នៅតាមទីផ្សារ ក៏ដូចតាមតូបលក់កាហ្វេជាច្រើននៅក្នុងរាជធានីភ្នំពេញ នាយជាលបានឮក្រុម អាជីវករជាច្រើនបានជជែកគ្នាអំពីប្រសាសន៍សម្តេចតេជោហ៊ុន សែន ក្នុងពេលជួបសំណេះ សំណាលជាមួយអ្នកកាសែតទូទាំងប្រទេសនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីរសៀលថ្ងៃសុក្រនេះថា« នៅតាមច្រកទ្វារព្រំដែនទាំងអស់ទុកតែស្ថាប័ន២ទេ គឺ គយ និង នគរបាលអន្តោប្រវេសន៍ ក្រៅពីនេះត្រូវដកចេញឲ្យអស់ » ។
វិធានការណ៍ថ្មីរបស់សម្តេចតេជោនាពេលនេះធ្វើឲ្យក្រុមអាជីវករ និងប្រជាពលរដ្ឋសម្តែងអំណរសាទរយ៉ាងខ្លាំង ដោយចាត់ទុកថានឹងធ្វើឲ្យកាត់បន្ថយការចំណាយ ការនាំទំនិញចេញ ចូលទៅលើស្ថាប័នផ្សេងទៀតជាច្រើនអត់ប្រយោជន៍ ។ លើសពីនេះទៀត បើកាត់បន្ថយចំណាយនៅតាមព្រំដែនបានមួយចំនួននោះនឹងធ្វើឲ្យទំនិញសព្វសារពើចុះថោកខ្លះៗដែរ ។
បានឮការជជែកគ្នាបែបនេះ នាយជាល ក៏ចូលទៅជិត និងបានដាក់សំណួរទៅអ្នកជំនួញម្នាក់ដែលគាត់អះអាងថា ជាអ្នកនាំទំនិញចេញចូលតាមព្រំដែន និងបានចំណាយប្រាក់ជាច្រើនទៅ លើស្ថាប័នមួយចំនួននោះតើមានស្ថាប័នណាខ្លះ? អ្នកជំនួញម្នាក់នេះបានប្រាប់ថា ក្រៅពីបង់ ជូនស្ថាប័នគយ និង អន្តោប្រវេសន៍ មានដូចជា កាំកុងត្រូល និងពេទ្យសត្វជាដើម ។
បើគិតពីស្ថាប័នមួយចំនួនទៀតនៅតាមព្រំដែនមានច្រើនណាស់គ្រាន់តែស៊ីតាមជំនាញ ដូចជា ប៉ូលិសសេដ្ឋកិច្ច ស្ថាប័នខេត្តជាម្ចាស់មូលដ្ឋាននីមួយៗ យោធាទំនាក់ទំនងព្រំដែន នៃអគ្គបញ្ជាការ នគរបាលបង្ក្រាបគ្រឿងញៀនតាមព្រំដែន BLO មន្ដ្រីចតាឡីស័ក (មន្ដ្រីពិនិត្យលើជំងឺឆ្លង) ជាដើម ។
ពេលស្តាប់ការរៀបរាប់ពីស្ថាប័នឈរជើងតាមព្រំដែនច្រើនដូចស្និតចេកយ៉ាងនេះ ធ្វើឲ្យនាយជាលភ្ញាក់ខ្លួនព្រឺត ព្រោះទើបដឹងថា អ៊ីចឹងតើ បានជាក្រុមក្រុមឈ្មួញចេះតែត្អូញត្អែរពីការរកស៊ីរកលុយបង់ឲ្យតែប្តីគេមិនសល់លុយ សល់ប្រាក់ចំណេញយ៉ាងនេះ ? ដូច្នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទុកតែស្ថាប័នពីរគឺ គយ និង អន្តោប្រវេសន៍ មិនខុសមែន ក្រៅពីនេះរំលាយចោលឲ្យអស់ចុះ ព្រោះបើទុកក៏មិនចំណេញ ដកចេញក៏មិនខាត ដូចទ្រឹស្តីអាពតថាមិន ខុសមែន៕ នាយជាល