្ពុជា អំពីកង្វះខាតទឹក ឫចលនារបស់ត្រី មិនមានការប៉ះពាល់នោះទេ ហើយនៅពេលនេះ ឡាវបានចាប់ផ្តើមសាងសង់ហើយ នូវគម្រោងវារី អគ្គិសនីនេះ។
ជាមួយនឹងគម្រោងសាងសង់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះភាគីឡាវ ដែលបានសន្យាលក់អគ្គិសនីនោះ ក្នុងតម្លៃថោក ចំពោះបណ្តាខេត្តរបស់កម្ពុជា ដែលជាប់ព្រំដែន ជាមួយ នឹងទំបន់វារីនេះ។
ភាគីទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការដំឡើង អាហារូបករណ៍ ពី១០ទៅ១៥កន្លែង និងឯកភាពដំឡើង ប្រាក់ឧបត្ថម្ភអាហាររូបករណ៍ ពី១៥០ដុល្លារ ដល់១៨០ដុល្លារ សម្រាប់និស្សិតដែលផ្លាស់ប្តូរគ្នាសិក្សា រវាងប្រទេសទាំងពីរ ដែលនឹងចាប់ផ្តើមអនុវត្តន៍ ចាប់ពីដើមឆ្នាំក្រោយ។
ក្រៅពីការងារខាងលើនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឡាវ និងជម្រុញ ដោះស្រាយបញ្ហាដែលនៅសេសសល់ របស់ប្រទេសទាំងពីរ ដែលបានពិភាក្សាគ្នាកន្លងមក ដើម្បីជម្រុញក្នុងការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រ រវាងប្រជាពលរដ្ឋ ប្រទេសទាំងពីរ។
លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធទៅនឹងអ្វីដែលប្រទេសទាំងពីរ អាចធ្វើការជាមួយគ្នាបាន ក្នុងក្របខណ្ឌ CLV ក្នុងទិសដៅធ្វើយ៉ាងណា ដើម្បីភាពឈ្នះៗ និងបម្រើផលប្រយោជន៍ទាំងសងខាង៕