ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ កំហុសគ្មានអ្នកទទួលខុស បានកើតឡើងដដែលៗនៅក្នុងក្រសួងអប់រំ

ចែករំលែក៖

ខុសទៀតហើយ! ខុសទៀតហើយ! នោះគឺការដែលមិនយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ក្រុមមន្ត្រី​ធ្វើការងារ​សម្រាប់កិច្ចការប្រឡងជ្រើសរើសគ្រូបង្ក្រៀនកម្រិតឧត្តម(បរិញ្ញាបូកមួយ) ជំនាន់ទី២៤ ដែលបានប្រឡង​កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ។ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ បានធ្វើឲ្យកំហុសឆ្គងនាំឲ្យមានការតវ៉ាពីសិស្សានុសិស្ស បេក្ខជនប្រឡងរួចម្តងមកហើយ ។ កាលណោះ ក្រសួងអប់រំ បានបង្ហាញនូវមនោសញ្ចេតនា«សោកស្តាយ» និង«សុំទោស» ចំពោះកំហុសឆ្គង ទៅលើបេក្ខជនជាង៧០០នាក់នោះ ។ មិនតែប៉ុណ្ណោះ អយុត្តិធម៌ចំពោះបេក្ខជនទាំងជាង៧០០នាក់នោះ គឺគ្មាន​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ណាមួយត្រូវបានស្តីបន្ទោស និង​«ទទួលខុស» ក្នុងរឿងនេះទេ ។

ឥឡូវនេះទៀត បេក្ខជនម្នាក់នៅបន្ទប់លេខ២១៤ មុខវិជ្ជាគណិតវិទ្យា ដែលមានលេខតុ ៥២១៩  លេខរៀង១៩ ឈ្មោះ ទ័ង គន្ធា ភេទស្រី ថ្ងៃ ខែ ឆ្នាំ កំណើត ៦ មករា ២៩៨៩ (ប្រហែល១៩៨៩ ត្រឹមត្រូវ) ។​ ករណីនេះ វាជាចំណុច ដែលបង្ហាញឲ្យឃើញថា ជាអចេតនា ប៉ុន្តែ​វាជារឿង ដែលមិនគួរឲ្យខុសនោះទេ ។ ក្រសួងអប់រំ យល់ថា កំហុសនេះ កំប៉ិកកំប៉ុក រវាងលេខ១ នឹងលេខ២ ប៉ុណ្ណោះ ។ ប៉ុន្តែ វាបញ្ជាក់ថា អ្នកធ្វើកិច្ចការនេះ មិនទទួលខុសត្រូវចំពោះការងាររបស់ខ្លួននោះឡើយ ។ ផ្ទុយទៅវិញ វាជាសកម្មភាពដែលពាក្យចាស់លោកពោលថា «ធ្វើឲ្យរួចតែពីដៃ» ។ ការដែលមិនទទួលខុសត្រូវ​របស់បុគ្គលអ្នកធ្វើការងារនេះ វាជាកំហុសមួយ ប៉ុន្តែ​វាជា​ការទទួលខុសត្រូវរបស់ថ្នាក់​ដឹកនាំ​ផងដែរ ។ វប្បធម៌នៃការ​មិនទទួលខុសត្រូវ វាបណ្តាលឲ្យការងារ​នៅតែបន្តខុសទៅទៀត ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទសាទរចំពោះចំណាត់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​ញាំងឲ្យមានការគាំទ្រយ៉ាងច្រើនពី​សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល ។ កំណែទម្រង់គឺជាការដែល​ជំរុញឲ្យពង្រឹងគុណភាពអប់រំ ។ ប៉ុន្តែការ​មិនទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំក្រសួងចំពោះកំហុសឆ្គង នាំឲ្យមានការរិះគន់យ៉ាងខ្លាំង ។ ក្រុមគ្រូបង្រៀនជាច្រើនដែលបានមក​ធ្វើកំណែ​សន្លឹកកិច្ចការប្រឡងនិយាយថា ប្រសិនបើ​គ្រូៗ ដែលជាអ្នកកែកិច្ចការ ធ្វើឲ្យមានកំហុស មុខជាត្រូវក្រសួងដាក់ពិន័យតាមរយៈ​វិធានការផ្សេងៗ ដូចជាមិនឲ្យចេញមកធ្វើជាអនុរក្ស ឬមិនឲ្យចេញមកកែពីរបីឆ្នាំជាប់គ្នា ។ ប៉ុន្តែ ករណីដែល ក្រសួងធ្វើឲ្យមានប្រតិកម្ម ពីសំណាក់សិស្សានុសិស្សបេក្ខជនប្រឡង ពោលគឺមានភាពមិនប្រក្រតី រហូតដល់ជាង៧០០ករណីនោះ គ្មាននរណាទទួលខុសត្រូវសោះ! ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖