ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តខាងមុខបណ្ដាលឲ្យបុរសម្នាក់ និងព្រះសង្ឃ១អង្គរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូឌុបព្រះសង្ឃមួយអង្គបោះពួយយ៉ាងលឿនជែងម៉ូតូមួយគ្រឿងទៀតនៅខាងមុខ ជ្រុលទៅបុករថយន្តបើកនៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ និងព្រះសង្ឃមួយអង្គទទួលរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរចារណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ៤៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៣៥_៣៦ ស្ថិតក្នុងភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ឈ្មោះ ទ្រីម ផានិត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាក CLICK ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1F-4220 មានព្រះសង្ឃមួយអង្គជាអ្នករួមដំណើរព្រះនាម ស៊យ សុភាព ព្រះជន្ម៣៥ឆ្នាំ គង់នៅវត្តសំរោង ឃុំនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(រងបួសធ្ងន់) ។ ចំណែករថយន្តម៉ាកNISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-8944 បើកបរដោយឈ្មោះ ហុង គីមសេង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់ជ័យជំនះ ខណ្ឌដូចពេញ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូហុងដាCLICKដោយមានឌុបព្រះសង្ឃមួយអង្គធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានបន្ថែមល្បឿនជែងម៉ូតូមួយគ្រឿងបើកនៅខាងមុខ តែមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូរួមទាំងព្រះសង្ឃមួយអង្គទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរួមទាំងព្រះសង្ឃត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកពញាឮ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖