ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ឈ្មួញនៅតែបន្តដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ធំយ៉ាងសកម្ម

ចែករំលែក៖

គ្មានកំហុសទេ បើគ្រាន់តែឈ្មួញ​ដឹកឈើឆ្លងកាត់មូលដ្ឋានរបស់ខ្លួននោះ ។ ប៉ុន្តែទាំងពួកមន្ត្រីជំនាញ និងសមត្ថកិច្ចដទៃ​យកលុយពី​ឈ្មួញដឹកឈើ​ឆ្លងកាត់ដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួល ។ នោះគឺសមត្ថកិច្ច​ជំនាញខេត្តកំពង់ធំ យកលុយពី​រថយន្តដឹកឈើបានដោយសេរី ហើយគ្មានកំហុសទៀតផង ។ ប្រភពរាយការណ៍ថា ថ្មីៗនេះ សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បង្ក្រាបរថយន្ត២៥កៅអីមួយគ្រឿងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ ។ ការចាប់រថយន្តធុនធំនេះ​ព្រោះតែអ្នកបើកបរ ឬម្ចាស់ឈើថ្លើមធំ​មិនរាយការណ៍ ឬមិនទាក់ទង​ពួកគេជាមុន ។

ទាំងយប់ទាំងថ្ងៃ រថយន្តដឹកឈើធ្វើសកម្មភាពចេញពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ​ ដោយ​សេរី ។ មន្ត្រីរដ្ឋបាលព្រៃឈើ​ខេត្តកំពង់ធំ ក្រោមអំណាចគ្រប់គ្រង​របស់លោក ប៊ុន សុធី ដាក់កម្លាំង ចាំយកប្រាក់ពីរថយន្ត​ដឹកឈើទាំងនោះ ។ ជាមួយនោះ ស្ថាប័នព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ ក៏លែងរស់ត្រគាក ក្នុងការបង្ក្រាបរថយន្តដឹកឈើនេះទៀតដែរ ។ ភាពស្ងៀមស្ងាត់របស់ស្ថាប័នព្រះរាជអាជ្ញា ធ្វើឲ្យប្រជា​ពលរដ្ឋ​មានមន្ទិលសង្ស័យចំពោះ​បញ្ហានេះ ។ ដំបូងឡើយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការងារ​យ៉ាងសកម្មក្នុងការចាប់​រថយន្តដឹកឈើ ។ ប៉ុន្តែឥឡូវនេះ បែរជាស្ងាត់លែងមានសកម្មភាពចាប់បង្ក្រាបទៀតហើយ ។

បទល្មើសនៃការដឹកជញ្ជូនឈើ​ឆ្លងកាត់ខេត្តកំពង់ធំ បើមិនសុំការអនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំទេនោះ មុខជាត្រូវប្រឈមនឹងការចាប់ថតផ្សាយទូរទស្សន៍ខ្មាស់គេជាមិនខាន ។ ក្រៅពីខ្មាស់គេ ក៏ត្រូវប្រឈមនឹងការអស់លុយកាក់ច្រើនសន្ធឹកសន្ធាប់ទៀតផង ។ ហេតុដូច្នេះហើយ ពួកឈ្មួញរកស៊ីឈើ ដែលត្រូវធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ចាំបាច់ត្រូវតែទាក់ទងជាមួយស្ថាប័នជំនាញ រួមមានរដ្ឋបាលព្រៃឈើ​ជាចាំបាច់ និង​សមត្ថកិច្ចដទៃ​ ក៏ដូចជាស្ថាប័ន​ព្រះរាជអាជ្ញាផង ។ ប្រសិនបើមិនយ៉ាងដូច្នោះទេ មិនអាចរកស៊ីបានសុខស្រួលឡើយ ។

បើតាមប្រជាពលរដ្ឋរាយការណ៍ថា បទល្មើសនៃការដឹកជញ្ជូនឈើ​ឆ្លងកាត់មូលដ្ឋានខេត្តកំពង់ធំ​កើតឡើងដូចស្រមោច ។ យូរៗម្តង សមត្ថកិច្ច​ប្រដាប់អាវុធ​បានចាប់បង្ក្រាប​រថយន្តដឹកឈើទាំងនោះ ដើម្បីបង្ហាញថ្វីដៃ ។ វាជាការបង្ហាញថ្វីដៃ​ព្រោះតែ​ម្ចាស់ឈើ​មិនបង់ប្រាក់ ឬមិនបានទាក់ទងជាមុន ។ ពួកអ្នកដឹកឈើ​បាននិយាយថា មុននឹងចេញដំណើរ ត្រូវទាក់ទង​មន្ត្រីរដ្ឋបាលព្រៃឈើ​ ក៏ដូចជាសមត្ថកិច្ចប្រដាប់អាវុធ​និងស្ថាប័នតុលាការ​។ រឿងលុយកាក់ ចាំគិតគ្នាបន្ទាប់ទៀត សំខាន់គឺត្រូវជូនដំណឹងឲ្យបានជាក់លាក់ពីចំនួនរថយន្ត ក៏ដូចជាបរិមាណឈើ រួមទាំងប្រភេទឈើនោះផង ៕


ចែករំលែក៖