ក្នុងនាម«នាយជាល»ជាកូនខ្មែរមួយរូប ហាក់ដូចជាមានការអាម៉ាស់ខ្លួនឯងណាស់ កាលបើបានដឹងថា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុឯណោះ សមត្ថកិច្ចជំនាញទើបរកឃើញនៅក្នុងទូកុងតឺន័រចំនួន៨៣ ត្រូវក្រុមឈ្មួញបញ្ជូនកាកសំណល់សំរាមមកបោះចោលនៅស្រុកខ្មែរដែលទង្វើនេះអាចចាត់ទុកជាការមាក់ងាយដល់ស្រុកខ្មែរថាជាកន្លែងចាក់សំរាម ជាប្រទេសមានតម្លៃស្មើសំរាម ?
នេះមិនមែនជាលើកទី១ទេ ដែលបរទេសមើលងាយខ្មែរ ក្នុងការដឹកសំរាមទាំងកុងតឺន័រៗតាមកប៉ាល់ ចំណាយលុយរាប់ម៉ឺនដុល្លារមកចាក់ចោលនៅស្រុកខ្មែរ ព្រោះតែស្រុកគេ គ្មានកន្លែងចាក់សំរាមដូចស្រុកយើង ។ តាមនាយជាលដឹង កាលពីអំឡុងចុងទស្សវត្សទី៩០ មានករណីបែបនេះកើតឡើងម្តងដែរ ហើយកាលនោះបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ មានប្រតិកម្មយ៉ាងខ្លាំងទៅនឹងក្រុមហ៊ុនឯកជនមួយដែលម៉ៅការ ដឹកសំរាម បន្លំថាជាទំនិញស្របច្បាប់ ឲ្យដឹកសំរាមតាមកប៉ាល់បញ្ជូនទៅចាក់ចោលនៅស្រុកគេវិញ ។ កាលណោះក៏មានមន្រ្តីពាក់ព័ន្ធរឿងនេះជាពិសេសមន្រ្តីគយម្នាក់ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌរដ្ឋ និងដាក់ពិន័យយ៉ាងធ្ងន់ធ្ងរ ។ ចុះលើកទី២នេះ យ៉ាងម៉េចដែរ ?
បើមិនចន្លោះប្រហោងទេ នាយជាលគិតថា តាមរយៈឯកសាររបស់ក្រុមហ៊ុននាំចូលសំរាមនេះ មានស្រាប់ សមត្ថកិច្ចជំនាញនឹងមិននៅព្រងើយកន្តើយក្នុងការស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមក ទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ ជាពិសេសត្រូវស្រាវជ្រាវរកឲ្យឃើញក្រែងមានមន្រ្តីណាខ្លះពាក់ព័ន្ធរឿងនេះ ?
នាយជាលគិតថា ជាង៣០ឆ្នាំហើយដែលកម្ពុជា មានសុខសន្តិភាព ហើយប្រជាពលរដ្ឋខ្មែរកំពុងរួមគ្នាអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើនដូចប្រទេសជិតខាង ចុះហេតុអីបានជាបរទេសមើលងាយស្រុកខ្មែរដែលកំពុងអភិវឌ្ឍន៍ក្លាយជាប្រទេសជឿនលឿននឹងគេដែរនោះ ទៅជាកន្លែងចាក់សំរាម ?
យ៉ាងណាក៏ដោយ នាយជាល ឈឺចាប់ និងមានការអាម៉ាស់ណាស់ គ្រាដែលប្រទេសជិតខាងខិតខំកសាងប្រទេសឲ្យប្រែក្លាយមានរោងចក្រធំៗ ប្រឹងផលិត ផលិតផលទំនើបៗ ទាន់សម័យឲ្យប្រជាពលរដ្ឋប្រើប្រាស់ ឯកម្ពុជាឯណេះវិញ ត្រូវបរទេសមើលងាយចាត់ទុកជាកន្លែងផ្ទុកសំរាម ៕ នាយជាល