យើងខ្ញុំជាប្រជាពលរដ្ឋរង់ចាំមើលថា តើមុខមាត់ឧកញ៉ាពាក់ព័ន្ធនឹងផ្តល់ទីតាំងឲ្យមហាជនរាប់រយនាក់ប្រើប្រាស់គ្រឿងញៀននោះយ៉ាងម៉េច? ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបណ្តោយឲ្យអ្នកកាសែតថតផ្តេសផ្តាស់នោះទេ ដោយសំអាងថា លោកឧកញ៉ាមិនមែនជាជនសង្ស័យពិតប្រាកដនៅឡើយ ។ ដូច្នេះ មិនអាចឲ្យថតផ្តេសផ្តាស់បានទេ សូម្បីតែកង់រថយន្តដែលលោកឧកញ៉ាជិះចូលតុលាការ ក៏មិនឲ្យថតផង ។ ប៉ុន្តែបើបទល្មើសជាក់ស្តែង នឹងអនុញ្ញាតឲ្យថតដោយសេរី ។ នេះគឺជាបញ្ហាផ្លូវច្បាប់ ដែលប្រជាពលរដ្ឋត្រូវយល់ ។ យ៉ាងណាក៏ដោយ ខ្ញុំបាទសង្កេតឃើញថា បើអ្នកជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ទោះបីតូចតាចយ៉ាងណា មុខជាត្រូវសមត្ថកិច្ចយើងចាប់ដាក់ខ្នោះ រុញឲ្យអ្នកកាសែតថតផ្សាយព្រោងព្រាតមិនខាន ។
ជាក់ស្តែងដូចជាបុរសម្នាក់ក្នុងរូបភាពនេះ ជាប់ពាក់ព័ន្ធនឹងការជួញដូរ ឬប្រើប្រាស់គ្រឿងញៀន២គ្រឿង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ រើខ្លួនមិនរួច ហើយបង្គាប់ឲ្យចង្អុលទៅគ្រឿងញៀន២គ្រាប់ដើម្បីឲ្យអ្នកកាសែតថតផ្សាយ ។ គ្រឿងញៀន២គ្រាប់ តើជាទោសព្រហ្មទណ្ឌ ឬទោសឧក្រិដ្ឋយ៉ាងណា ទើបបានសមត្ថកិច្ចចាប់ដាក់ខ្នោះ រឹតស្ទើរបែកថ្លើមយ៉ាងនេះ ។ បើប្រៀបធៀបនឹងលោកឧកញ៉ាដែលជាប់សង្ស័យថា ផ្តល់ទីតាំងឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន មានទម្ងាន់រហូតដល់៥០គីឡូក្រាមនោះ តើគ្រឿងញៀន២គ្រាប់ជាបទឧក្រិដ្ឋឬយ៉ាងណា? វានៅតែជាបញ្ហាអយុត្តិធម៌ បើទោះបីពួកគាត់ជាជនសង្ស័យក៏ដោយ ។ ជនសង្ស័យដូចគ្នា ប៉ុន្តែលោកឧកញ៉ាមានសំណាងសម្រាកនៅពន្ធនាគារ ប៉េហ្ស៊ី ឯបុរសដែលជាប់ពាក់ព័ន្ធគ្រឿងញៀន២គ្រាប់ មុខជាដេកគុកព្រៃស ហើយត្រូវអ្នកទោសនៅទីនោះស្វាគមន៍ទន់សាច់មិនខាន ។
អ្វីដូចដែលបានឃើញ មានជនរងគ្រោះជាច្រើននៃបញ្ហាគ្រឿងញៀន ហើយបានទទួលរងនូវអយុត្តិធម៌បន្ថែមទៀតបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ។ ខ្លះត្រូវបានចាប់ដោយភ័ន្តច្រឡំ ហើយវាយស្ទើរក្ស័យប្រាណទើបដោះលែងទៅវិញ ។ ការធ្វើទារុណកម្មទៅលើអ្នកដែលប្រើប្រាស់ ឬជួញដូរគ្រឿងញៀនចៀសមិនរួចឡើយ ។ ប៉ុន្តែបើក្រឡេកមើល លោកឧកញ៉ាថៅកែក្លិបកម្សាន្ត រ៉ក់ ឯណោះវិញ ទំនងជាគ្មាននរណាហ៊ានប៉ះនោះឡើយ ។ ហេតុដូច្នេះ សមត្ថកិច្ចគួរតែបង្ហាញឲ្យឃើញអំពីតម្លាភាពចំពោះជនសង្ស័យដូចគ្នា មិនគួរធ្វើទារុណកម្មតែទៅលើជនរងគ្រោះ ឬជនសង្ស័យ ដែលជាអ្នកក្រីក្រនោះទេ ។ ច្បាប់សម្រាប់មនុស្សគឺស្មើៗគ្នា មិនសម្រាប់អ្នកមានផ្សេង អ្នកក្រផ្សឹងនោះឡើយ ៕