ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែក រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលការខុសត្រូវទាំងស្រុងដោយមិនឲ្យ ប្រជាពលរដ្ឋណាម្នាក់ មានការឈឺចាប់នោះទេ ។
ការបញ្ជាក់នេះគឺក្នុងខណៈ លោកដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះទៅពិនិត្យ ជាក់ស្តែងពីស្ថានភាពប្រឡាយ និងផលប៉ះពាល់នៃការបុកស៊ីផាយលើប្រឡាយបឹងត្របែក នៅរសៀលថ្ងៃទី១៣មីនានេះដើម្បីជម្រុញឲ្យការដ្ឋានបុកស៊ីផាយដំណើរការបានលឿន ស្របពេលដែលសំណង់ស្នាក់នៅ មិនរៀបរយរបស់ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសាររងផលប៉ះពាល់ទាំងស្រុង ដែលត្រូវឲ្យ រុះរើ ចេញជាបន្ទាន់នោះ ។
លោកប៉ា សុជាតិវង្ស ក្នុងឱកាសនោះបានណែនាំអោយអភិបាលខណ្ឌចំការមន ស្រង់ស្ថិតិអោយបានច្បាស់លាស់ចំពោះ រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែកនេះ ដោយលោកបញ្ជាក់ថា ផ្ទះដែលរងផលប៉ះពាល់ទាំងស្រុង អាជ្ញាធរខណ្ឌត្រូវអោយពួកគាត់រុះរើចេញ ទៅជួលផ្ទះគេស្នាក់នៅជាបណ្តោះអាសន្នសិន ហើយរាល់ការចំណាយលើសេវាជួលស្នាក់នៅជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញលុយអោយទាំងអស់ ។ លោកក៏បានបញ្ជាក់ដែរថា ក្រោយការដ្ឋាននេះបានបញ្ចប់ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយអោយផ្ទះប្រជាពលរដ្ឋនៅហ្នឹងតំបន់នេះ ដោយមិនយកបងប្អូនទៅណាឆ្ងាយឡើយ ។អ្វីដែលសំខាន់គឺប្រជាពលរដ្ឋត្រូវសហកាណ៍ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជម្រុញអោយការដ្ឋាននេះបានលឿនទៅតាមគម្រោងដែលមានគ្រោងទុក។
លោកបន្តថា ៖ ការងារដែលយើងធ្វើនេះគឺដើម្បីអភិវឌ្ឍន៏ប្រពន្ធ័ប្រឡាយដោះទឹក ហើយក៏ជាពេលវេលាសមស្របដែលយើងត្រូវធ្វើព្រោះជារដូវប្រាំង រួមទាំងការអភិរក្សប្រឡាយពីការរំលោភផងដែរ។
អាជ្ញាធរខណ្ឌចំការមនបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅតំបន់ប៉ះពាល់នេះត្រូវបានចែកចេញជា៣តំបន់។ទី១ បងប្អូនដែលរស់នៅតាមមាត់ប្រ ឡាយមានចំនួន៣៧៨ខ្នងផ្ទះ,ទី២៖អ្នករស់នៅមាត់បឹងមានចំនួន១៩៥ខ្នងផ្ទះ និងទី៣៖តំ បន់ក្នុងបឹងដែលមិនមានផ្ទះ តែត្រូវបានគេចាប់យកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនមាន១០០ក្បាលដី សរុបមាន៦៧៦ខ្នងផ្ទះ និងក្បាលដី។លោកបន្តថា ការអភិវឌ្ឍន៏ប្រឡាយបឹងត្របែក គឹមិនអាចពន្យាពេលតទៅទៀតបានទេ។អាងស្តុកទឹក និងប្រឡាយបឹងត្របែកខាងជើង និងខាងត្បូងដែលមានទំហំជាង៣០ហិកតា ត្រូវបានគេ ចាក់ដីរំលោភយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួននៅសល់មិនដល់១០ហិកតាផងមកដល់ពេលនេះ ផ្ទៃបឹងត្រូវបានគេចាក់ដីសង់សំណង់ផ្សេងៗ, រីឯផ្ទៃបឹងដែលនៅក្នុងទឹកត្រូវបានគេបោះ បង្គោលអង្កន់ជាឡូត៏រំលោភយកដោយមិនមានការកោតក្រែង និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់អាងស្តុកទឹក និងប្រពន្ធ័ប្រឡាយបង្ហូរទឹកដ៏សំខាន់១នេះនៅពេលផ្ទៃបឹងកាន់តែរួមតូច និងកាន់តែគោករាក់ជាបន្តបន្ទាប់ ដូច្នេះរដ្ឋបាលរដ្ឋធានីត្រូវតែមានវិធានការនិងរិះរកវិធីដើម្បីការពារបឹងនិងប្រឡាយនះអោយបានគង់វង្ស ដើម្បីទុកជាប្រយោជន៍សារធារណៈ ។
សូមបញ្ជាក់ថា ៖ ការដ្ឋានបុកស៊ីផាយនេះបានដំណើរការបុកបានប្រមាណជាង១០០ម៉ែត្រហើយ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទះទាំងស្រុងនៃការដ្ឋានបុកស៊ីផាយប្រឡាយបឹងត្របែកនេះប្រមាណ៣០០ខ្នងផ្ទះចាប់ពីផ្លូវលេខ៤៨៨ ដល់ស្ថានី បូមទឹកបឹងត្របែក ដែលមានប្រវែង៩៧៥ម៉ែត្រ ៕ សំរិត