ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈល្ងីល្ងើ ៖ មាត់កំភ្លាញ មាត់ឆ្តោ !

ចែករំលែក៖

ចូលផឹកកាហ្វេខ្មៅទើបក្រេបបានមួយក្អឹក នាយជាលយកត្រចៀកត្រងស្តាប់ក្រុមលោកតាៗ មួយក្រុមដែលភាគច្រើនជាអ្នកទើបចូលរ៉ឺត្រែត(និវត្ត) និងជាអ្នកចូលចិត្តតាមដានស្ថានការណ៍ នយោបាយក្នុងប្រទេស ក្រៅប្រទេស នាំគ្នាជជែកនេះជជែកនោះមិនដាច់ពីមាត់។ នាយជាល មិនដឹងថា ពួកគាត់ជជែកគ្នាពីរឿងអ្វីនោះទេ ក្រៅពីចុងក្រោយលោកតាម្នាក់និយាយថា« ហ្នឹងហើយមាត់​កំភ្លាញ មាត់ឆ្តោ » ។

លោកតាម្នាក់ដែលបង្ហុយផ្សែងបារីពីមាត់ហុយទ្រលោមឡើងលើហើយបានលើកកែវកាហ្វេទឹកកកក្រេបតាមក្រោយ ពីរ បី ក្អឹកបានលាន់មាត់ថា ការរស់នៅសង្គមឲ្យចេះមើលគេមើលឯង កុំងាប់ដោយ​សារមាត់ កុំជាប់គុកដោយសារមាត់ ឬកុំអស់ស័ក្តិយស ដោយសារមាត់ ។ បានស្តាប់សម្តីនេះលោកតាម្នាក់ពាក់វ៉ែនតាសរីកកែវភ្នែកប៉ុនគ្រាប់ពោត ដែលអង្គុយក្បែរនោះ បានលាន់មាត់សួរថា ស្អីទៅ កុំងាប់ដោយ​សារមាត់ កុំជាប់គុកដោយសារមាត់ ឬកុំអស់ស័ក្តិ​យស ដោយសារមាត់ ?

លោកតាទី១ លេបទឹកមាត់មួយក្អឹក ក៏និយាយប្រៀបធៀបរឿងព្រេងមួយនិយាយ អំពីត្រី​កំភ្លាញងាប់ដោយ​សារមាត់ គឺងាប់ដោយទាំងត្រីធំៗ ដូចជាត្រីផ្ទក់ ត្រីរ៉ស់ ត្រីឆ្តោ ជាដើមទៀត ព្រោះចាញ់បោក អ្នកនេសាទស្រែកសួរថា នៅបឹងនេះមានត្រីទេ បើអ្នកណា​ដឹងប្រាប់មកយើង​មិននេសាទពួក​ឯង​យកទៅធ្វើម្ហូបទេ យើងទុកឯងឲ្យនៅបន្តពូជនិងឲ្យធ្វើមេបឹង។ គ្រានោះ ត្រីផ្ទក់ រ៉ស់ ឆ្តោ នាំគ្នាសម្ងំស្ងាត់ជ្រៀបព្រោះដឹងថាចាញ់បោកអ្នកនេសាទហើយ តែចម្លែកអី​តែត្រីកំភ្លាញមានមហិច្ឆតាចង់ធ្វើមេគ្រប់គ្រងបឹងដ៏ធំមួយនេះ ក៏លោតពន្លៀក​ផ្លោតៗចេញ​ពីក្នុងទឹកស្រែក​ក្តែងៗថា « លោកម្ចាស់ពិតជាមាន » ។ គ្រាន់តែស្រែកប្រាប់សឹងមិនទាន់ សំណាញ់របស់អ្នកនេសាទបានក្រសោបទាំង ផ្ទក់ រ៉ស់ ឆ្តោនិងកំភ្លាញខ្លួនឯងយកទៅធ្វើម្ហូប បាត់ ។ នេះហើយគេហៅថា ងាប់ដោយសារមាត់ត្រីកំភ្លាញ ។ វាមិនខុសអីពីថ្មីៗនេះ ចំប៉ីខ្មៅ ជាប់គុក លោក គឹម រស្មី និងលោក ហោ សុខុន អស់ស័ក្តិយសដោយសារសម្តីនេះឯង ។

បានស្តាប់រឿងនិទាននិងឧទាហរណ៍ដល់ត្រង់នេះ លោកតាពាក់វ៉ែនតា ស បើកភ្នែកធំនិយាយ គំហ៊កដាក់តាទី១ថា « តាឯងចេះតែនិយាយ! បើអស់ស័ក្តិយសដោយសារសម្តីមែន ចុះកន្លង​មកនាង ធី សុវណ្ណថា និងលោក ខឹម វាសនា ស្រែកកោកប្រមាថលោកសង្ឃ ប្រមាថរដ្ឋា​ភិ​បាល កប់ៗមាត់ម៉េចមិនឲ្យពួកគាត់ស្លាប់ដោយសារមាត់ផងទៅ? តាឯងមានមាត់ចេះ​តែ​និយាយ តិចងាប់ដូចត្រីកំភ្លាញ ?

និយាយដល់ត្រង់នេះតាទី១ ឆ្លើយកាត់ផូងថា តាមអីពីរនាក់នឹង ជាមាត់ត្រីឆ្តោខុសពីមាត់ត្រី​កំភ្លាញ​មាត់ប៉ុនម្ជុល តាឯងដឹងអត់ ?

បានស្តាប់លោកតាពីរនាក់នេះជជែកគ្នារឿងនេះ នាយ ជាល នឹកហួសចិត្ត ក៏ទាញកង់កញ្ចាស់ ជិះចេញពីតៀមកាហ្វេទាំងមិនដឹងថាបែកកង់មុខផង។នាយជាលទុកឲ្យមិត្តទាំងអស់ជួយពិចារណានិងយល់ឃើញទៅចុះ តើទស្សនរបស់លោកតាៗ យ៉ាងម៉េច ចំណែកនាយជាលគិតថា វាមិនសូវខុសប៉ុន្មានទេ ៕ នាយជាលៃ

 


ចែករំលែក៖