ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ទុំទាវ៣ជំនាន់នាំឲ្យមានការយល់ច្រឡំ?

ចែករំលែក៖

ថ្មីៗនេះ ស្ថានីយទូរទស្សន៍​មួយ​បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្តែងរំឭកឡើងវិញ​រឿងទុំទាវ ។ នោះគឺការរួមបញ្ចូលគ្នារវាងសិល្បករ៣ជំនាន់ដើម្បី​សម្តែងរឿង​ទុំទាវ ។ វាជាមោទនភាពមួយសម្រាប់​សិល្បករ​ទាំងបីជំនាន់​ និងនិយាយរួមគឺជាមោទនភាពសម្រាប់ជាតិ ។ ប៉ុន្តែ​នាងខ្ញុំយល់ថា ការសម្តែងរឿងទុំទាវ​៣ជំនាន់ ញាំងឲ្យមានការយល់ច្រឡំខ្លះៗ ដែលចាំបាច់ ឲ្យក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈជម្រះមន្ទិលសង្ស័យ ។
រឿងទុំទាវ ក្នុងន័យនេះ គឺសំដៅទៅលើអ្នកនិពន្ធភិក្ខុសោម ។ នៅក្នុងសំណេជាកាព្យរបស់អ្នកនិពន្ធនេះ​មិនបានបញ្ជាក់ឈ្មោះម្តាយ​នាងទាវនោះឡើយ ។ អ្នកនិពន្ធបានត្រឹមសរសេរថា ម្តាយនាងទាវ​ ឬម្តាយទាវ ដោយមិនបញ្ជាក់ឈ្មោះយ៉ាងនេះ យ៉ាងនោះឡើយ ។ ប៉ុន្តែ​នៅក្នុងរឿង​ទុំទាវ៣ជំនាន់​ ទំនងជាសំដៅទៅលើ​សាច់រឿងរបស់អ្នកនិពន្ធ​ភិក្ខុសោម​នោះដែរ ផ្ទុយទៅវិញ នៅក្នុងការសម្តែងរឿងនេះ​មានបញ្ជាក់ឈ្មោះម្តាយនាងទាវ គឺដូន ផាន់ ឬយាយ ផាន់ ។ ប្រការនេះ​ធ្វើឲ្យនាងខ្ញុំមន្ទិល ហើយអាចនាំឲ្យមានកំហុសសម្រាប់អ្នកសិក្សាជំនាន់ក្រោយ ។ តាមការសិក្សារឿងទុំទាវ​របស់ ភិក្ខុសោម ម្តាយ​នាងទាវ គ្មានឈ្មោះទេ ។ រីឯរឿង ទាវឯក របស់អ្នកនិពន្ធ​ នូ កន ជាកាព្យពាក្យ៨ ម្តាយនាងទាវ ត្រូវអ្នកនិពន្ធដាក់ឈ្មោះថា ដូនផាន់ ឬយាយផាន់ ។
នៅក្នុងចន្លោះរឿងទុំទាវ និងទាវឯក ធ្វើឲ្យអ្នកសិក្សាជំនាន់​ក្រោយ​អាចយល់ច្រឡំនៅពេលដែលរឿងទុំទាវ​៣ជំនាន់ ត្រូវបាន​ផលិតឡើងជាមួយនឹងឈ្មោះម្តាយនាងទាវ គឺដូនផាន់ ។ ទាំងពាក្យសម្តីនៅក្នុងការសម្តែង ក៏ដូចជា​ការពោលនៅក្នុងសាច់រឿង សុទ្ធតែបញ្ជាក់ថា ម្តាយនាងទាវ ឈ្មោះ ដូនផាន់ ឬយាយផាន់ (ការសម្តែងរឿងទុំទាវ៣ជំនាន់) ។ វាជាការពិត​​រឿងទុំទាវជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ។ តាមឯកសារមហាបុរសខ្មែរ ម្តាយនាងទាវ ឈ្មោះ យាយ ទន់ ។ ប៉ុន្តែនៅក្នុងរឿងទុំទាវរបស់អ្នកនិពន្ធភិក្ខុ សោម គ្មានឈ្មោះទេ ។ រឿងទាវឯក របស់អ្នកនិពន្ធ នូ កន ម្តាយ​នាងទាវ ឈ្មោះ យាយផាន់ ។ តើរឿង​ទុំទាវ៣ជំនាន់ ដកស្រង់ចេញពីប្រភពណាមួយនៃរឿងដើម? ទុំទាវ ឬទាវឯក… ។
គេអាចគិតថា វាជារឿងតូចតាចនៅក្នុង​ការប៉ះទង្គិច​ទៅលើ​សាច់រឿង ។ ប៉ុន្តែ​វាជះឥទ្ធិពលមិនល្អសម្រាប់ស្នាដៃនីមួយៗ ។ បើអ្នកនិយាយអំពីរឿងទុំទាវ គឺសំដៅទៅលើអ្នកនិពន្ធសន្ធរម៉ុក ឬ​ព្រះភិក្ខសោម ។ បើនិយាយពីរឿងទាវឯក គឺម្តាយ​នាង​ទាវឈ្មោះ ដូនផាន់ ។ អ្នកដឹកនាំរឿង​ក្នុងការសម្តែងគិតថា វាជារឿងតូចតាច​ ។ ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវ​ វាជះឥទ្ធិពល​ដល់ស្នាដៃអ្នកនិពន្ធ ហើយវាធ្វើឲ្យប៉ះពាល់​ដល់កម្មសិទ្ធិ​នៃអ្នកដឹកនាំនោះផង ។ ដូច្នេះ អ្នកដឹកនាំរឿងទុំទាវ៣ជំនាន់គួរពិចារណាឡើងវិញថា តើ​ការ​យករឿងទុំទាវមកសម្តែង​ដោយភ្ជាប់ឈ្មោះម្តាយ​នាងទាវ​គឺដូនផាន់នោះ ជាភាពត្រឹមត្រូវឬទេ?
សម្រាប់អ្នកសិក្សារៀនសូត្រ​ស្នាដៃអក្សរសិល្ប៍​យល់ឃើញថា មិនគួរយកសាច់រឿង ដែលមានលក្ខណៈប្រវត្តិសាស្ត្រ​ធ្វើឲ្យប៉ះពាល់ដល់ស្នាដៃអ្នកនិពន្ធនោះឡើយ ។ ប៉ុន្តែបើក្រសួងវប្បធម៌និងវិចិត្រសិល្បៈយល់ថា វាជាភាពត្រឹមត្រូវ​គួរ​តែ​បញ្ជាក់ធ្វើអំណះអំណាង​ឲ្យបានច្បាស់លាស់ដើម្បីឲ្យអ្នកសិក្សា​បាន​យកជា​គោលការណ៍​សម្រាប់អ្នកសិក្សា​ជំនាន់ក្រោយតទៅ​។ ផ្ទុយទៅវិញប្រសិនបើគ្មានភាពជាក់លាក់ណាមួយនោះទេ ក្រសួងវប្បធម៌ដែលបណ្តុំទៅដោយអ្នកចេះដឹងជ្រៅជ្រះបញ្ហាអក្សរសាស្ត្រអក្សរសិល្ប៍​នោះ កុំបណ្តោយឲ្យរឿងមួយនេះក្លាយជារឿងវ៉ល់ៗ រកអ្នកទទួលខុសត្រូវមិនឃើញ ៕ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖