ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ លុបបឹងព្រែកទប់ រួចស្រែករកទឹក

ចែករំលែក៖

ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ​នៅក្រុងព្រះសីហនុ ចេះតែឆ្ងល់ថ្នាក់ដឹកនាំខេត្ត ស្រែករកទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រាដែល​គេដឹង​ថា ប្រភពទឹកស្អាតនៅក្នុងទីក្រុងនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តឃុបឃិតជាមួយស្ថាប័នជំនាញលក់ឲ្យគេទៅហើយនោះ ។ បឹងព្រែកទប់ ជាប្រភពទឹកស្អាតដ៏សំខាន់មួយសម្រាប់​ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ។ ប៉ុន្តែឥឡូវនេះ ទាំងអ្នកមានអំណាច ទាំងអ្នកមានលុយ អង្កន់បឹងព្រែកទប់ចែកគ្នាអស់ទៅហើយ ។ គ្មានក្រុមហ៊ុនណា​អាចសង្គ្រោះទាន់ពេលវេលាសម្រាបហានិភ័យដែលកើតឡើងភ្លាមៗនេះបានទេ ។ នៅរដូវប្រាំងដែលកើនកម្តៅថែមទៀតនេះ គេជឿថា ខេត្តព្រះសីហនុ ប្រឈមនឹងកង្វះទឹកកាន់តែខ្លាំងឡើងថែមទៀត ។

នាងខ្ញុំ​បានឃើញថ្នាក់ដឹកនាំ​ខេត្តព្រះសីហនុ ដើរត្រេងត្រាង​មើល​ស្ថានីយបូមទឺកមួយចំនួន ហើយបាន​«ជំរុញ» ឲ្យក្រុមហ៊ុនពន្លឿនគ្រប់សកម្មភាពក្នុងការ​ផ្តល់ទឹកជូនប្រជាពលរដ្ឋ​ឲ្យបានគ្រប់គ្រាន់ ។ ខាងក្រុមហ៊ុនក៏បានឆ្លើយ​«យេស» ប៉ុន្តែមិនបានសន្យាថា ថ្ងៃនេះ ឬថ្ងៃស្អែកនោះដែរ ។ ដូច្នេះ គ្មានភាពប្រាកដប្រជា សម្រាប់ឲ្យយើងខ្ញុំជាប្រជាពលរដ្ឋ​នៅក្រុងព្រះសីហនុ ថា នឹងមានទឹកប្រើប្រាស់ក្នុងពេលវេលាប្រាកដប្រជាណាមួយនៅឡើយ ។ បើទឹកប្រើប្រាស់ ងួតផឹក គ្មានផង តើមានទឹកឯណាសម្រាប់ប្រើប្រាស់​បំពេញសេចក្តីត្រូវការ​សម្រាប់ការងារសំណង់ ឬការអភិវឌ្ឍអ្វីផ្សេងៗនោះ ។ អាជ្ញាធរខេត្ត គួរប្រើស្មារតី និងការគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយអំពីបញ្ហាទឹកនេះ ពីព្រោះថា វានឹងមានហានិភ័យខ្ពស់ ។ សូម្បីតែភ្ញៀវទេសចរណ៍​ក៏មិនអាចទៅកម្សាន្ត​នៅទីកន្លែងដែលគ្មានទឹកប្រើប្រាស់នោះដែរ ។

ថ្នាក់ដឹកនាំក្រុង-ខេត្ត​ព្រះសីហនុដឹងច្បាស់ណាស់អំពីមូលហេតុ​ដែលបណ្តាលឲ្យខ្វះខាតទឹកនៅពេលដែលរដូវប្រាំងទើបតែចាប់ផ្តើម ។ ប៉ុន្តែ​គ្មាននរណាហ៊ាននិយាយអំពីបញ្ហានេះ​ឲ្យចំនោះទេ ។ ផ្ទុយទៅវិញ គឺគេដឹងគ្រប់គ្នាថា បឹងព្រែកទប់ ដែលជាប្រភពទឹកស្អាត ត្រូវបានគេចែករំលែកអស់ទៅហើយ ។ នៅពេលដែលបញ្ហានេះកើតឡើង ថ្នាក់ដឹកនាំខេត្ត​ព្រះសីហនុ​បាននិយាយថា បឹងព្រែកទប់ លែងជា​ប្រភពទឹកស្អាត​សម្រាប់អ្នកក្រុងព្រះសីហនុទៀត​ហើយ ។ ប៉ុន្តែប្រសិនបើបឹងព្រែកទប់មិនទាន់ត្រូវបានគេយកទៅបុះចែកផល​ប្រយោជន៍ទេនោះ ប្រជាពលរដ្ឋ​នៅក្រុងព្រះសីហនុយើងខ្ញុំ​ ក៏មិទាន់រងនូវហានិភ័យ​ដូចថ្ងៃនេះដែរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖