ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ការប្តេជ្ញាចិត្តយឺតបន្តិច​របស់អភិបាលក្រុងព្រះសីហនុ

ចែករំលែក៖

បន្ទាប់ពីមានការរិះគន់ករណីរលំបាក់អគារ​បណ្តាលឲ្យជនស្លូតត្រង់ជាកម្មករ​ខ្មែរ​២៨នាក់ស្លាប់​កាលពីពេលថ្មីៗនេះ អាជ្ញាធរ​ ពោលគឺអភិបាល​ក្រុងព្រះសីហនុ​ប្រកាសថា ខ្លួននឹងចាត់វិធានការផ្តល់ទំនុកចិត្ត​ចំពោះ​អាណាព្យាបាល​យុវជន ក៏ដូចជាកុមារា កុមារី ដែលចូលចិត្តលេងហ្គេម ដោយសន្យាថា នឹងបំបាត់ឲ្យអស់ចំពោះទីតាំងហ្គេមនៅក្នុងក្រុងព្រះសីហនុ ។ បើតាមការកត់សម្គាល់របស់នាង​ខ្ញុំ ជាប្រជាពលរដ្ឋមួយរូបនៅក្នុងក្រុងព្រះសីហនុ ឃើញថា ភ្លាមៗពេលមកកាន់តំណែងជាអភិបាលក្រុង លោកបានប្រកាស​ចាត់វិធានការ​ក្តៅបែបនេះ ម្តងរួចមកហើយ ។ ប៉ុន្តែវិធានការ​ ឬក៏ការចុះបង្ក្រាបជាក់ស្តែង បានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ក៏ប៉ក់ល្វើយទៅវិញ ហើយក៏​រលត់សូន្យឈឹង ដូចចង្កៀងអស់ប្រេង ។

ឥឡូវលោកបានប្រកាសសារជាថ្មីទៀត ។ សម្រាប់នាងខ្ញុំ គឺដកសេចក្តីទុកចិត្ត​ និងក្តីរំពឹង​ចំពោះការប្តេជ្ញាចិត្តនេះហើយ ។ រឿងល្បែង​ហ្គេម គឺជាការទទួលខុសត្រូវទាំងស្រុង​របស់អាជ្ញាធរត្រឹមថ្នាក់ក្រុងនេះឯង ។ មានន័យថា អាជ្ញាធរក្រុងមានសិទ្ធិពេញទំហឹង​ក្នុងការ​ទទួល​ខុសត្រូវលើការបង្ក្រាប ឬ​ឲ្យមាន ឬគ្មានហ្គេមទាំងនោះ ។ វាជាសមត្ថភាព​ជាក់ស្តែង​ក្នុងការបង្ក្រាប ។ ប៉ុន្តែ​បើ​ដឹងខ្លួនថា មិនអាច​បង្ក្រាប​បាន​ព្រោះតែទីតាំងហ្គេម​មួយចំនួនមានខ្សែបណ្តោយ ខ្សែទទឹងធំជាងអាជ្ញាធរក្រុង ឬក៏ការយោគយល់យ៉ាងណានោះ ដូច្នេះ លោក​អភិបាល​ក្រុង​មិនបាច់ប្រកាស​រឿងចាត់វិធានការចំពោះទូហ្គេមទាំងនោះទេ ។ ពីព្រោះថា ការប្តេជ្ញាចិត្ត ប៉ុន្តែមិនបានលទ្ធផលជាវិជ្ជមាន​នោះ វាជារឿងអាម៉ាស ហើយអន់សាច់ មិនបាច់ដល់ថ្នាក់ សន្យាចុះចេញពីតំណែងនោះឡើយ ។

យ៉ាងណាក៏ដោយ ក្នុងនាមប្រជាពលរដ្ឋម្នាក់ រំពឹងថា លោកអភិបាលក្រុង​ធ្វើបានទៅចុះ រឿងហ្គេមល្បែងស៊ីសង… អ៊ីនធើណេតទាំងនេះ ។ នាងខ្ញុំ មិនមែនជាអ្នកផ្ចាញ់ផ្ចាល់រុញឲ្យខ្លោច រោចឲ្យឆៅអីនោះទេ ប៉ុន្តែ​ចំណុចអវិជ្ជមាន​ជាច្រើន​ដែលក្នុងនាមអាជ្ញាធរក្រុង​ជាអ្នក​ទទួល​ខុសត្រូវ ប៉ុន្តែអាជ្ញាធរមិនអាចធ្វើបាន ។ គ្រាន់តែរឿងសំរាម? វាជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខេត្តឬយ៉ាងណា? ក្នុងនាមជាថ្នាក់ដឹកនាំ គឺពិតជា​ព្រមទទួលយក​«ខុស» និង«ត្រូវ» នោះផង ។ បើគ្រាន់តែបញ្ហាសំរាមដោះស្រាយមិនចេញ… ចុះទម្រាំ​បញ្ហាអ្វីផ្សេងទៀត ដោះស្រាយបានយ៉ាងដូចម្តេចទៅ? ទោះជាយ៉ាងណាក៏ដោយ ដាវ, កាំបិត ស្ថិតនៅលើដៃរបស់ថ្នាក់ដឹកនាំក្រុងនោះហើយ ចង់កាប់ ស្ងោ ឆា ចំពោះបញ្ហាអ្វី ស្រេចតែលើ​លោកជាអ្នកដឹកនាំប៉ុណ្ណោះ គ្រាន់តែថា យ៉ាងណា​ឲ្យមានការទទួល«ខុស»ខ្លះផង ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖