ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរក្រុងព្រះសីហនុ ដោះមិនចេញ រឿង​បង្គោលភ្លើងរញ៉េរញ៉ៃ

ចែករំលែក៖

បញ្ហាច្រើនណាស់​ដែលត្រូវប្រឈម និងដោះស្រាយ ។ សម្តេចតេជោ​បាន​ដាក់អ្នកមានសមត្ថភាព​ឲ្យមកគ្រប់គ្រងខេត្តព្រះសីហនុ ។ រីឯក្រុង​ព្រះសីហនុ មិនទាន់ឮថា រកអ្នកខ្លាំង​មកដឹកនាំនៅឡើយ ។ កម្សោយនៃការដឹកនាំគឺជាការពិត​ដែលសូម្បីតែភ្លៀង​បន្តិចបន្តួច​ ក៏លំនៅឋាន​ប្រជាពលរដ្ឋត្រូវលិចលង់…? ផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះរងការខូចខាតខ្លាំង ដោយមិនរំពឹងថា នឹងបាន​ទទួល​ការជួសជុល​ឲ្យប្រសើរឡើង​ក្នុងពេលឆាប់ៗនោះឡើយ ។ អ្វីដែលសំខាន់ជាងនេះ គឺបង្គោលភ្លើង ដែលហ៊ុំព័ទ្ធ​ទៅដោយខ្សែកាបទាញយឹតយោង តែងតែបង្កឲ្យមាន​ភ្លើងឆេះជាញឹកញាប់ ។ គេមិនដែល​ឃើញមានប្រតិកម្ម​ពីអាជ្ញាធរក្រុង​ក្នុងរឿង​នេះទេ ។

ក្នុងនាមប្រជាពលរដ្ឋ​នៅទីក្រុងមួយនេះ ពិតជាចង់ឃើញ អាជ្ញាធរចាត់វិធានការ​ ឬរៀបចំឲ្យមានសណ្តាប់ធ្នាប់ចំពោះបញ្ហាបង្គោលភ្លើង​ទាំងនោះ ។ ករណីអគ្គិភ័យឆេះខ្សែលើបង្គោលភ្លើងជិតកន្លែងលក់ហ្គាស ម្តុំហាងអប្សរាថតរូប​ កាលពីម៉ោងជាង៩ យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ បង្កឲ្យប្រជាពលរដ្ឋ នៅតំបន់នោះ ព្រួយបារម្ភ ។ សមត្ថកិច្ច​ចំណាយពេលជិតកន្លះម៉ោងដើម្បីពន្លត់ភ្លើងដែលឆេះនៅលើបង្គោលដ៏រញ៉េរញ៉ៃទាំងនោះ ។ យើងខ្ញុំប្រជាពលរដ្ឋនៅក្បែរខាង​មានសេចក្តី​ព្រួយបារម្ភ ពីព្រោះថា ភ្លើងមិនយល់អ្នកមាន ឬអ្នកក្រនោះឡើយ ។ រីឯអាជ្ញាធរហាក់ដូចជាមិនបានធ្វើអ្វីជាដុំកំភួនចំពោះបញ្ហា​បង្គោល​ភ្លើងដែលហ៊ុំព័ទ្ធទៅដោយខ្សែកាបឡើងទ្រេតទៅហើយនោះ ។

បញ្ហាជាច្រើននៅក្រុងព្រះសីហនុ ដែលត្រូវពឹងទៅលើសមត្ថភាពនៃអ្នកដឹកនាំខ្លាំង ។ បញ្ហាសំរាម ឃើញអាជ្ញាធរខេត្ត-ក្រុងប្រជុំច្រើនលើក​ច្រើនសារ ប៉ុន្តែនៅតែមិនអាចដោះស្រាយបាន ។ ប្រជាពលរដ្ឋ ត្រូវប្រឈមនឹងបញ្ហាសំរាមនេះជាយូរខែមកហើយ ។ យើងខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ អាចនឹងជួយចែករំលែកការលំបាកបញ្ហារបស់ប្រជាពលរដ្ឋបានខ្លះ ជាពិសេស​បញ្ហាសំរាម ដែលអាជ្ញាធរក្រុងមិនអាចដោះបាន ។ ជាងនេះទៅទៀត បញ្ហាបង្គោលភ្លើងដែលហ៊ុំព័ទ្ធទៅដោយខ្សែកាបរយីងរយោង, ហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង… ក៏រំពឹងថា នឹងប្រសើរឡើងនៅពេលដែលលោក គួច ចំរើន មកដល់ ។ ការរំពឹង​ ឬសង្ឃឹមទៅលើលោកអភិបាលក្រុង​ដឹកនាំបែបសព្វថ្ងៃនេះ មិនអាចទៅរួចទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖