នាយករដ្ឋមន្ត្រីលោក ស៊ីនហ្ស៊ូ អាបេ បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នារវាង អាមេរិក និងអ៊ីរ៉ង់ ខណៈកំពុងប្រឈមមុខតានតឹង អាចនឹងផ្ទុះសង្គ្រាមគ្រប់ពេលវេលា ។
នៅពេលនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ បានជំរុញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ដើរក្នុង «តួនាទីស្ថាបនា» ដើម្បីសន្តិភាព នៅមជ្ឈិមបូព៌ា។ ការជំរុញនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចដ៏កម្របំផុតរបស់មេដឹកនាំជប៉ុន ទៅកាន់សាធារណរដ្ឋអ៊ិស្លាមមួយនេះ ក្នុងគោលបំណងបញ្ចៀសនូវស្ថានការណ៍តានតឹង រវាងរដ្ឋាភិបាលអ៊ីរ៉ង់-អាមេរិក។
លោក អាបេ បានថ្លែង នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅក្នុងទីក្រុងតេអេរ៉ង់ អមជាមួយប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ថា «វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ៊ីរ៉ង់ដើរក្នុងតួនាទីស្ថាបនាមួយ ដើម្បីកសាងសន្តិភាពដ៏ពិសិដ្ឋ និងស្ថិរភាព នៅតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្ននេះ ស្ថានការណ៍ដ៏តានតឹង បាន និង កំពុងកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា។ អ្នកជំនាញខ្លះគូស បានបញ្ជាក់ថា ជម្លោះនេះអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងបំផុត»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ថា «ជម្លោះប្រដាប់អាវុធ ត្រូវតែបញ្ចៀសឲ្យខាងបានជាដាច់ខាត ទោះជាតម្លៃណាក៏ដោយ»។
លោកអាបេ បានបន្ថែមថា «ជប៉ុនប្រាថ្នាតាមតួនាទីរបស់ខ្លួន និងសមត្ថភាព ដើម្បីបញ្ចៀសនូវស្ថានការណ៍ដ៏តានតឹងមួយនេះ។ នេះជាគំនិតផ្តួចផ្តើមតែឯងរបស់ជប៉ុន ដែលនាំឲ្យរូបខ្ញុំ មកកាន់ប្រទេសអ៊ីរ៉ង់ នាពេលនេះ»។
ជាការឆ្លើយតបវិញ លោកប្រធានាធិបតីអ៊ីរ៉ង Rouhani បានថ្លែងថា អ៊ីរ៉ង់មានការរំពឹងនូវការផ្លាស់ប្តូរដ៏វិជ្ជមានមួយ នៅតំបន់មជ្ឈិមបូព៌ា និងនៅលើពិភពលោក ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់នូវការគាបសង្កត់សេដ្ឋកិច្ចមកដល់ប្រទេសអ៊ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្មរបស់អាមេរិកនោះ។
លោកបានបញ្ជាក់ថា «បើសិនជាមានស្ថានការណ៍តានតឹងខ្លះដែលកើតឡើងនោះ ជាឫសគល់របស់វា បណ្តាលមកពីសង្គ្រាមសេដ្ឋកិច្ចរបស់អាមេរិកប្រឆាំងមកលើអ៊ីរ៉ង់ ។ ដរាបណាបញ្ហានេះ ត្រូវបានបញ្ឈប់នោះ យើងច្បាស់ជានឹងឃើញជាក់ស្តែងថា ការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងតំបន់ និងនៅលើពិភពលោក ជាក់ជាមិនខាន»។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានបន្តថា «យើងគ្មានបំណងផ្តួចផ្តើមនូវជម្លោះ នៅក្នុងតំបន់ ឬប្រឆាំងជាមួយនឹងអាមេរិកនោះឡើយ។ ប៉ុន្តែបើសិនសង្គ្រាមមួយ ចាប់ផ្តើមប្រឆាំងមកលើយើងហើយនោះ យើងនឹងឆ្លើយតបឲ្យបានស័ក្តិសមបំផុត» ។
គួររំឭកថា អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយមហាអំណាចពិភពលោក និងប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរបបដឹកនាំអ៊ីរ៉ង់។ ទន្ទឹមនេះ អាមេរិកបានបញ្ជូនសព្វាវុធ និងកម្លាំងទាហានដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោមលេសការពារផលប្រយោជន៍ និងសម្ព័ន្ធមិត្តអាមេរិក ដែលអាចទទួលរងនូវការវាយប្រហារពីអ៊ីរ៉ង់ជាយថាហេតុ ។
លោក អាបេ បានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ។ នេះក៏ជាដំណើរទស្សនកិច្ចលើកទីមួយរបស់មេដឹកនាំជប៉ុន នៅក្នុងអំឡុងពេល៤១ឆ្នាំមកនេះ ឬអាចនិយាយបានថា ដំណើរទស្សនកិច្ចរបស់មេដឹកជប៉ុន មិនធ្លាប់កើតមាន។ រីឯគោលដៅដ៏សំខាន់របស់មេដឹកនាំជប៉ុន ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ងនោះ គឺបញ្ចៀសស្ថានការណ៍ដ៏តានតឹងដាក់គ្នា រវាងរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕