ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរដ្ឋបាលព្រៃឈើ​នាំគ្នាទៅអឺត ផ្ទះចែភក្តិ រួចត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យមេ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ វាជារឿងគួរឲ្យអស់សំណើច​ដូច​អាជៃ ចាំផ្ទះ ដែលសមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់បណ្តើរគ្នាត្រសង​ចុះទៅ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ ដែល​សារព័ត៌មានបានផ្សព្វផ្សាយ​អំពីករណីចែភក្តិ រកស៊ីដឹកឈើខុសច្បាប់ ។ ពេលទៅដល់ផ្ទះចែភក្តិ មិនបាន​ជួបម្ចាស់ផ្ទះ ក៏ត្រឡប់មកវិញ ហើយធ្វើកំណត់ហេតុ ស្តីពីការចុះស្រាវជ្រាវ រកបទល្មើស​ព្រៃឈើ​នៅផ្ទះចែភក្តិ និងប្តីឈ្មោះ ណាក់ ។ ការដែល​គ្រាន់តែទៅអឺតមុខផ្ទះ ហើយ​បញ្ជាក់នៅក្នុងរបាយការណ៍ថា ចុះស្រាវជ្រាវនោះ ដូចជាមិនទំនងទេមើលទៅ? អ្វីទៅដែលហៅថា ចុះស្រាវជ្រាវនោះ ។

កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ​៤នាក់ បានចុះទៅ​លំនៅឋានរបស់ចែ ភក្តិ ស្ថិតនៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមការណែនាំរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដើម្បី​ចុះ​ស្រាវជ្រាវ​ករណី​ស្ត្រី​ខាងលើ និងប្តីឈ្មោះណាក់ ជាប់ពាក់ព័ន្ធនឹងរបររកស៊ីឈើខុសច្បាប់ ។ នៅក្នុងកំណត់ហេតុ បានបញ្ជាក់ថា ក្រុមការងារ​បានចុះ​ទៅដល់ផ្ទះចែភក្តិ ផ្ទាល់ ប៉ុន្តែមិនបានជួប​ទេ ដោយជួប​អ្នកជិតខាង ។ ម្តាយរបស់ចែភក្តិ បានប្រាប់ថា កូនរបស់គាត់ បានទៅភ្នំពេញ បាត់ហើយ ។

ការចុះស្រាវជ្រាវបញ្ហាបទល្មើសព្រៃឈើនេះដោយមានការចង្អុលបង្ហាញ​ពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តពោធិ៍សាត់ ។

ចែភក្តិ បានអះអាងប្រាប់ភ្នាក់ងារកាសែតនគរវត្តថា គាត់ពិតជារកស៊ីដឹក​កូនក្រឡឹង​តិចតួចមែន មិនមានអ្វីទ្រង់ទ្រាយធំទេ ហើយអ្នកនៅស្រុកភ្នំក្រវាញ នរណាក៏រកស៊ីដឹកជញ្ជូនឈើដែរ «ដូច្នេះ ពូកាសែតឯង ចុះផ្សាយគេផងទៅ» ហើយ​រូបភាព​ដែល​យកទៅចុះផ្សាយនោះ មិនមែនជារូបភាព​នៃការរកស៊ីដឹកឈើទេ ។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ ចែ ភក្តិ មានពាក់ព័ន្ធ​នឹងរបររកស៊ីដឹកឈើជាមួយជនជាតិចិន ហើយ​ថែមទាំងនាំ​បុរសជនជាតិ​ចិននោះចូលទៅច្រៀងខារ៉ាអូខេថែមទៀតផង ។ បើតាមប្រភពបានឲ្យដឹងថា ពួកជនជាតិចិន បាននិងកំពុង​មានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយចែភក្តិ ដើម្បី​ប្រតិបត្តិការដឹកឈើខុសច្បាប់ ។ មន្ត្រី​រដ្ឋបាលព្រៃឈើ​ បានត្រឹមតែទៅ​អើតឈ្ងក មុខផ្ទះចែភក្តី ហើយដឹកដៃគ្នាត្រឡប់មកវិញ ធ្វើកំណត់ហេតុជូនថ្នាក់លើតែប៉ុណ្ណោះ ។ គេមិនដឹងថា ជាគោលការណ៍ស៊ើបអង្កេតស្រាវជ្រាវ​របស់​ក្រសួងកសិកម្ម ក៏ដូចជា​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​ដូចដែល​មន្ត្រីមេព្រៃប៉ុន្មាននាក់​បានធ្វើចំពោះ​ចែភក្តិ នោះឬយ៉ាងណាទេ ៕ ហេង សូរិយា


ចែករំលែក៖