ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈពលរដ្ឋ៖ លទ្ធិប្រជាធិបតេយ្យក្នុងបរិបទសភាឯកបក្ស

ចែករំលែក៖

សមាសធាតុនៃលទ្ធិប្រជាធិបតេយ្យ គឺផ្សំឡើងដោយធាតុសំខាន់យ៉ាងតិច៤ គឺសន្តិភាព ការអភិវឌ្ឍ​​​​ សេដ្ឋកិច្ច ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតតាម​លក្ខណៈ​សេរីពហុបក្ស។​ ក្នុងន័យនេះ តើកម្ពុជាស្ថិតនៅក្នុងកម្រិតបែបណានៃធាតុផ្សំទាំង៤នេះ?

លទិ្ធប្រជាធិបតេយ្យមិនអាចត្រូវលើកកម្ពស់បានទេ នៅទីណាដែលមានការបង្ហូរ​ឈាមតាមរយៈ​ចុង​អាវុធ ហើយកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលនេះ រហូតដល់សង្គ្រាមត្រូវបាន​បញ្ចប់។ អ្វីដែលជាបំណង ប្រាថ្នាដំបូងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា គឺសន្តិភាព ហើយសន្តិភាពនេះបាននិង​កំពុង​​ចាក់​ឬសក្នុងសង្គម កម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។

បន្ទាប់ពីចប់សង្គ្រាម កម្ពុជាបានរងផលប៉ះពាល់ជាបន្តបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចតំបន់និង​ពិភពលោក ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជាទទួល​បាន​កំណើន ក្នុងរង្វង់៧%ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលធនាគារអភិវឌ្ឍ​អាស៊ី​បានចាត់ទុកថាជា​ប្រទេសមួយ មានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅតំបន់អាស៊ី និងត្រូវបាន​ប្រសិទ្ធិនាម​​ថាជាខ្លាសេដ្ឋកិច្ចថ្មី​នៅអាស៊ីទៀតផង។ ដោយសារការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះ​ ធ្វើឱ្យជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែល្អប្រសើរជាបន្តបន្ទាប់ ធៀបនឹង ២០ឆ្នាំ ១០ឆ្នាំ ឬ៥ឆ្នាំមុន។

ភាពប្រសើរឡើងនៃ​ជីវភាពរស់នៅ​​របស់​ប្រជាពលរដ្ឋបានធ្វើអោយពួកគេងាកមកយកចិត្តទុកដាក់លើ ការងារ អប់រំ ការអត់ឱន​អធ្យាស្រ័យគ្នា​នៅក្នុង​សង្គម និងការគិតគូរអនុវត្តច្បាប់ជាធំ ដែលជាការរួមចំណែក ដល់ការពង្រឹង​​លទ្ធិប្រជាធិបតេយ្យ​ឱ្យកាន់​តែ​រឹងមាំ។

ប្រជាពលរដ្ឋចម្រុះពណ៌សម្បុរ មិនថាមានសញ្ជាតិកម្ពុជា ឬបរទេសទេ ដែលកំពុងរស់នៅកម្ពុជា មាន សិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់ដោយគ្មានការរើសអើង។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកបមុខរបរ ដោយគ្មាន ការរឹតត្បឹត ឬហាមឃាត់។ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិយោបល់តាមមនសិការរបស់ខ្លួន ប៉ុន្តែ​មិនត្រូវរំលោភ ដល់សិទ្ធិអ្នកដទៃ ឬប៉ះ​ពា​ល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃដែលច្បាប់ហាមឃាត់ ឬបំផ្លើសការពិតដែលនាំឱ្យ ប៉ះពាល់ដល់សន្តិសុខសង្គម។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ សិទ្ធិសេរីភាព របស់ស្ត្រីកាន់តែត្រូវ​បានលើក​កម្ពស់​ជាលំដាប់ ដែល មិនធ្លាប់មានក្នុងសង្គមកម្ពុជាកន្លងមក ដោយសារ​ស្រ្តី​បានក្លាយជាឆ្អឹងខ្នង​​នៃ​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការ​ចូល រួមក្នុងវិស័យសេដ្ឋកិច្ច ជាពិសេសក្នុង​វិស័យ​​វាយនភ័ណ្ឌ។ ទាំងនេះជាជំហ៊ានដ៏វិជ្ជមានចំពោះការគោរពសិទ្ធិ សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ការជ្រើសរើសអ្នកដឹកនាំប្រទេសត្រូវធ្វើឡើង​ដោយ​ផ្អែក លើឆន្ទៈប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត។ លទ្ធផលនៃការបោះឆ្នោត គឺអាចមាន​គណបក្ស​មួយឈ្នះក្នុងសភា គណបក្សពីរ ឬគណបក្សច្រើន។ តាមរយៈលទ្ធផលនេះ សភាជាតិមួយត្រូវបាន​បង្កើតឡើងដែលមានលក្ខណៈ ជាសភាឯកបក្ស ឬសភា​ទ្វេបក្ស ឬសភាពហុបក្ស។ ក្នុងប្រវត្តិសាស្រ្ត​មនុស្សជាតិ ក្រោយសង្រ្គាមលោកលើកទី២ បានបង្ហាញថាក្នុងប្រទេសប្រជាធិបតេយ្យមួយចំនួន ប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សតែមួយដោយ ទទួលសម្លេងច្រើនលើសលុបក្នុងចំណោម​គណបក្សប្រកួតប្រជែងដ៏ច្រើន ហើយសភាឯកបក្សក៏ត្រូវបាន​បង្កើត ឡើង ដោយគណបក្សឈ្នះឆ្នោតនោះ។ នៅសឹង្ហបុរី ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ​១៩៨០ គណបក្ស People’s Action Party (PAP) បានឈ្នះឆ្នោត​ចំនួន៤​អាណត្តិ​ជាប់ៗគ្នា ហើយទទួល​​បាន​អាសនៈទាំងអស់​នៅក្នុង​រដ្ឋសភា។ ជ័យជំនះ​​​របស់គណបក្ស PAP គឺឆ្លុះ​បញ្ចាំងនូវឆន្ទៈរបស់ប្រជាជនសឹង្ហបុរី ក្នុងការផ្តល់​​ទំនុកចិត្ត​​ដល់​​គណបក្ស នេះ ដើម្បីដឹកនាំប្រទេសតទៅទៀត ហើយរហូតដល់ពេលនេះគណបក្ស PAP នៅតែបន្ត​ដឹកនាំ​សឹង្ហបុរី​ដដែល។

ដោយឡែកនៅកម្ពុជាវិញ ពីឆ្នាំ១៩៥៥​ដល់​១៩៦៦ គណបក្ស​សង្គម​រាស្រ្ត​​​និយម​​ទទួលបានកា​​រគាំ​​ទ្រ​ ​លើសលុប ហើយសភាឯកបក្សត្រូវបានបង្កើតឡើងចំនួន៤អាណត្តិជាប់ៗគ្នា ដោយសារកត្តាមួយ​ចំនួន​រួមមាន៖ ការ​ទា​​​​មទា​រ​ឯករាជ្យពីបារាំង នយោបាយមិន​ចូលបក្សសម្ព័ន្ធ ការទទួលបានអាសនៈកម្ពុជា​នៅ​​អង្គការ​សហប្រជា ជាតិ ការបង្រួបបង្រួមជាតិ និងការ​ការពារបូរណភាពទឹកដី។ ចំណែករដ្ឋាភិបាល លន់ នល់ ដែលគាំទ្រ ដោយ សហរដ្ឋអាមេរិកបានរៀបចំការបោះឆ្នោតនៅឆ្នាំ១៩៧២ ដែលគណបក្ស​សង្គមសាធារណរដ្ឋ​ទទួលបានសម្លេង លើសលុប ហើយសភាឯកបក្សត្រូវបាន​បង្កើតឡើងនា​ពេល​នោះ។​

នៅក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា មានការចូលរួមប្រកួតប្រជែង​ពីគណបក្សចំនួន២០ ដោយ មានអត្រាអ្នក​ទៅបោះឆ្នោត​​ចំនួន៨២.៨៩% ដោយគណបក្សប្រជាជន​កម្ពុជា​​ទទួល​បានសម្លេង​គាំទ្រ​ជាបឋម ប្រហែល៧៦.៧៧% ដែលនាំឱ្យគណបក្សនេះអាចទទួលបានអាសនៈ១០០% នៅក្នុង​រដ្ឋសភា។ ការគាំទ្រ របស់ប្រជាពលរដ្ឋលើសលុបលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបក្សនេះ​​ បានរំដោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្តារនិងកសាង​ប្រទេសពីបាតដៃទទេរនាំមកនូវការបង្រួបបង្រួមជាតិ និង សន្តិភាព កសាងលទ្ធិប្រជាធិបតេយ្យនិង​គោរព​​​​សិទ្ធិជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេស​។

លទ្ធផលនៃការបោះឆ្នោតនេះ គឺបានឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលជឿជាក់លើគោលការណ៍ លទ្ធិប្រជាធិបតេយ្យ ទោះបីជាមានយុទ្ធនាការរារាំងមិនឱ្យទៅបោះឆ្នោតក៏ដោយ។ អត្រា​នៃ​​អ្នកទៅបោះឆ្នោត ៨២.៨៩%នេះ បង្ហាញយ៉ាងច្បាស់នូវការបរាជ័យរបស់ក្រុមប្រឆាំង ដែលតែងតែប្រើ​លទ្ធិប្រជាធិបតេយ្យមក បោកប្រាស់ប្រជាពលរដ្ឋខ្មែរ។

ទោះជាការដឹកនាំបែបសភាឯកបក្ស ឬពហុបក្សក៏ដោយ បញ្ហាសំខាន់គឺរដ្ឋាភិបាលដែលកើតចេញពី ឆន្ទៈរបស់ប្រជាពលរដ្ឋ ដឹកនាំប្រទេសទទួលបានការគាំទ្រពីប្រជាជន រក្សាបាននូវសន្តិភាពនិង​ការ​អភិវឌ្ឍដូច មានជាឧទាហរណ៍ស្រាប់នៃគម្រូដឹកនាំឯកបក្សនៅប្រទេសសឹង្ហបុរី និងនៅប្រទេសម៉ិចស៊ិចកូជាដើម ៕ សុខ គាង សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ

 


ចែករំលែក៖