ការវាយប្រហារតាមបណ្តាញ របស់ ប្រទេសមហាអំណាច អាមេរិក រុស្ស៊ី និង អឺរ៉ុបកំពុងតែកើតឡើងយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក។ រយៈពេលចុងក្រោយនេះមានការវាយប្រហារតាមប្រព័ន្ធអុីនធើណេត ទ្រង់ទ្រាយដ៏ធំកម្រមានមួយ ដែលប៉ះពាល់ដល់ស្ទើរតែគ្រប់ប្រទេសនៅទូទាំងពិភពលោកធ្វើឲ្យប្រមុខទីភ្នាក់ងារចារកិច្ចហុល្លង់បានទាញសញ្ញាអាសន្នថា ពិភពលោកយើងកំពុងប្រឈមមុខនឹងហានិភ័យដ៏ខ្ពស់ នៃការវាយប្រហារតាមប្រព័ន្ធអុីនធើណេត ដែលអាចនឹងបង្កឲ្យមានភាពចលាចលធ្ងន់ធ្ងរ។
គ្រប់ប្រទេសទាំងអស់ត្រូវតែប្រុងប្រៀបខ្លួន ក្នុងការទប់ទល់នឹងការគំរាមកំហែងខាងផ្នែកព័ត៌មានវិទ្យា។ នេះគឺជាការលើកឡើងរបស់លោកប្រមុខចារកិច្ចហុល្លង់ រ៉ប ប៊ែរ ថូលី ដែលបានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់នឹងការគំរាមកំហែងនេះ គេទាមទារចាំបាច់ឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល និងវិស័យឯក ជន។
កាលពីថ្ងៃទី២៨មិថុនាកន្លងមកនេះ អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បានប្រកាសពីការពង្រឹងការការពារសន្តិសុខផ្នែកអុីនធើណេត។ យោង តាមលោកStoltenberg សមាជិកអូតង់ចង់ឆ្លើយតបនឹងការវាយប្រហារអុីនធើណេត ក្នុងបែបផែនដូចជាប្រតិបត្តិការប្រឆាំងភេរវកម្ម ឬការឆ្លើយតបទៅនឹងការឈ្លានពានផ្សេងៗដូច្នោះដែរ។
ក្រោយ មានការវាយប្រហារទ្រង់ទ្រាយធំតាមអុីនធើណេត តាមរយៈមេរោគចាប់ ជំរិតប្រាក់ Petrwrap ដែលបានកើតឡើង តាំងពីថ្ងៃអង្គារមក ពេលនេះ ប្រទេសសមាជិកអង្គការអូតង់ចង់ចាត់វិធានការតបតជាទ្រង់ទ្រាយ ដូចប្រតិបត្តិការឆ្លើយតបការឈ្លានពាន ឬប្រតិបត្តិការកម្ចាត់ភេរវកម្មដែរ។ ការវាយប្រហារតាមអុីនធើណេតអាចជំរុញឲ្យមានដំណើរការមាត្រាទី៥ នៃសន្ធិ សញ្ញាស្ថាបនិកសម្ពន្ធអូតង់។ មាត្រា៥នៃ សន្ធិសញ្ញានេះចែងថា ប្រទេសសមាជិក អូតង់ ត្រូវជួយប្រទេសជាសម្ពន្ធមិត្តដែល រងការឈ្លានពាន។
អគ្គលេខាធិការ អង្គការអូតង់ លោក Jens Stoltenberg លើកឡើងថា ការវាយប្រហារតាមអុីនធើណេតដោយមេរោគជំរិតប្រាក់ដូចជា Wannacry កាលពីខែឧសភា ឬក៏មេរោគPetrwrap ដែលកំពុងកើតឡើង ក្នុងសប្តាហ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងការការពារសន្តិសុខតាម អុីនធើណេត ហើយអង្គការអូតង់នឹងសហការកាន់តែជិតស្និទ្ធជាមួយសម្ពន្ធមិត្ត ទាំងអស់គ្នា។ បើយោងតាមលោក Jens Stoltenberg ក្នុងវិស័យយោធារបស់អូតង់ អូតង់ធ្វើសកម្មភាពការពារតាមដែនគោក ដែនអាកាស ឬក៏ផ្លូវទឹក ដូច្នេះអូតង់ក៏មាន សកម្មភាព មានប្រតិបត្តិការការពារតាម ប្រព័ន្ធអុីនធើណេតដែរ ៕ ម៉ែវ សាធី