អាជ្ញាធរខណ្ឌចំការមន ឈឺក្បាល វិលមុខចំពោះប្រជាពលរដ្ឋនៅក្បែរៗតំបន់លូទឹកស្អុយ បឹងត្របែកដែលមិនព្រមកែមារយាទ ក្នុងការចោលសំរាម ។ អាជ្ញាធរបានដាក់កម្លាំងចាំចាប់អ្នកបំពានច្បាប់ទាំងនោះ ហើយឃើញថា មានប្រជាពលរដ្ឋជាច្រើននៅតែបន្តយកសំរាមមកចោលលើលូ ដែលជាប្រព័ន្ធបង្ហូរទឹកសំអុយ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឯណេះវិញ មានប្រជាពលរដ្ឋជាច្រើនបញ្ចេញយោបល់ ដែលខ្លះថា គួរតែផាកពិន័យឲ្យច្រើនម៉ឺនសែនរៀល និងខ្លះថា ធ្វើច្បាប់ឲ្យតឹងតែងដាក់ទោសចំពោះអ្នកចោលសំរាមផ្តេសផ្តាស់, ខ្លះថា ត្រូវរៀបចំធុងសំរាមឲ្យត្រឹមត្រូវ និងខ្លះសួរថា តើរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី បានចុះមកប្រមូលសំរាមទៀងទាត់ឬទេ?
សម្រាប់នាងខ្ញុំជាប្រជាពលរដ្ឋម្នាក់យល់ស្របចំពោះយោបល់ទាំងអម្បាលម៉ានខាងលើ ពីព្រោះថា វាសុទ្ធតែជាបញ្ហាបណ្តាលឲ្យប្រជាពលរដ្ឋ ដែលខ្វះការទទួលខុសត្រូវយកសំរាមទៅចោលពាសវាលពាសកាល ។ វិធានការច្បាប់តឹងតែង អាចជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាល ប៉ុន្តែតើអាជ្ញាធរបានបំពេញតួនាទីគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋឬនៅ? ដូចជាករណីដែលត្រូវមានធុងសំរាមរួមធំមួយ សម្រាប់ឲ្យរថយន្តប្រមូលសំរាមមកយក ឬក៏ការកំណត់ម៉ោងពេលជាក់លាក់ ដែលរថយន្តប្រមូលសំរាម ត្រូវចេញមកយកសំរាមពីតាមផ្ទះប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះ រថយន្តក្រុមហ៊ុនស៊ីនទ្រី ចុះមកប្រមូលសំរាមមិនទៀងទាត់ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យសំរាមត្រូវកកស្ទះនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យមេគ្រួសារខ្លះបង្ខំចិត្តបញ្ចេញសំរាមពីក្នុងផ្ទះ យកទៅចោលនៅទីសាធារណៈ ។ ចំណុចនេះ តើគួរមានដំណោះស្រាយបែបណា? បង់លុយឲ្យក្រុមហ៊ុនប្រមូលសំរាមហើយ ប៉ុន្តែគេមិនមកប្រមូលឲ្យទៀងទាត់ ដូច្នេះ ផ្ទះនីមួយៗត្រូវបង្ខំចិត្តទុកសំរាមក្នុងផ្ទះ រយៈពេលយូរ ដោយរង់ចាំរថយន្តមកយកឬយ៉ាងណា?
នាងខ្ញុំឮទៀតថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនប្រមូលសំរាមនឹងដំឡើងថ្លៃសេវាដឹកជញ្ជូនរបស់ខ្លួន ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ គ្រាន់តែចង់ឃើញការដឹកជញ្ជូន ឬប្រមូលសំរាមបានទៀងទាត់តាមកាលកំណត់តែប៉ុណ្ណោះ ។ គ្មានប្រជាពលរដ្ឋណាម្នាក់ចង់ទុកសំរាមតាំងលម្អចោលក្លិនស្អុយនៅក្នុងផ្ទះរបស់ខ្លួននោះទេ ។ ប៉ុន្តែការដែលក្រុមហ៊ុនមិនចុះមកប្រមូលសំរាមឲ្យទៀងទាត់ ជួនកាលយឺតយូរមួយថ្ងៃ ឬពីរថ្ងៃ វាធ្វើឲ្យសំរាមកកស្ទះ ។ ចំណុចនេះអាជ្ញាធរគួរដោះស្រាយយ៉ាងណា? ក្រុមហ៊ុនប្រមូលសំរាម បានត្រឹមតែប្រមូលយកលុយតាមរយៈក្រុមហ៊ុនអគ្គិសនីប៉ុណ្ណោះ ។ រីឯការប្រមូលសំរាមមិនទៀងទាត់ មិនស្ថិតនៅក្នុងជម្រើសដែលត្រូវប្រតិបត្តិឲ្យខ្ជាប់ខ្ជួននោះឡើយ ។ ប្រជាពលរដ្ឋ មិនប្រាថ្នាចង់ទុកសំរាមនៅក្នុងផ្ទះនោះទេ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ គួរតែលៃលកមានធុងសំរាមរួមមួយសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍នោះ ឬត្រូវកំណត់ពេលវេលាជាក់លាក់នៃការប្រមូលសំរាម ។
ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នាងខ្ញុំយល់ថា ប្រជាពលរដ្ឋដែលយកសំរាមទៅចោល ពិតជាមានកំហុស ។ ការធ្វើច្បាប់មួយដ៏រឹងមាំ ដូចជាការផាកពិន័យ ឬក៏ផ្តន្ទាទោសយ៉ាងណានោះ គឺជាវិធានការដ៏មានប្រសិទ្ធភាព ។ ការអប់រំ ណែនាំជាវិធានការដំបូង ដែលត្រូវអនុវត្តចំពោះប្រជាពលរដ្ឋដែលតែងតែយកសំរាមមកចោលពាសវាលពាសកាល ។ ការមិនស្តាប់អាជ្ញាធរអប់រំណែនាំ គឺត្រូវបន្តដល់ការអនុវត្តច្បាប់ ។ ប៉ុន្តែអាជ្ញាធរខ្លួនឯង ក៏ត្រូវមើលខ្លួនឯងដែរថា តើយើងបានបំពេញភារកិច្ចតួនាទីជូនប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយហើយឬនៅ? ការដែលរថយន្តប្រមូលសំរាមមិនចុះមកប្រមូលសំរាម ឲ្យបានទៀងទាត់ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ ៕ ប្រជាពលរដ្ឋម្នាក់