ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ៖ រុះផ្ទះដូនតាដុត ស្ងោរពងទាមួយគ្រាប់ ?

ចែករំលែក៖

កណ្តុមឆែប កង្កែបឆា! ហេតុតែនាយជាល គ្មានប្រាក់និងពេលវេលាគ្រប់គ្រាន់ក្នុងការដើរកម្សាន្តនៅរមណីយដ្ឋានប្រវត្តិសាស្រ្ត បូកគោ ដូចគេ ពេលនេះទើបដឹងថា រមណីយដ្ឋានមួយនេះត្រូវម្ចាស់អភិវឌ្ឍន៍កែប្រែឈ្មោះជាឯកច្ឆន្ទដោយមិនជូនដំណឹងឲ្យអាជ្ញាធរមូលដ្ឋាន ឬ រាជរដ្ឋាភិបាលដឹង ដោយដូរឈ្មោះពី រមណីយដ្ឋាន ឋានសួគ៌បូកគោ ទៅជា សុខា ឋានសួគ៌ ទៅវិញ ។

នាយជាលឆ្ងល់ថា ហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំបូកគោ ថ្លើមធំហ៊ាន ផ្លាស់ ប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ? តើមានគោលបំណងអ្វី? ឬមួយគេចង់កែ ប្រែប្រវត្តិសាស្រ្តឲ្យក្មេងជំនាន់ក្រោយវង្វេង ? ឬក៏ចង់ឲ្យក្លាយទៅជា …

នាយជាលមិនយល់ ហើយរឹតតែឆ្ងល់ ព្រោះបើតាមនាយជាលដឹងប្រវត្តិសាស្រ្តខ្លះៗនោះ គឺឧទ្យានជាតិភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំងមួយឈ្មោះថា រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។

កាលនោះអតីតព្រះមហាក្សត្រខ្មែរក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្សព្រះអង្គ តែងយាងទៅលំហែព្រះកាយនៅទីនោះ ហើយរហូតព្រះអង្គព្រះឈួននិងសោយទិវង្គត នៅព្រះរាជតំណាក់លើភ្នំបូកគោ ថែមទៀតផង។នៅក្នុងសម័យសង្គមរាស្ត្រនិយម មានសំណង់អគារសាធារណៈជាច្រើនប្រៀបដូចជាទីក្រុងមួយដ៏អស្ចារ្យក្នុងឋានសួគ៌កប់ពពក រឿងអីចង់លប់បំបាត់កេរ្តិ៍ឈ្មោះប្រវត្តិសាស្រ្ត ?

នៅឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានប្រគល់ជូនក្រុមហ៊ុនធំមួយរបស់លោកឧកញ៉ា សុខ គង់ ដែលគ្រប់គ្រងហ៊ុនជាច្រើនទៀតដូចជា ក្រុមហ៊ុនប្រេង សូគីម៉ិច សុខា អូតែល ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត ជាដើម។ល។ និងចុងក្រោយធ្វើការអភិវឌ្ឍន៍ភ្នំបូកគោនេះឯង ។

នាយជាល សូមគាំទ្រការអភិវឌ្ឍរបស់អស់លោកឧកញ៉ា តែសូមកុំអាងមានលុយមកកើបពីស្រុកខ្មែរហើយ បំផ្លាញបំបាត់កេរ្តិ៍ឈ្មោះតំណែលដូនតាខ្មែរទៀត។ កុំធ្វើឲ្យរាស្ត្រទឹកភ្នែក ព្រោះតែប្រយោជន៍លាភសក្ការៈផ្ទាល់ខ្លួន ដើរបំផ្លាញអ្នកដ៏ទៃវាមិនល្អទេ ! ហេតុអី មករុះផ្ទះដូនតាខ្ញុំយកទៅធ្វើអុសដុតគ្រាន់តែស្ងោរពងទាមួយគ្រាប់យ៉ាងនេះ ? បើមកអភិវឌ្ឍន៍ ដុតកម្ទេចកេរិ៍្តតំណែលដូនតា ចង់សាងឈ្មោះខ្លួនឯងឲ្យល្បីលើគំនរដានចាស់ដដែលមិនបាច់ក៏បានដែរ ៕ នាយជាល

 


ចែករំលែក៖