ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រឿងចោលសំរាមមុខលូ បឹងត្របែក

ចែករំលែក៖

អាជ្ញាធរខណ្ឌចំការមន ឈឺក្បាល វិលមុខចំពោះប្រជាពលរដ្ឋ​នៅក្បែរៗតំបន់លូទឹកស្អុយ បឹងត្របែក​ដែលមិនព្រមកែមារយាទ ក្នុងការ​ចោលសំរាម ។ អាជ្ញាធរបានដាក់កម្លាំងចាំចាប់​អ្នកបំពានច្បាប់ទាំងនោះ ហើយឃើញថា មានប្រជាពលរដ្ឋជាច្រើន​នៅតែបន្ត​យកសំរាម​មកចោលលើ​លូ ដែល​ជាប្រព័ន្ធបង្ហូរទឹកសំអុយ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឯណេះវិញ មានប្រជាពលរដ្ឋជាច្រើនបញ្ចេញយោបល់ ដែលខ្លះថា គួរតែផាកពិន័យ​ឲ្យច្រើនម៉ឺនសែនរៀល និងខ្លះថា ធ្វើច្បាប់ឲ្យតឹងតែងដាក់ទោស​ចំពោះ​អ្នកចោលសំរាមផ្តេសផ្តាស់, ខ្លះថា ត្រូវរៀបចំធុងសំរាមឲ្យត្រឹមត្រូវ និងខ្លះសួរថា តើរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី បានចុះមក​ប្រមូលសំរាមទៀងទាត់ឬទេ?

សម្រាប់នាងខ្ញុំជាប្រជាពលរដ្ឋម្នាក់​យល់ស្រប​ចំពោះយោបល់ទាំងអម្បាលម៉ានខាងលើ ពីព្រោះថា វាសុទ្ធតែជាបញ្ហាបណ្តាលឲ្យប្រជាពលរដ្ឋ ដែលខ្វះការទទួលខុសត្រូវយកសំរាមទៅចោលពាសវាលពាសកាល ។ វិធានការច្បាប់តឹងតែង អាចជួយកាត់បន្ថយ​ការចោលសំរាមពាសវាល​ពាសកាល ប៉ុន្តែ​តើអាជ្ញាធរ​បានបំពេញតួនាទីគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋឬនៅ? ដូចជាករណីដែលត្រូវមានធុងសំរាមរួមធំមួយ សម្រាប់ឲ្យរថយន្តប្រមូលសំរាម​មកយក ឬក៏ការកំណត់ម៉ោងពេលជាក់លាក់ ដែល​រថយន្តប្រមូល​សំរាម ត្រូវចេញមកយកសំរាម​ពីតាមផ្ទះប្រជាពលរដ្ឋ ។ សព្វថ្ងៃនេះ រថយន្តក្រុមហ៊ុនស៊ីនទ្រី ចុះមកប្រមូលសំរាម​មិនទៀងទាត់ វាក៏ជាមូលហេតុមួយដែលធ្វើឲ្យសំរាមត្រូវកកស្ទះនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យមេគ្រួសារខ្លះបង្ខំចិត្ត​បញ្ចេញសំរាមពីក្នុងផ្ទះ យកទៅចោលនៅទីសាធារណៈ ។ ចំណុចនេះ តើគួរមានដំណោះស្រាយបែបណា? បង់លុយឲ្យក្រុមហ៊ុនប្រមូលសំរាមហើយ ប៉ុន្តែគេមិនមកប្រមូលឲ្យទៀងទាត់ ដូច្នេះ ផ្ទះនីមួយៗត្រូវបង្ខំចិត្តទុកសំរាមក្នុងផ្ទះ រយៈពេលយូរ ដោយរង់ចាំរថយន្តមកយកឬយ៉ាងណា?

នាងខ្ញុំឮទៀតថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុនប្រមូលសំរាមនឹងដំឡើងថ្លៃ​សេវាដឹកជញ្ជូនរបស់ខ្លួន ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ គ្រាន់តែចង់ឃើញការដឹកជញ្ជូន​ ឬប្រមូលសំរាម​បានទៀងទាត់តាមកាលកំណត់តែប៉ុណ្ណោះ ។ គ្មានប្រជាពលរដ្ឋណាម្នាក់ចង់ទុកសំរាមតាំងលម្អចោលក្លិនស្អុយនៅក្នុងផ្ទះរបស់ខ្លួននោះទេ ។ ប៉ុន្តែ​ការដែលក្រុមហ៊ុន​មិនចុះមកប្រមូលសំរាមឲ្យទៀងទាត់ ជួនកាលយឺតយូរមួយថ្ងៃ ឬពីរថ្ងៃ វាធ្វើឲ្យសំរាមកកស្ទះ ។ ចំណុចនេះអាជ្ញាធរគួរដោះស្រាយ​យ៉ាងណា? ក្រុមហ៊ុនប្រមូលសំរាម បានត្រឹមតែប្រមូលយកលុយ​តាមរយៈក្រុមហ៊ុនអគ្គិសនីប៉ុណ្ណោះ ។ រីឯ​ការប្រមូលសំរាមមិនទៀងទាត់ មិនស្ថិតនៅក្នុងជម្រើសដែលត្រូវប្រតិបត្តិឲ្យខ្ជាប់ខ្ជួននោះឡើយ ។ ប្រជាពលរដ្ឋ មិនប្រាថ្នាចង់​ទុកសំរាមនៅក្នុងផ្ទះនោះទេ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ គួរតែលៃលក​មានធុងសំរាមរួមមួយសម្រាប់​ប្រជាពលរដ្ឋ​ក្នុងសហគមន៍នោះ ឬត្រូវកំណត់ពេលវេលាជាក់លាក់នៃការប្រមូលសំរាម ។

ក្នុងនាមប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ នាងខ្ញុំយល់ថា ប្រជាពលរដ្ឋ​ដែលយកសំរាមទៅចោល ពិតជាមានកំហុស ។ ការធ្វើច្បាប់មួយដ៏រឹងមាំ ដូចជាការផាកពិន័យ ឬក៏ផ្តន្ទាទោសយ៉ាងណានោះ គឺជាវិធានការដ៏មានប្រសិទ្ធភាព ។ ការអប់រំ ណែនាំជាវិធានការ​ដំបូង ដែលត្រូវអនុវត្តចំពោះប្រជាពលរដ្ឋ​ដែលតែងតែយកសំរាមមកចោលពាសវាលពាសកាល ។ ការមិនស្តាប់អាជ្ញាធរ​អប់រំណែនាំ គឺត្រូវបន្តដល់​ការអនុវត្តច្បាប់ ។ ប៉ុន្តែអាជ្ញាធរខ្លួនឯង ក៏ត្រូវមើលខ្លួនឯងដែរថា តើយើងបានបំពេញ​ភារកិច្ច​តួនាទីជូនប្រជាពលរដ្ឋ​គ្រប់ជ្រុងជ្រោយហើយឬនៅ? ការដែលរថយន្តប្រមូលសំរាម​មិនចុះមកប្រមូលសំរាម ឲ្យបានទៀងទាត់ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖