ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើស​ជួញដូរ​​គ្រឿងញៀន​ ៖​ តុលាការ​ខេត្ត​កណ្ដាល​ លើក​លែង​ម្នាក់​ ,​ ផ្តន្ទា​ទោស​ម្នាក់​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ជនជាប់ចោទ​ពីរ​នាក់​ជា​គូ​សង្សារ​នឹង​គ្នា​តែ​មាន​ភ័ព្វសំណាង​ខុស​គ្នា​ ពោល​គឺ​ ម្នាក់​ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល​លើក​លែង​ការ​ចោទប្រកាន់​ រីឯ​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ ។

លោក​ សាយ​ សម្ផស្ស​សេរី​ ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​រសៀល​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ប្រកាស​សាលក្រម​លើកលែង​ការ​ចោទប្រកាន់​លើ​ជនជាប់ចោទ​ឈ្មោះ​ ឈិត​ ស្រីណា​ ភេទ​ស្រី​ អាយុ​១៦ឆ្នាំ​ និង​ ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ រិន​ សុធី​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​៦ខែ​ ។

យោង​ឯកសារ​ បង្ហាញ​ថា​ ជនជាប់ចោទ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”ប្រព្រឹត្ត​នៅ​ភូមិ​ដើម​គ​ សង្កាត់​ដើម​មៀន​ ក្រុង​តាខ្មៅ​ កាលពី​ថ្ងៃទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ។

ក្រោយ​ការ​សម្រេច​នេះ​ ជនជាប់ចោទ​ឈ្មោះ​ រិន​ សុធី​ ថ្លែង​ថា​ ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​មែន​ ហើយ​សង្សារ​ពុំ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទេ​ ៕ ចេស្តា


ចែករំលែក៖