ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិៈ នយោបាយជាដំបូងរបស់លោកត្រាំ កំពុងធ្វើឲ្យតំបន់សេដ្ឋកិច្ចសំខាន់លើពិភពលោកធ្លាក់ទៅលើចិន

ចែករំលែក៖

រដ្ឋបាលរបស់លោកត្រាំ ដែលដឹកនាំផ្តោតសំខាន់តែទៅលើអាមេរិកខ្លួនឯងនេះ កំពុងធ្វើឲ្យសម្ពន្ធមិត្ត របស់ខ្លួនងាកចេញ ទៅរកប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅលើពិភពលោក និងឈរលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីអាមេរិក។

ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ក៏ ងាកទៅរកប្រទេសចិន ក្នុងការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចក្រោយពេល លោកត្រាំទាមទារឲ្យមានភាពស្មើគ្នានៅក្នុងវិស័យពាណិជ្ជកម្ម ។កន្លងមកលោកត្រាំបានប្រកាសថា ការនាំទំនិញពីអាមេរិក ចូលអឺរ៉ុប គឺត្រូវបង់ ពន្ធ ចំណែកការនាំចូលពីអឺរ៉ុបទៅអាមេរិក បែរជាមិនបង់ពន្ធទៅវិញ នេះជារឿងមិន ស្មើភាពនោះឡើយ។

ក្នុងរយៈពេល១ឆ្នាំនៃការកាន់អំណាច លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរការ យល់ឃើញរបស់តំបន់អាស៊ី មកលើសហ រដ្ឋអាមេរិក ហើយសូម្បីតែសម្ពន្ធមិត្ត ដែលជាមូលដ្ឋានគ្រឹះនៃអំណាចអាមេរិកនៅ អាស៊ី ដូចជាជប៉ុន អូស្ត្រាលី និងកូរ៉េខាង ត្បូង ក៏បានបាត់បង់ជំនឿបន្តិចបន្តួច លើ ទីក្រុងវ៉ាស៊ីនតោនផងដែរ ។

ដោយសារតែគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ «America First» វាកំពុងធ្វើឱ្យតួនាទី និងឥទ្ធិពល អាមេរិកនៅក្នុងតំបន់ ចាប់ផ្ដើមរង្គោះរង្គើ ខណៈចិននឹងចាប់យកឱកាសនេះ ក្ដោបក្ដាប់ តំបន់អាស៊ី។ «គឺនៅឱកាសខួបលើកទី ១០០ នៃគណបក្សកុម្មុយនីស្ដចិននៅខែ កក្កដា ឆ្នាំ២០២១ ខ្ញុំគិតថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងប្រកាសប្រាប់ប្រជា ជនរបស់លោកថា ចិនបានក្លាយជាមហា អំណាចគ្រប់គ្រងតំបន់អាស៊ី»។

បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ គឺជាចំណុចប្រទាញប្រទង់រវាងសហរដ្ឋអាមេរិក នឹង ចិន។ ជាឧទាហរណ៍នោះ គឺការប្រជែងគ្នាដណ្ដើមគ្រប់គ្រងតំបន់សមុទ្រចិនខាង ត្បូង ជាទីដែលទីក្រុងវ៉ាស៊ីនតោន កំពុងគំាទ្របណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ ដែលជាភាគីជម្លោះជាមួយចិន ដូចជាវៀត ណាម ឥណ្ឌូណេស៊ី ហ្វុីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ។ ក៏ប៉ុន្តែចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិកុមក ភាពតានតឹង ហាក់ដូចជាធូរស្រាល ខណៈទីក្រុងវ៉ាស៊ីន តោន និងទីក្រុងប៉េកាំង ផ្ដោតសំខាន់តែ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។

ចំណែកឯ លោក Ian Storey មកពីវិទ្យា ស្ថាន ISEAS Yusof Ishak យល់ថា ចិនបានកាត់បន្ថយការពង្រីកសកម្មភាពរបស់ខ្លួនមួយរយៈ នៅសមុទ្រចិនខាងត្បូង នៅអំឡុងពេលបានវិបត្តិកូរ៉េខាងជើងពិតមែន ប៉ុន្តែ ទន្ទឹមគ្នានោះទីក្រុងប៉េកាំង ក៏បានចាប់ យកឱកាសនេះបន្តតម្លើងប្រព័ន្ធរ៉ាដា និង បរិក្ខារយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។

ដោយឡែកនៅតំបន់អាស៊ីភាគខាង កើត អំណាចដ៏សំខាន់របស់សហរដ្ឋអាមេ រិក ទាំងការទូត និងយោធាកំពុងផ្ដោត សំខាន់លើតំបន់ឧបទ្វីបកូរ៉េ។ កាលពី ឆ្នាំ២០១៧ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានផលិតដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីប ICBM មានសមត្ថភាពបាញ់ដល់ដី គោកអាមេរិក ហើយនេះបានបង្កទៅជា សង្រ្គាមពាក្យសម្ដីជាបន្តបន្ទាប់រវាង លោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន ដោយម្ខាងថា នឹងកម្ទេចភាគីម្ខាងទៀតឱ្យក្លាយជាផេះ រីឯម្ខាងទៀតថា នឹងប្រឹងអភិ​វឌ្ឍអាវុធនុយក្លេអ៊ែររហូតដល់សម្រេច គោលដៅ។

ប៉ុន្តែសង្រ្គាមពាក្យសម្ដីនេះ បានធ្វើឱ្យអ្នកជំនាញការជាច្រើនមើលឃើញពីទង្វើអសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ តួយ៉ាង លោក John Park ជានាយកក្រុម ការងារកូរ៉េ នៃសាលា Harvard Kennedy School បានលើកឡើងដូច្នេះថា «វិបត្តិ នុយក្លេអ៊ែរកូរ៉េខាងជើងបច្ចុប្បន្ន កំពុង បង្ហាញយ៉ាងច្បាប់ថា សហរដ្ឋអាមេរិក ត្រូវធ្វើអ្វីម្យ៉ាងដើម្បីបង្កើនអំណាចរបស់ខ្លួន ​ដើម្បីបញ្ឈប់កូរ៉េខាងជើងពីការធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរ»។

យ៉ាងណាក៏ដោយ ស្របពេលដែល អន្តរជាតិ និងសហរដ្ឋអាមេរិកកំពុងផ្ដោតសំខាន់លើតំបន់ឧបទ្វីបកូរ៉េនោះ ខាងចិន វិញអាចនឹងធ្វើតេស្ដពីឥទ្ធិពលអាមេរិក តាមរយៈចំណុចប្រទាញប្រទង់ដាច់ដោយ ឡែកពីគ្នានៅក្នុងអាស៊ីខាងកើត។ ជាក់ ស្ដែងនៅក្នុងសុន្ទរកថា នៅឯសមាជលើក ទី១៩ នៃបក្សកុម្មុយនីស្ដចិន កាលពីខែ តុលាកន្លងទៅ លោក ស៊ី ជីនពីង បាន និយាយថា ការបង្រួប បង្រួមតៃវ៉ាន់ជាមួយ​ចិនដីគោក គឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ចិន ហើយនៅដើមឆ្នាំ២០១៨នេះ ទៀតសោត ទីក្រុងប៉េកាំងបានធ្វើតេស្ដ ប្រតិកម្មអាមេរិកថ្មីមួយទៀត តាមរយៈ ការ ប្រកាសបើកផ្លូវអាកាសថ្មីមួយ នៅច្រក សមុទ្រតៃវ៉ាន់ ដោយមិនបានពិគ្រោះជា មួយរដ្ឋាភិបាលទីក្រុងតៃប៉ិឡើយ។

«រឿងមួយដែលសំខាន់ មិនអាចផ្លាស់ ប្ដូររបស់ចិន នោះគឺតំណែងរបស់តៃវ៉ាន់… ពួកគេតែងតែគិតថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន… ដូច្នេះនៅពេលដែលចិន មានឥទ្ធិពល និងកាន់តែរឹងមំា ហើយសហ​រដ្ឋអាមេរិកចុះទន់ខ្សោយ នោះទីក្រុងប៉េកាំងនឹងធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ»។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យមកពី University of Hong Kong លោក Xu Guoqi។

នៅពេលនេះសូម្បីតែសម្ពន្ធមិត្តដ៏សំខាន់របស់អាមេរិក នៅអាស៊ីភាគខាងត្បូងគឺ ឥណ្ឌា ក៏បង្ហាញការមិនពេញចិត្តចំពោះ អាមេរិកនោះដែរ។ នៅក្នុងឆ្នាំ២០១៨នេះ ឧត្ដមសេនីយ៍ឥណ្ឌា លោក Bipin Rawat បាននិយាយជាសាធារណៈថា បច្ចុប្បន្នជា ពេលដែលឥណ្ឌា ត្រូវផ្លាស់ប្ដូរវិស័យការពារជាតិរបស់ខ្លួន ដោយផ្ដោតសំខាន់លើព្រំ ដែនខាងជើងជាប់ជាមួយចិន។ លោក Rawat បានគូសបញ្ជាក់ក្នុងទីក្រុងញូវដេលី កាលពីថ្ងៃទី១២ ខែមករាដូច្នេះថា «ឥណ្ឌាមានសមត្ថភាពដោះស្រាយជាមួយចិន ហើយដ្បិតតែចិនជាមហាអំណាចមួយ តែយើងក៏មិនមែនជាប្រទេសទន់ខ្សោយដែរ»។ ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Bharat Karnad ជាសាស្ត្រាចារ្យស្រាវជ្រាវម្នាក់មកពី វិទ្យាសា្ថនស្រាវជ្រាវ គោលនយោបាយ ក្នុងទីក្រុងញូវដេលី បានអះអាងថា ការលើកឡើងរបស់ លោក Bipin Rawat ពិតជាមានសារសំខាន់ និង គួរតែនិយាយជាយូរមកហើយ។

លោក Karnad កត់សម្គាល់យ៉ាង ដូច្នេះថា «យើងគួរតែផ្លាស់ប្ដូរយោធារបស់ យើង ដោយផ្តោតពីប៉ាគីស្ថាន ងាកទៅរក ចិនវិញ ហើយនេះជារឿងដែលយើងត្រូវធ្វើកាលពីជាង ៣០ឆ្នាំមុនមកម៉្លេះ»។ មួយ វិញទៀត បើតាមសាស្ត្រាចារ្យរូបនេះ ឥណ្ឌា និងប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជា ជប៉ុន បាននិងកំពុងចាត់ទុកថា សហរដ្ឋ អាមេរិកកំពុងអស់ឥទ្ធិពល ហើយក៏មិន អាច ពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក ឲ្យជួយការពារដូចពេលមុនៗទៀតដែរ៕ ម៉ែវ សាធី

 


ចែករំលែក៖