ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សំរាមមិនប្រមូល​ ប្រមូលតែលុយ

ចែករំលែក៖

យើងខ្ញុំជាប្រជាពលរដ្ឋ​រស់នៅ​ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា សំរាមត្រូវបានគរមុខផ្ទះប្រជាពលរដ្ឋ ដោយមិនឃើញរថយន្តប្រមូលសំរាមចុះទៅយកនោះទេ ។ ក្រុមហ៊ុនប្រមូលលុយ​មិនដែលខកខាន ប៉ុន្តែ​មិនចុះប្រមូលសំរាមឲ្យបានទៀត​ទាត់​ ។ រីឯអាជ្ញាធរ បានត្រឹមតែស្តីបន្ទោស​ឲ្យប្រជាពលរដ្ឋរឿងសំរាមនេះ ។ មិនដឹងថា តើវាជា​កំហុស​ខាងណានោះទេ? ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋយើងខ្ញុំ​ ពិតជាបានបង់ប្រាក់​ឲ្យខាង​ក្រុមហ៊ុនប្រមូលសំរាមហើយ ប៉ុន្តែក្រុមហ៊ុន​មិនចុះ​មកប្រមូល ហើយអាជ្ញាធរ​ស្តីបន្ទោស​យើងខ្ញុំជាប្រជាពលរដ្ឋ​រឿងទុកដាក់សំរាមនេះ ។

ស្ទើរគ្រប់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សំរាមមិនត្រូវបានគេចុះមកប្រមូលនោះឡើយ ។ យូរៗម្តង គេឃើញ រថយន្តប្រមូលសំរាម ចុះមកប្រមូលម្តងដែរ ពោលគឺប្រហែល​១សប្តាហ៍ ឬ១០ថ្ងៃ ទើបចុះមកប្រមូលម្តង ។ ប្រការនេះធ្វើឲ្យសំរាមត្រូវកកស្ទះ នៅគ្រប់ច្រកផ្លូវតាមផ្ទះរបស់អ្នកភូមិ ។ អ្នកខ្លះត្រូវបង្ខំចិត្ត​យកសំរាម​ទៅបោះចោល​ក្នុងទន្លេ ។ រីឯអាជ្ញាធរដែនដី តាមរយៈកិច្ចប្រជុំនានា​ជាមួយប្រជាពលរដ្ឋ តែងតែដាស់តឿន​ឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានស្រួលបួល ពោលគឺមិនត្រូវចោលសំរាម​ផ្តេសផ្តាស់នោះទេ ។ តើ​ប្រជាពលរដ្ឋ​ត្រូវទុកសំរាមក្នុងផ្ទះរយៈពេលយូរ​រហូតដល់១សប្តាហ៍ ឬ១០ថ្ងៃបានដែរឬទេ? បើ​លំនៅឋាន​ថ្នាក់ដឹកនាំ​សង្កាត់ ខណ្ឌ អាចទុកសំរាមនៅក្នុងផ្ទះរយៈពេល១សប្តាហ៍ ឬ១០ថ្ងៃបាន នោះប្រជាពលរដ្ឋ​ក៏សុខចិត្តទុកដែរ ។

ប៉ុន្តែសំរាមមិនអាចទុកក្នុងផ្ទះបានយូរថ្ងៃទេ ពីព្រោះវានឹងស្អុយ ឬក៏មានដង្កូវចោះជាមិនខាន ។ ចុះបើក្រុមហ៊ុនមិនមកប្រមូលសំរាម តើឲ្យប្រជាពលរដ្ឋយកសំរាមទៅទុកនៅឯណា ។ ដំណោះស្រាយ​មានតែមួយ បើទោះបីជាស្អុយយ៉ាងណា ក៏ត្រូវយកវា ទៅគរទុកនៅមុខផ្ទះសិនដែរ ។ យើងខ្ញុំចង់សួរទៅអាជ្ញាធរថា តើ​បើក្រុមហ៊ុនស៊ីនទ្រី​មិនចុះមកប្រមូលសំរាម តើយើងខ្ញុំត្រូវទុកសំរាម​នៅក្នុងផ្ទះបាយ ឬនៅក្នុងបន្ទប់ទឹក ឬត្រូវចោលនៅមុខផ្ទះ? ជម្រើសដែលល្អជាងគេ គឺត្រូវយក​សំរាមទាំងនោះទៅចោល​នៅមុខផ្ទះ បើទោះជាវា​ស្អុយយ៉ាងណា ក៏​មិនធ្ងន់ធ្ងរ ដូច​ការទុកសំរាមនៅក្នុងផ្ទះបាយ ឬបន្ទប់ទឹកនោះដែរ ។ អ្វីដែលជាសំណូមពរ គឺអាជ្ញាធរត្រូវជំរុញ​ល្បឿន ពេលវេលាជាក់លាក់នៃការប្រមូលសំរាម ឲ្យក្រុមហ៊ុនប្រមូលសំរាម​ចុះមកប្រមូលសំរាមឲ្យបានទៀងទាត់ ឬញឹកញាប់ មិនមែនទៀងទាត់តែការប្រមូលលុយ ប៉ុន្តែមិនទៀងទាត់លើការប្រមូលសំរាម​យ៉ាងដូច្នោះទេ ៕ ប្រជាពលរដ្ឋម្នាក់

 

 


ចែករំលែក៖