ប្រជាពលរដ្ឋក្រុងបានលុង ខេត្តរតនគិរីកំពុងខ្វល់ខ្វាយនឹងបញ្ហាសំខាន់ពីរ ដែលអាជ្ញាធរជាអាណាព្យាបាលពួកគាត់ធ្វើមិនដឹង មិនឮ ឬមិនដោះស្រាយឲ្យតែម្តងនោះគឺបញ្ហាសំរាម និងទឹកស្អាត។ សំរាមត្រូវបានគរស្ទើរក្លាយជាកូនភ្នំអស់រយៈពេលរាប់ខែ តាំងពីក្រោយភ្ជុំមកម្ល៉េះ។ គេមិនឃើញអាជ្ញាធរក្រុងបានលុងគិតគូរខ្វល់ខ្វាយដោះស្រាយបញ្ហាសំរាមនេះឡើយ។ រីឯបញ្ហាទឹកស្អាតក៏កំពុងក្លាយជាចំណោទសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះដែរ។ ទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងប្រែជាល្អក់ឡើងពណ៌ក្រហម ក៏គ្មានឃើញអាជ្ញាធរណាចាត់ការសួរនាំក្រុមហ៊ុននោះដែរ។
ប្រជាពលរដ្ឋក្រុងបានលុងនិយាយថា បញ្ហាសំរាម និងទឹកស្អាតនេះគឺឆ្លុះបញ្ចាំងពីសមត្ថភាពថ្នាក់ដឹកនាំក្រុង ដែលព្រងើយកន្តើយចំពោះការលំបាករបស់ប្រជាពលរដ្ឋ។ បញ្ហាដែលអូសបន្លាយអស់រយៈពេលរាប់ខែនេះ គួរតែត្រូវបានដោះស្រាយដោយអាជ្ញាធរក្រុងឬថ្នាក់ដឹកនាំខេត្ត។ ប៉ុន្តែគេមិនដែលឃើញថ្នាក់ដឹកនាំក្រុងបានលុង ក៏ដូចជាថ្នាក់ដឹកនាំខេត្តរតនគិរីឈឺឆ្អាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះឡើយ។ សំរាមនៅតែគរដូចកូនភ្នំ ហើយមន្ត្រីថ្នាក់ដឹកនាំក្រុង-ខេត្តដែលជិះរថយន្តទំនើបៗ បានត្រឹមយកដៃខ្ទប់ច្រមុះពេលជិះកាត់គំនរសំរាមនោះម្តងៗ។ គេមិនដឹងថា តើបញ្ហាលំបាករបស់អាជ្ញាធរក្រុងបានលុងមានអ្វីខ្លះនោះទេចំពោះការដែលត្រូវសំអាតសំរាមនេះ។
ប្រជាពលរដ្ឋក្រុងបានលុងនិយាយឲ្យអាក្រក់ស្តាប់បន្តិចថា ផ្ទះថ្នាក់ដឹកនាំក្រុងបានលុង ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក៏មិនខុសពីស្ថានភាពគំនរសំរាមនៅកណ្តាលក្រុងបានលុងសព្វថ្ងៃនេះដែរ។ ទំនងជានៅភូមិគ្រឹះរបស់គាត់ ក៏មានសំរាមស្អុយរលួយតាំងពីមុខផ្ទះដល់កន្ទុយផ្ទះយ៉ាងនេះដែរ។ ប្រជាពលរដ្ឋនិយាយថា អ្នកដែលគេចេះស្អាតបាត គឺមិនបណ្តោយឲ្យមានសំរាមគរយ៉ាងនេះទេ។ មិនតែប៉ុណ្ណោះ អ្នកខ្លះអះអាងថា មើលតែបញ្ហាសំរាមក្នុងក្រុងបានលុង ក៏អាចឆ្លុះបញ្ចាំងដល់ស្ថានភាពរស់នៅរបស់ថ្នាក់ដឹកនាំក្រុង-ខេត្តនេះបានដែរ។ លំនៅឋានរបស់ថ្នាក់ដឹកនាំក្រុងបានលុង-ខេត្តរតនគិរី ទំនងជាដូចបញ្ហាសំរាមនេះអីចឹង គឺផ្ទះរបស់ពួកគាត់ ងើបពីដេក សូម្បីភួយក៏មិនបត់… អាចម៌មាន់ជាន់អាចម៌ទាស្អុយពេញផ្ទះ… ក៏លោកមិនខ្វល់។ ចានបានរាយពីមុខជណ្តើរដល់ចង្ក្រានបាយ… ។ គេអាចមើលឃើញពីចរិតថ្នាក់ដឹកនាំតាមរយៈសកម្មភាព និងរូបភាពទាំងនេះ៕ ប្រជាពលរដ្ឋក្រុងបានលុង