ខេត្ដតាកែវ ៖ ជាថ្មីម្តងទៀតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវសារនយោបាយ បើទោះបីថាសម្តេចមិនបានបញ្ចេញឲ្យចំឈ្មោះ តែគេដឹងថាសារនយោបាយនេះគឺសំដៅទៅលើក្រុមអតីតអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានកាត់សិទ្ធិនយោបាយ ។ ដោយសម្តេចតេជោ ហ៊ុន សែន បានអះអាងថាគ្មានអ្វីចាំបាច់ដែលត្រូវបកស្រាយនិងពន្យល់ប្រាប់ទៀតនោះទេ ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ស្របពេលដែលមាត្រា៤៥ថ្មី (ស្ទួន១) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខានិងចូលជាធរមានកាលពីធ្ងៃទី ៨ ខែមករា។ខណៈពេលដែលលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានបង្ហោះសារលើទំព័រហ្វេសប៊ុកម្តងទៀតដើម្បីប្រាប់ទៅថ្នាក់ដឹកនាំទាំង១១៧នាក់កុំឲ្យធ្វើសំណើសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលកម្ពុជា។
នេះជាសារនយោបាយឆ្នាំថ្មីដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងចេញពីវេទិកា សំណេះសំណាលជាមួយកម្មករនិយោជិកជិត ២ម៉ឺននាក់នៅខេត្តតាកែវនាព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៩នសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«រឿងនយោបាយ ខ្ញុំមិនចាំបាច់និយាយទេ ព្រោះខ្ញុំនិយាយអស់ហើយ។ អ្នកស្តាប់បានឬមិនបានទៅតាមដំណើរទៅហើយអ្នកចង់ទៅណាក៏ទៅទៅខ្ញុំមិនទៅតមាត់ជាមួយអ្នកទេ»។
សម្តេចក៏បានរំលឹកឡើងវិញកាលពីដើមឆ្នាំ ២០០៤ បន្ទាប់ពីការបោះឆ្នោតហើយនៅឆ្នាំ ២០០៣ រួចតែមិនអាចបង្កើតរដ្ឋាភិបាលបានដោយសារតែការមានការតថ្លៃគ្នាអំពីអំណាច។ សម្តេចតេជោបានថ្លែងថា៖“កាលពីដើមឆ្នាំ២០០៤ មិនអាចបង្កើតរាជរដ្ឋាភិបាលខ្ញុំបានប្រាប់ទៅលោក ញឹក ប៊ុនឆៃ ថា ឆៃឯងប្រាប់ទៅគណបក្សលោក ឆៃ ទៅថាភាសារយោធាបើនិយាយស្តាប់គ្នាមិនបានមានតែ អញឈប់និយាយរកហ្ហែង”។
ជាមួយគ្នានោះដែរនោះសម្តេចតេជោក៏បានឲ្យប្រជាពលរដ្ឋរង់ចាំតាមដានមើលសភាពការណ៍នៅកម្ពុជាទៅដល់កម្រិតណាផងដែរ ។ សម្តេចបញ្ជាក់ថា«ចាំមើលសភាពការណ៍ខ្មែរទៅដល់ណាហ្ហែងធ្វើអីធ្វើទៅ។យើងមិនធ្វើអីទេក្មួយៗអើយតែសុំបង្កើតអារឿង «…» ប៉ុន្តែរឿងដដៃលទៀតមានវិស័យកសិកម្ម កំពុងរីកលូតលាស់ ហើយវិស័យឧស្សាហកម្មក៏កំពុងរីកលូតលាស់ និងវិស័យសេវាក៏កំពុងរីកលូតលាស់»។
សូមរំលឹកជូនដែលថា កាលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្ម ករនិយោជិតនៅខេត្តកណ្តាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការពន្យល់រួចម្តងហើយពាក់ព័ន្ធនិងមាត្រាទី៤៥ថ្មី(ស្ទួន១)នៃច្បាប់ស្តីពីគណបក្សនយោបាយ៖ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយគឺមិនមែនសម្រាប់គណបក្សណាមួយឬអ្នកនយោបាយណាមួយនោះទេគឺសំដៅទៅលើអ្នកនយោបាយនិងគណបក្សនយោបាយទាំងអស់នៅកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថាមានជម្រើស៣សម្រាប់ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។សម្តេចតេជោហ៊ុនសែនបានបន្តសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយគឺដើម្បីគណបក្សនយោបាយទាំងអស់នៅកម្ពុជា មិនមែនតម្រូវអ្នកនយោបាយ ១១៨ នាក់នៃអតិតគណបក្សសង្គ្រោះជាតិនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖អ្វីដែលខ្ញុំសូមផ្តាំនៅក្នុងពេលនេះ សេចក្តីស្នើវិសោធន៍កម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័តរួចហើយបន្ទាប់ទៅត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញហើយពេលក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហត្ថលេខា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាសម្តេចសូមបញ្ជាក់សារជាថ្មីចំពោះមនុស្សមួយចំនួនដែលមិនយល់ថាច្បាប់នេះធ្វើឡើងសម្រាប់បណ្តាគណបក្សនយោបាយទាំងអស់នៅពេលខាងមុខមិនមែនតម្រូវមនុស្សមួយក្រុមណាជាក់លាក់នោះទេ។ ពិតហើយមនុស្សមួយចំនួនកំពុងជាប់បម្រាមនេះ(មន្ត្រីបក្សប្រឆាំង) មិនមែនច្បាប់នេះចេញហើយរួចខ្លួននោះទេអ្នកឯងត្រូវធ្វើការសុំម្តងម្នាក់ មិនមែនសុំមួយកញ្ចប់ទេ។ ផ្តាំឲ្យហើយអ្នកឯងអាចជ្រើសរើសទៅអ្នកឯងអាចស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្ទាល់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកសំណើទៅនាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីលើកសំណើថ្វាយទៅព្រះមហាក្សត្រ។ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងបម្រាមនោះ! នេះជាជម្រើសទី១។
សម្តេចបន្តថាជម្រើសទី២.អ្នកជាប់បម្រាមអាចលើកសំណើទៅផ្ទាល់នាយករដ្ឋមន្ត្រីហើយនាយករដ្ឋមន្ត្រីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យថាត្រឹមត្រូវតាមលក្ខខណ្ឌឬអត់ ? រួចហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកសំណើមកនាយករដ្ឋមន្ត្រី ដើម្បីលើថ្វាយទៅព្រះមហាក្សត្រសុំលើបម្រាមនោះទេ។
ចំណែកជម្រើសទី៣ អ្នកអាចថ្វាយលិខិតផ្ទាល់ទៅព្រះមហាក្សត្រដើម្បីស្នើសុំលើកលែង។ តាមទម្លាប់ធម្មតាព្រះមហាក្សត្រគឺបញ្ជូនមកនាយករដ្ឋមន្ត្រីផ្តល់យោបល់ ។ នាយករដ្ឋមន្ត្រីនឹងផ្តល់សំណើនោះទៅឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យថាត្រឹមត្រូវហើយបញ្ជូនមកនាយករដ្ឋមន្ត្រីវិញ ដើម្បីថ្វាយទៅព្រះមហាក្សក្រដើម្បីលើកលែងបម្រាមនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងថាការស្នើសុំដកបម្រាមនេះត្រូវធ្វើឡើងម្នាក់ម្តងៗតាមលក្ខខណ្ឌសម្បត្តិរបស់មនុស្សម្នាក់ៗ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងចំពោះអតីតមេដឹកនាំគណបក្សប្រឆាំងដែលជាប់បម្រាមធ្វើនយោបាយ ហើយគិតថាខ្លួនមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះថា៖ «ពិតហើយយើងដឹងថាមានអ្នកមិនស្នើសុំ។ បាទ! មិនស្នើសុំខ្ញុំសូមអរគុណព្រោះអ្នកត្រូវដឹងថាអ្នកដែលមិនស្នើសុំក៏មិនត្រូវបានចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ ដែរ។ អ្នកជ្រើសរើសទៅ! រវាងអ្នកម្ខាងអ្នកសុំអ្នកនោះនឹងទទួលបានសិទ្ធិធ្វើនយោបាយពីឥឡូវដើម្បីរៀបចំកម្លាំងចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២។ប៉ុន្តែប្រសិនបើអ្នកនៅជាប់បម្រាមដែលធ្វើនយោបាយនោះនឹងត្រូវទទួលទោសបន្ថែមទៀត»។ សម្តេចតេជោបន្តថា៖«អ្នកគិតមើលទៅចំណេញខាតនៅកន្លែងណាអ្នកគិតមើលទៅ ខ្ញុំអត់បង្ខំអ្នកទេ! តែច្បាប់បានបើកហើយ។ ពីមុននេះបានស្នើសុំ ប៉ុន្តែសាលដីកាតុលាការកំពូលដែលចេញហើយបិទផ្លូវតវ៉ា។ ឥឡូវយើងបើកច្រកហើយអ្នកចង់ចេញក៏ចេញ អ្នកចង់ចូលក៏ចូល។ ផ្ទុយទៅវិញមិនចូលខ្ញុំសូមអរគុណ។ ព្រោះជៀសវាងការរញ៉េរញ៉ៃ»។
កាលពីថ្ងៃទី ៨ ខែ មករា នេះព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់នូវមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ មាត្រាថ្មីនេះ ផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រី ថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គ រាជានុញ្ញាត ឲ្យអ្នកដែលត្រូវបានតុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយ បានចូលធ្វើនយោបាយវិញ។
សូមបញ្ជាក់ជូនថា៖សេចក្តីស្នើច្បាប់ស្តីពីវិសោនកម្មច្បាប់គណបក្សនយោបាយត្រូវបានរៀបចំដោយតំណាងរាស្ត្រចំនួន៨៧រូបដើម្បីកែប្រែនូវមាត្រា៤៥ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី(ស្ទួនមួយ)ដូចតទៅ៖«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយឬចូលរួមក្នុងគណបក្សនយោបាយណាមួយឬឈរឈ្មោះឲ្យគេបោះឆ្នោតឬធ្វើសកម្មភាពណាមួយគាំទ្រឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្ម ភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូលឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រីតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»៕