ព័ត៌មានទាន់ហេតុការណ៍៖

លោក ឯម ច័ន្ទមករា៖ កាដូរពិសេសរបស់រដ្ឋមន្រ្តី ជា សុផារ៉ា ធ្វើឲ្យជនពិការសប្បាយរីករាយបិទមាត់មិនជិត

ចែករំលែក៖

ភ្នំពេញ៖ នៅប៉ុន្មាននាទីក្រោយ ទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ដែលរៀបចំធ្វើកាលពីម្សិលមិញនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតមួយដោយស្នើទៅកាន់ អភិបាលរាជធានី-ខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានការសម្រួលពិសេសសម្រាប់ជនពិការ។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជំនួសមុខឱ្យ លោក វង សូត ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញមុខសំដែងការសាទរ និងអរគុណដល់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញលិខិតដ៏មានអត្ថន័យមួយនេះ ដោយបង្ហាញការយកចិត្តទូកដាក់ជនពិការ ក្នុងវិស័យពិការភាព។

លោក ឯម ច័ន្ទមករា តំណាងឲ្យជនពិការទូទាំងប្រទេស បានចាត់ទុកថា សកម្មភាពរបស់ លោក ជា សុផារ៉ា នាពេលនេះ ប្រៀបដូចជា កាដូរពិសេសមួយ ធ្វើឲ្យជនពិការសប្បាយរីករាយបិទមាត់មិនជិត និងសប្បាយរីករាយយ៉ាងខ្លាំង។

ថ្លែងប្រាប់សារព័ត៌មាន នៅមុននេះបន្តិច នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ លោក លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា « ឯកឧត្តម ជា សុផារ៉ា ជាទីគោរព! ជំនួសមុខឱ្យក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឯកឧត្តម វង សូត ជាប្រធាន និងក្នុងនាមខ្ញុំបាទជាអគ្គលេខាធិការ ពិតជាមានមោទនភាព និងការស្ងើចសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះការដូពិសេសរបស់ឯកឧត្តមលើការចូលរួមកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព បន្ទាប់ពីការប្រារព្ធទិវាជនពិការកម្ពុជានិងអន្តរជាតិ កាលពីម្សិលមិញនេះ។

ការចេញសេចក្តីណែនាំដល់ អភិបាលនៃគណៈអភិបាលនិងជាប្រធានគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានីខេត្ត ក្រោមឱវាទ អំពីការធានាសុវត្ថិភាព សុខមាលភាព និងភាពងាយស្រួលសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការ គឺការបង្ហាញអំពីសក្តិភាពនៃការយកចិត្តទុកដាក់ពីឯកឧត្តម ក្នុងការឈានទៅសម្រេចឱ្យខាងតែបាននូវការអនុវត្តផែកការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព អនុសញ្ញាស្តីពិសិទ្ធិជនពិការ ព្រមទាំងយុទ្ធសាស្ត្រ អុីឈាន់ធ្វើឱ្យសិទ្ធិក្លាយជាការពិត ដែលនេះក៏ជាបំណងប្រាថ្នាចង់បានពីជនមានពិការកម្ពុជាផងដែរ។ សូមគោរពជូនពរឯកឧត្តមរដ្ឋមន្ត្រី សូមសម្រេចបានកិច្ចការងារថ្មីៗទៀតដើម្បីជាប្រយោជន៍ដល់សង្គមកម្ពុជាយើងដោយក្តីគោរព!»។

គួរបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយដោយស្នើទៅកាន់ អភិបាលរាជធានី-ខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានការសម្រួលពិសេសសម្រាប់ជនពិការ។ លិខិតរបស់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើឡើង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងឱកាសទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់នៅក្នុងលិខិតដែលផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត និង គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្តយ៉ាងដូច្នេះថា៖ «ដើម្បីធានាសុវត្ថិភាព សុខមាលភាព និងភាពងាយស្រួលសម្រាប់មនុស្សទាំងអស់គ្នា ជាពិសេសកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ថ្នាក់ជាតិស្នើសុំ ឯកឧត្តម លោកជំទាវ ចាត់ចែងឱ្យមានគេហដ្ឋានរចនាសម្ព័ន្ធកន្លែង បរិក្ខា និងសេវា សម្រាប់ជនពិការគ្រប់ប្រភេទដូចជា ការរៀបចំផ្លូវជម្រាល ផ្លូវដើរ ជណ្តើរ បង្កាន់ដៃ សុវត្ថិភាព ភ្លើងសញ្ញា ស្លាកសញ្ញា និងបរិក្ខាជំនួយសុវត្ថិភាពផ្សេងៗ សម្រាប់ជនពិការ ចំពោះរាល់គម្រោងជាអាទិ៍៖
* គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំណង់ផ្តល់សេវាជូនសាធារណជន និងលំហរសាធារណៈដូចជា បណ្តាញផ្លូវ ផ្លូវថ្មើជើង ចញ្ចើមផ្លូវ សួនច្បារ ចំណតយានយន្ត ស្ថាននីយ៍រថភ្លើង ព្រលានយន្តហោះ អាគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព។

* គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់បុរី លំនៅឋាន សណ្ឋាគារ ភោជនីយ៍ដ្ឋាន ផ្សារ រោងចក្រ និងអគារឯកជនផ្សេងៗទៀត។

សូមបញ្ជាក់ថា តាមការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤
របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ បានបង្ហាញថា អត្រាជនពិការមានចំនួន ៥២៤, ០០០នាក់ ស្មើនឹង ៤% នៃប្រជាជនសរុប ១៤,៦៧៦,៥៩១នាក់។

បន្ថែមពីលើនេះ លោក ឯម ច័ន្ទមករា សង្ឃឹមថា ក្រសួងស្ថាប័នដទៃទៀត និងមានការស្នើឲ្យអភិបាលរាជធានី-ខេត្តចំណុះរបស់ក្រសួង ស្ថាប័ននោះយកចិត្តទុកដាក់ និងចូលរួមចំណែកជួយសម្រូលដល់ជនពិការ ឲ្យដូចគ្នាទៅនឹងលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលនេះ ដែលបានបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្លាំងដល់ជនពិការ នៅក្នុងវិស័យពិការភាព៕សុខ ខេមរា


ចែករំលែក៖