ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ក្រុង ​បញ្ជូន​ក្រុមចោរឆក់ ប្លន់​យ៉ាងសកម្ម៣នាក់ នៅ​តំបន់​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោកទៅតុលាការ

ចែករំលែក៖

ភ្នំពេញៈ ​ក្រុមចោរឆក់ ប្លន់​យ៉ាងសកម្ម៣នាក់ ដែល​ប៉ាវ​ផ្តាច់​នៅតំបន់​ខណ្ឌ​សែន​សុខ និង​ខណ្ឌទួលគោក ហើយតែងតែ​ធ្វើ​សកម្មភាព​ឆក់ និង​ភ្ជង់​ប្លន់ ដោយប្រើ​កាំភ្លើង​បាញ់​គ្រាប់ឃ្លី ប្លន់យក​ទ្រព្យសម្បតិ​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ជា​ញឹកញាប់នោះ ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ កាលពីថ្ងៃព្រហស្បត៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។

គួររំលឹកផងដែរថា មុនពេល​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​ទាំង៣នាក់​នេះ គឺ​កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​រាយការណ៍​ទៅកាន់​​ឧ​ត្ត​ម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង ​មេបញ្ជាការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដោយ​ប្រាប់ថា រូបគាត់​ឃើញ​ក្មេងស្ទាវ២នាក់ ជិះ​ម៉ូតូ១គ្រឿង បាន​យក​កាំភ្លើង​ភ្ជង់​ក្រុមក្មេងស្ទាវ​ផ្សេងទៀត នៅ​ចំណុច​ផ្លូវ​រថភ្លើង ម្តុំ​ត្រឡោកបែក ផ្លូវ​លេខ៥៩៨ ព្រុំប្រទល់ខណ្ឌទួលគោក និងខណ្ឌសែនសុខ ។

ភ្លាមនោះ​​ឧ​ត្ត​ម​សេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាកម្លាំងចេញ​ប្រតិបត្តិការ ចុះបង្ក្រាប​ក្មេងស្ទាវ​ទាំងនោះ​ជាបន្ទាន់ ពេល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទៅដល់ ចំណុចមុខ​សួន​ធម្មជាតិ​ផ្លូវ​លេខ៥៩៨ ក៏​បានឃើញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ រួមជាមួយ​ប្រជាពលរដ្ឋ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង២នាក់ ដោយ​ដកហូត​កាំភ្លើងខ្លី១ដើម ម៉ា​កឡុក ១៧ បាញ់​គ្រាប់ឃ្លី មាន​បង់១ គ្រាប់៧គ្រាប់ ក៏​ទទួល​យកមក​សាកសួរ ។

ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ សែន ពន្លឺ អាយុ១៨ឆ្នាំ មុខរបរ​និស្សិត និង​ទី២.ឈ្មោះ តាំង សា​រ៉ា​រិទ្ធី អាយុ១៥ឆ្នាំ មុខរបរ​សិស្ស បាន​សារភាពថា នៅ​ថ្ងៃ​ចាប់ខ្លួន រូបគេ​ទាំង២នាក់នោះ គឺពួកគេបានធ្វើ​សកម្មភាព​ឆក់ និង​ភ្ជង់​ប្លន់​យក​ទូរស័ព្ទដៃ​ព្រមទាំង​សម្ភារ​មានតម្លៃ​ផ្សេងទៀត ពី​ប្រជាពលរដ្ឋ តែ​ចៃដន្យ​ទៅដល់​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ស្រាប់តែ​ឃើញ ក្រុមចោរឆក់​មួយក្រុម​ផ្សេងទៀត មាន​គ្នា៤ម៉ូតូ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ ក្នុង​តំបន់​របស់ខ្លួន ទើប​ពួកគេ​ទាំង២នាក់ ដេញតាម​វាយ និង​ដក​កាំភ្លើង​ភ្ជង់ គម្រាម​ក្រុមចោរឆក់​ទាំងនោះ កុំ​ឲ្យ​រកស៊ី​ក្នុង​តំបន់​របស់ខ្លួនទៀត ហើយ​ក្រុមចោរឆក់​ទាំងនោះ ក៏បាន​រត់គេចខ្លួន​បាត់អស់ទៅ ។ ខណៈនោះស្រាប់តែ​កម្លាំង​អាវុធហត្ថដែលកំពុងអន្តរាគមន៍នៅក្បែរនោះ​ក៏​ស្ទាក់ និង​ចាប់ខ្លួន​ពួកគេបានទាំង២នាក់​តែម្តង ។ លុះនៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ មាន ធារ៉ា អាយុ១៦ឆ្នាំ មុខរបរ​សិស្ស ដែល​តែង​ធ្វើ​សកម្ម​ភា ឆក់ ប្លន់​ជាមួយ​ជនសង្ស័យ​ទាំង២នាក់​ខាងលើ។

ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដកហូត​កាត​ឥណទាន​ចំនួន៣សន្លឹក និង​លិខិតឆ្លងដែន(ប៉ាស្ព័រ) ចំនួន២ច្បាប់។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ម្ចាស់​កាត​និង​ប៉ាស្ព័រ មក​ទទួលយក​សម្ភារ​ខ្លួន​វិញ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ ឬ​ទំនាក់ទំនង​តាមរយៈ ទូរស័ព្ទ​លេខ៖ 012 66 77 98 / 096 766 77 98 / 097 766 77 98 ៕ ស តារា


ចែករំលែក៖