ខេត្តប៉ៃលិន៖ បើតាមការបញ្ជាក់ពីមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិនប្រាប់ឱ្យដឹងថា ក្រុមហ៊ុនឈុន ឆាង ដែលជីកកកាយដីភ្នំខុសបច្ចេកទេស បាក់សង្កត់លើមនុស្ស២នាក់ស្លាប់កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិនដកអាជ្ញាប័ណ្ណបញ្ឈប់អាជីវកម្មដីភ្នំនៅខេត្តប៉ៃលិននោះហើយ ក្រោយពីកើតហេតុការណ៍បង្កឱ្យមនុស្ស២នាក់ត្រូវដីនិងថ្មភ្នំបាក់សង្កត់ស្លាប់ក្នុងការដ្ឋានរបស់ខ្លួនរួចហើយនោះ។ ទន្ទឹមនោះ បើតាមការបញ្ជាក់ឱ្យដឹងពីប្រធានក្រុមហ៊ុនឈុន ឆាង ឱ្យដឹងថា ក្រុមហ៊ុនលោកបានដោះស្រាយផ្តល់សំណងជាទឹកប្រាក់ដល់ក្រុមគ្រួសារជនរងគ្រោះទាំង២នាក់នោះហើយ។
សម្រាប់សពពលរដ្ឋម្នាក់រងគ្រោះគេចោទថា មិនគ្រប់ទឹកឈ្មោះ ធី រដ្ឋា ហៅ អ៊ួក ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅក្នុងក្រុងប៉ៃលិនទៅលេងក្បែរការដ្ឋានជីកកាយដីភ្នំនោះ ត្រូវបានក្រុមហ៊ុនសងសំណង៤លានរៀល និងសម្រាប់សពជនរងគ្រោះឈ្មោះ ឈីវ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកបើកបរគ្រឿងចក្រអេស្កាវ៉ាទ័រ មានស្រុកកំណើតនៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុកសំពៅមាស ខេត្តពោធិសាត់ក្រុមហ៊ុនសងសំណង៦លានរៀល ។
ការសងជម្ងឺចិត្តក្នុងតម្លៃ៤លានរៀលទៅ៦លានរៀល ស្មើនិងប្រាក់១០០០ដូល្លារ និង១៥០០ដូល្លារ បែបនេះ ត្រូវបានអ្នកខេត្តប៉ៃលិននាំគ្នានិយាយហួសចិត្តគ្រប់គ្នាថា ទឹកប្រាក់នោះយកទៅធ្វើបុណ្យមិនគ្រប់ផង ។
ការសងជំងឺចិត្តដោះស្រាយរបស់ក្រុមហ៊ុនជូនដល់ក្រុមគ្រួសារសព ហាក់បីដូចជាតិចតួចណាស់មិនសាកសមតម្លៃជីវិតមនុស្សឡើយ ។ គេដាក់ការសង្ស័យថា ទំនងជាក្រុមគ្រួសារជនរងគ្រោះគ្មានជំរើសក្រខ្សត់មិនហ៊ានតវ៉ាជាមួយក្រុមហ៊ុនដែលគេនិយាយថាមានទឹកប្រាក់និងសិទ្ធិអំណាចខ្លាំងនៅខេត្តប៉ៃលិននោះទើបសម្រេចចិត្តយកប្រាក់ទាំងនោះ ។
ការដោះស្រាយសងសំណងទឹកប្រាក់ខាងលើគេមិនទាន់ដឹងថា ក្រុមគ្រួសារជនរងគ្រោះសុខចិត្តទទួលយករឺយ៉ាងណានោះទេ ។ បញ្ហានេះ ខណៈដែលអ្នកយកព័ត៌មានយើង ទំនាក់ទំនងទៅសាកសួរខាងអាជ្ញាធរក្រុងប៉ៃលិន និងមន្រ្តីមន្ទីររ៉ែនិងថាមពលខេត្តឱ្យបំភ្លឺនោះដែរ ប៉ុន្តែមន្រ្តីទាំងនោះនិយាយឆ្លើយដាក់គ្នាទៅវិញទៅមកថាមិនទាន់ដឹងនៅឡើយនោះទេ ។ ការឆ្លើយរបស់អាជ្ញាធរ និងមន្ត្រីមន្ទីរជំនាញ ហាក់បីគ្មានការទទួលការខុសត្រូវ ។ ចំណែកទូរស័ព្ទលោក កើត សុធា អភិបាលខេត្តប៉ៃលិនត្រូវបានដាក់ប្រព័ន្ធជាប់រវល់ មិនអាចរកការសុំបំភ្លឺបានឡើយនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
បញ្ហានេះ គេដាក់ការសង្ស័យអាជ្ញាធក្រុង ខេត្ត និងមន្ទីរជំនាញហាក់បីដូចជាគ្មានឆន្ទៈជួយដោះស្រាយមើលការខុសត្រូវជូនដល់ក្រុមគ្រួសារសពពលរដ្ឋរងគ្រោះនោះឡើយ។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានកើតហេតុការណ៍បាក់ដីថ្មភ្នំសង្កត់មនុស២នាក់ស្លាប់ជាមួយនិងអេស្កា ១គ្រឿង និងរថយន្តដឹកដី១គ្រឿងសរុប២គ្រឿងរងការខូចខាតទាំងស្រុង ខណៈដែលមានអេស្កា១គ្រឿងកាយដី ដាក់លើរថយន្តដឹកដី ។ សាកសពជនរងគ្រោះទាំង២នាក់ បន្ទាប់មកត្រូវបានគេយកអេស្កាជីកកកាយយកសពចេញពីគំនរដី និងថ្មជាបន្តបន្ទាប់ប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន ឈុ ឆាង ត្រូវបានអភិបាលក្រុងប៉ៃលិនឆ្លើយថាជាកន្លែងទីតាំងដីបម្រុងសម្រាប់កសាងរដ្ឋបាលសាលាក្រុងប៉ៃលិន។អាជីវកម្មដីថ្មភ្នំរបស់ក្រុមហ៊ុន ឈុន ឆាង នៅទីនោះ អភិបាលក្រុងប៉ៃលិន ប្រាប់ឱ្យដឹងថា គ្មានច្បាប់នោះទេ ប៉ុន្តែអនុប្រធានមន្ទីររ៉ែនិងថាមពលខេត្ត លោក សួន សុខ និងប្រធានក្រុមហ៊ុន ឈុន ឆាង ប្រាប់ឱ្យដឹងថា មានច្បាប់ទម្លាប់ត្រឹមត្រូវទៅវិញ។គេមិនដឹងថា ហេតុអ្វីអាជ្ញាធរក្រុង និងមន្ទីរជំនាញឆ្លើយ ខុសគ្នា ។បញ្ហានេះគេមានការសង្ស័យថា ប្រហែលមានរឿងអាថ៌កំបាំងអ្វីហើយនៅខាងក្រោយខ្នងនៃការធ្វើអាជីវកម្មដីថ្មភ្នំនៅចំណុចខាងលើ។
ការធ្វើអាជីវកម្មដីថ្មភ្នំគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវបង្កឱ្យមនុស្សស្លាប់បែបនោះបានរងការរិះគន់ពីសំណាក់ពលរដ្ឋ ទៅលើក្រសួងរ៉ែ និងថាមពល ដែលមានការទទួលខុសត្រូវខ្ពស់បន្ទាប់មកអាជ្ញាធរខេត្តប៉ៃលិន ដែលចេញអាជ្ញាប័ណ្ណទៅឱ្យឈ្មួញនិងក្រុមហ៊ុនទៅហើយនោះគ្មានការតាមដានត្រូតពិនិត្យបច្ចេកទេសនោះឡើយពោលគេបណ្តែតបណ្តោយឱ្យឈ្មួញនិងក្រុមហ៊ុនធ្វើអាជីវកម្មដីថ្មភ្នំតាមតែអំពើចិត្ត ។ ករណីបាក់ដីថ្មភ្នំបានកើតឡើងម្តងរួចមកហើយនៅខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានខែកន្លងទៅនេះមានកម្មករ៣នាក់ត្រូវបានថ្មភ្នំធំបាក់សង្កត់ស្លាប់ខណៈដែលជនរងគ្រោះកំពុងធ្វើការបញ្ជាគ្រឿងចក្រកកាយថ្មភ្នំ។ បញ្ហានោះក៏ត្រូវគេមើលឃើញថា ដោយសារការធ្វើអាជីវកម្មថ្មភ្នំធំរបស់ក្រុមហ៊ុនខុសបច្ចេកទេសផងដែរ ។
ការធ្វើអាជីវកម្មគ្មានការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវនោះហើយត្រូវបានពលរដ្ឋលើកឡើងទៀតថា និងអាចកើតឡើងបង្កឱ្យមនុស្សស្លាប់ថែមទៀត បើសិនក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរដែនដីមិនពង្រឹងនៃការគ្រប់គ្រងផ្នែកបច្ចេកទេសឡើងវិញនោះ ៕ សំ វិច្ឆិកា