ថ្មីៗនេះ ស្ថានីយទូរទស្សន៍មួយបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្តែងរំឭកឡើងវិញរឿងទុំទាវ ។ នោះគឺការរួមបញ្ចូលគ្នារវាងសិល្បករ៣ជំនាន់ដើម្បីសម្តែងរឿងទុំទាវ ។ វាជាមោទនភាពមួយសម្រាប់សិល្បករទាំងបីជំនាន់ និងនិយាយរួមគឺជាមោទនភាពសម្រាប់ជាតិ ។ ប៉ុន្តែនាងខ្ញុំយល់ថា ការសម្តែងរឿងទុំទាវ៣ជំនាន់ ញាំងឲ្យមានការយល់ច្រឡំខ្លះៗ ដែលចាំបាច់ ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជម្រះមន្ទិលសង្ស័យ ។
រឿងទុំទាវ ក្នុងន័យនេះ គឺសំដៅទៅលើអ្នកនិពន្ធភិក្ខុសោម ។ នៅក្នុងសំណេជាកាព្យរបស់អ្នកនិពន្ធនេះមិនបានបញ្ជាក់ឈ្មោះម្តាយនាងទាវនោះឡើយ ។ អ្នកនិពន្ធបានត្រឹមសរសេរថា ម្តាយនាងទាវ ឬម្តាយទាវ ដោយមិនបញ្ជាក់ឈ្មោះយ៉ាងនេះ យ៉ាងនោះឡើយ ។ ប៉ុន្តែនៅក្នុងរឿងទុំទាវ៣ជំនាន់ ទំនងជាសំដៅទៅលើសាច់រឿងរបស់អ្នកនិពន្ធភិក្ខុសោមនោះដែរ ផ្ទុយទៅវិញ នៅក្នុងការសម្តែងរឿងនេះមានបញ្ជាក់ឈ្មោះម្តាយនាងទាវ គឺដូន ផាន់ ឬយាយ ផាន់ ។ ប្រការនេះធ្វើឲ្យនាងខ្ញុំមន្ទិល ហើយអាចនាំឲ្យមានកំហុសសម្រាប់អ្នកសិក្សាជំនាន់ក្រោយ ។ តាមការសិក្សារឿងទុំទាវរបស់ ភិក្ខុសោម ម្តាយនាងទាវ គ្មានឈ្មោះទេ ។ រីឯរឿង ទាវឯក របស់អ្នកនិពន្ធ នូ កន ជាកាព្យពាក្យ៨ ម្តាយនាងទាវ ត្រូវអ្នកនិពន្ធដាក់ឈ្មោះថា ដូនផាន់ ឬយាយផាន់ ។
នៅក្នុងចន្លោះរឿងទុំទាវ និងទាវឯក ធ្វើឲ្យអ្នកសិក្សាជំនាន់ក្រោយអាចយល់ច្រឡំនៅពេលដែលរឿងទុំទាវ៣ជំនាន់ ត្រូវបានផលិតឡើងជាមួយនឹងឈ្មោះម្តាយនាងទាវ គឺដូនផាន់ ។ ទាំងពាក្យសម្តីនៅក្នុងការសម្តែង ក៏ដូចជាការពោលនៅក្នុងសាច់រឿង សុទ្ធតែបញ្ជាក់ថា ម្តាយនាងទាវ ឈ្មោះ ដូនផាន់ ឬយាយផាន់ (ការសម្តែងរឿងទុំទាវ៣ជំនាន់) ។ វាជាការពិតរឿងទុំទាវជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ។ តាមឯកសារមហាបុរសខ្មែរ ម្តាយនាងទាវ ឈ្មោះ យាយ ទន់ ។ ប៉ុន្តែនៅក្នុងរឿងទុំទាវរបស់អ្នកនិពន្ធភិក្ខុ សោម គ្មានឈ្មោះទេ ។ រឿងទាវឯក របស់អ្នកនិពន្ធ នូ កន ម្តាយនាងទាវ ឈ្មោះ យាយផាន់ ។ តើរឿងទុំទាវ៣ជំនាន់ ដកស្រង់ចេញពីប្រភពណាមួយនៃរឿងដើម? ទុំទាវ ឬទាវឯក… ។
គេអាចគិតថា វាជារឿងតូចតាចនៅក្នុងការប៉ះទង្គិចទៅលើសាច់រឿង ។ ប៉ុន្តែវាជះឥទ្ធិពលមិនល្អសម្រាប់ស្នាដៃនីមួយៗ ។ បើអ្នកនិយាយអំពីរឿងទុំទាវ គឺសំដៅទៅលើអ្នកនិពន្ធសន្ធរម៉ុក ឬព្រះភិក្ខសោម ។ បើនិយាយពីរឿងទាវឯក គឺម្តាយនាងទាវឈ្មោះ ដូនផាន់ ។ អ្នកដឹកនាំរឿងក្នុងការសម្តែងគិតថា វាជារឿងតូចតាច ។ ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវ វាជះឥទ្ធិពលដល់ស្នាដៃអ្នកនិពន្ធ ហើយវាធ្វើឲ្យប៉ះពាល់ដល់កម្មសិទ្ធិនៃអ្នកដឹកនាំនោះផង ។ ដូច្នេះ អ្នកដឹកនាំរឿងទុំទាវ៣ជំនាន់គួរពិចារណាឡើងវិញថា តើការយករឿងទុំទាវមកសម្តែងដោយភ្ជាប់ឈ្មោះម្តាយនាងទាវគឺដូនផាន់នោះ ជាភាពត្រឹមត្រូវឬទេ?
សម្រាប់អ្នកសិក្សារៀនសូត្រស្នាដៃអក្សរសិល្ប៍យល់ឃើញថា មិនគួរយកសាច់រឿង ដែលមានលក្ខណៈប្រវត្តិសាស្ត្រធ្វើឲ្យប៉ះពាល់ដល់ស្នាដៃអ្នកនិពន្ធនោះឡើយ ។ ប៉ុន្តែបើក្រសួងវប្បធម៌និងវិចិត្រសិល្បៈយល់ថា វាជាភាពត្រឹមត្រូវគួរតែបញ្ជាក់ធ្វើអំណះអំណាងឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកសិក្សាបានយកជាគោលការណ៍សម្រាប់អ្នកសិក្សាជំនាន់ក្រោយតទៅ។ ផ្ទុយទៅវិញប្រសិនបើគ្មានភាពជាក់លាក់ណាមួយនោះទេ ក្រសួងវប្បធម៌ដែលបណ្តុំទៅដោយអ្នកចេះដឹងជ្រៅជ្រះបញ្ហាអក្សរសាស្ត្រអក្សរសិល្ប៍នោះ កុំបណ្តោយឲ្យរឿងមួយនេះក្លាយជារឿងវ៉ល់ៗ រកអ្នកទទួលខុសត្រូវមិនឃើញ ៕ ប្រជាពលរដ្ឋម្នាក់