ខេត្តព្រះសីហនុ៖ បញ្ហាដ៏ក្តៅគគុក រហូតមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការលុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ពីសំណាក់ក្រុមហ៊ុនជឹង សុភាព ហៅយាយភូ ភរិយាលោកឧកញ៉ា ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា នៅតែមានការជជែកគ្នា គ្រប់ទីកន្លែង ជាពិសេសពលរដ្ឋក្នុងខេត្តព្រះសីហនុតែម្ដង ។
មជ្ឈដ្ឋានជាច្រើន រង់ចាំទាំងអន្ទះសា ចង់ដឹងថា តើបុគ្គល មន្ត្រី ឬ ក្រុមហ៊ុនណាខ្លះ ជាប់ពាក់ព័ន្ធនឹងការរំលោភចូលឆ្នេរសមុទ្រ ខេត្តព្រះសីហនុនេះ?
ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ចោទប្រកាន់ចំៗថា លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ គឺ ជាអ្នកទទួលខុសត្រូវធំបំផុត ចំពោះសកម្មភាពរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។
ក្រៅពីនោះ មន្ត្រីពាក់ព័ន្ធទាំងអស់ និង ក្រុមហ៊ុនជឹង សុភាព ហៅយាយភូ ជាភរិយាលោកឧកញ៉ា ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា ផង ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធនឹងការរំលោភឆ្នេរសមុទ្រ នេះ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ ។
មជ្ឈដ្ឋានជាច្រើន រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ផង ចង់ឃើញកណ្តាប់ដៃដែករបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វែកមុខអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចាត់ការតាមច្បាប់ ចំពោះការរំលោភបំពានឆ្នេរសមុទ្រ ដ៏សំខាន់របស់ជាតិមួយនេះ ។
មតិពលរដ្ឋនៅខេត្តព្រះសីហនុ លើកឡើងទៀតថា បញ្ហាលុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នេះ តើនឹងធ្វើឲ្យលោកយន្ត មីន អភិបាលខេត្តព្រះសីហនុ អស់តំណែងដែរឬទេ ? ។
ទោះបីយ៉ាងណា រហូតមកទល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅពុំទាន់បង្ហាញលទ្ធផលនៃការចុះត្រួតពិនិត្យ ករណីរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នៅឡើយទេ ។
មាត្រា២៥៩នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចែងថា «ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀលទៅ៥០លានរៀល» ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះផ្ទាល់ ដើម្បីត្រួតពិនិត្យសកម្មភាពរំលោភឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែងត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
មន្ត្រីបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺ ដើម្បីកាយយកដីដែលបានចាក់បំពេញចេញវិញ និង រក្សាឆ្នេរធម្មជាតិដូចដើម ។
ជាមួយគ្នានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សូមអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រ ជ្រាប និង ចៀសវាង សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រតទៅទៀត។
ប្រជាជនបានបង្ហាញពីការរិះគន់ធ្ងន់ៗ ទៅលើ លោក យន្ត មីន ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត គឺមានសិទ្ធិគ្រប់គ្រាន់ដឹកនាំកងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ ហាមឃាត់ការចាក់ដីរំលោភយកបឹងឆ្នេរសមុទ្រនេះ។ ម្យ៉ាងទៀតចំពោះសកម្មភាពចាក់ដីនេះមានច្បាប់ ឬអត់ច្បាប់ក៏លោកអាចដឹងយ៉ាងច្បាស់ ព្រោះក្រុមហ៊ុនត្រូវសុំច្បាប់ពី អាជ្ញាធរ ជំនាញ លោកអភិបាលខេត្ត ឬបន្តទៅថ្នាក់លើទៀត ចុះហេតុអីលោក យន្ត មីន ប្រឹងធ្វើជាមន្ត្រីគ្រាប់ល្ពៅ កន្ទេលធំបន្លំដេក..? ដល់មានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តម្រូវឲ្យក្រុមហ៊ុន យាយភូ កាយដីវិញ ទើបចៅហ្វាយខេត្ត សសៃស្ពឹករូបនេះ បានត្រឹមនិយាយថា៖ លោកដឹងថា មានក្រុមហ៊ុនខ្មែរ បានចាក់ដីរំលោភឆ្នេរនេះ..???
មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្ត ប្រជាជនក្នុងក្រុងព្រះសីហនុ យល់ឃើញថា៖ ការដឹកនាំរបស់លោក យន្ត មីន នៅមានកម្រិត ខ្វះការទទួលខុសត្រូវ ធ្វើឲ្យខេត្តទេសចរណ៍មួយនេះ ពោរពេញដោយបទល្មើស ពិសេសការគ្រប់គ្រង់ជនជាតិចិនមិនគ្រប់ជ្រុងជ្រោយ បានកើតនូវអំពើឆក់ ប្លន់ ជំរិត ការប្រើប្រាស់ឡានមានស្លាកលេខ ខ.ម មានបនល្បែងសុីសង ស្ទើរគ្រប់សណ្ឋាគារ ក្លឹបកម្សាន្ត និងជាតំបន់ទេសចរណ៍ផ្លូវភេទ ខណៈតាមក្លឹបខារ៉ាអូខេ សុទ្ធតែដាក់តាំងបង្ហាញពីនារីបម្រើផ្លូវភេទ មាននារីខ្មែរ ចិន ថៃ វៀតណាម និងនារីបរទេសជាច្រើនទៀតដ៏អនាធិបតេយ្យបំផុត។ ពិសេសលោក យន្ត មីន អត់មានយន្តការត្រួតពិនិត្យទីតាំងប្តូរប្រាក់របស់ក្រុមហ៊ុនចិន ដែលគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អាចជាទីតាំងចរាចរណ៍ប្រាក់បានមកពីបទល្មើសគ្រឿងញៀន បទជំរិត សកម្មភាពកំហែងយក តាមរយះប្រព័ន្ធអិនធើណេត ការលាងប្រាក់ខ្មៅឆ្លងដែនចូលស្រុកខ្មែរ ជាដើម។
គេទទួលស្គាល់ថា៖ ជនជាតិបរទេសមករកសុីបណ្តាក់ទុនវិយោគទុនកាន់តែច្រើន គឺធ្វើឲ្យខេត្តទេសចរណ៍មួយនេះរីកចម្រើន ប៉ុន្តែផ្តោតសំខាន់ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សួរថា តើលោក យន្ត មីន គាត់មានសមត្ថភាពគ្រប់គ្រងជនជាតិចិនតាមរយះត្រួតពិនិត្យរដ្ឋបាលបានដែរឬទេ..? ភាពកម្សោយ ខ្វះការទទួលខុសត្រូវ បានធ្វើឲ្យជនជាតិក្លាយជាជនល្មើស ធ្វើសកម្មភាព ឆក់ ប្លន់ ចាប់ជំរិត មានអាវុធប្រើប្រាស់ ពិសេសភាគច្រើនជាជនទំនើង ទាំងការបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ ចែកចាយគ្រឿងញៀន តាមបណ្តាក្លឹប និងបង្ក្រាបបានក្នុងបទល្មើសជាក់ស្តែងម្តងៗ ចាប់បានទាំងសំបុក ដ៏ពពាក់ពពូនគ្នា មាន ចិន ខ្មែរ បរទេសមួយចំនួនទៀត ។ មិនមែនការបង្ក្រាបបានច្រើនមានប្រសិទ្ធភាពជាង ការទប់ស្កាត់ពុំឲ្យមានបទល្មើសទេ..?
ប្រជាជនរិះគន់ទៀតថា៖ ខេត្តព្រះសីហនុពោរពេញដោយសំរាម ទឹកស្អុយ ឆ្អេះឆ្អាប ហូរចូលសមុទ្រ ខណៈការគ្រប់គ្រងប្រព័ន្ធលូ ការត្រួតពិនិត្យតាមមូលដ្ឋានគ្មានប្រសិទ្ធភាព ក្នុងនោះសូម្បីប្រជាជន ពួកគាត់លែងចង់ទៅទេសចរណ៍កំសាន្តនៅសមុទ្រខេត្តព្រះសីហនុ ។ និយាយរួមការគ្រប់ដោយ លោក យន្ត មីន គឺមានកម្រិត មិនអាចធ្វើឲ្យខេត្តមួយនេះរីកចម្រើន ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់គ្រប់ជ្រុងជ្រោយឡើយ។ សមណាស់នឹងត្រូវដកតំណែង ខណៈទុកមិនចំណេញ ដកចេញ ត្រូវបានគាំទ្រពីប្រជាជន ពិសេសបង្កើតឲ្យតែមានសកម្មភាពល្មើសច្បាប់ គឺលោក យន្ត មីន តែងអះអាងថា៖ នេះជាការអភិវឌ្ឍន៍រហូត និយាយរបៀបយករួចខ្លួន ខ្វះការទទួលខុសត្រូវ ដូចជាករណីយាយ ភូ ចាក់ដីរំលោភយកបឹង ឆ្នេរសមុទ្រ បើសម្តេចតេជោ ហ៊ុន សែន មិនបញ្ជាឲ្យកាយដីវិញ ហើយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មិនបានចុះពិនិត្យផ្ទាល់ទេ ប្រាកដណាស់ថា លោកចៅហ្វាយខេត្តរូបនេះ នឹងថាយាយ ភូ អភិវឌ្ឍន៍ខេត្តព្រះសីហនុទៀត ៕ មតិប្រជាពលរដ្ឋ