ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ រោងការ រោងបុណ្យ នៅតែបំពានច្បាប់

ចែករំលែក៖

រដូវវស្សានេះថយបន្តិចហើយរោងការ ប៉ុន្តែរោងបុណ្យ​នៅតែកើតមានជាធម្មតា ។ អ្វីដែលតាមការកត់សម្គាល់របស់នាងខ្ញុំ សង្កេតឃើញថា រោងការ រោងបុណ្យខ្លះ នៅតែបំពានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ។ សាលារាជធានីភ្នំពេញ​បានចេញសេចក្តីជូនដំណឹង​ប្រកាស​ឲ្យប្រជាពលរដ្ឋដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩តទៅ សាលារាជធានីភ្នំពេញ​មិនអនុញ្ញាត​ឲ្យសង់រោងការ រោងបុណ្យ និងរោងកម្មវិធីផ្សេងៗនៅលើផ្លូវសាធារណៈនោះឡើយ ។ ប៉ុន្តែ​មិនឃើញមានការអនុវត្តតាមសេចក្តីជូនដំណឹងនេះ​ប្រកបដោយប្រសិទ្ធភាពនោះទេ ពោលគឺ​នាងខ្ញុំសង្កេតឃើញថា នៅតែមានរោងបុណ្យ រោងការ និងរោងកម្មវិធីនានា ដែលខ្លះបិទផ្លូវតែម្តង ។

និយាយយ៉ាងដូច្នេះមិនមែនមានន័យថា តើ​ត្រូវដោះស្រាយយ៉ាងណា ពេលមានបុណ្យទានម្តងៗនោះឡើយ ។ ពិតហើយសេចក្តីស្លាប់​ត្រូវមានពិធីបុណ្យទាន តើអាច​ឲ្យធ្វើរោងបុណ្យនៅទីណា? តាមនាងខ្ញុំយល់ សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ មិនមានគោលដៅណាមួយ មិនអនុញ្ញាតទាំងស្រុងចំពោះរោងបុណ្យសពនោះទេ ។ គ្រាន់តែថា ការធ្វើរោងបុណ្យសព​បិទផ្លូវ គួរតែត្រូវបានបញ្ឈប់​ ឬមិនអនុញ្ញាត​ឲ្យធ្វើរោងបិទផ្លូវទេ ។ ចំណែកផ្លូវណាមួយ​ ត្រូវទុកសម្រាប់អ្នកធ្វើដំណើរអាច​ធ្វើចរាចរណ៍​បានផង ។ ផ្ទុយទៅវិញ មួយរយៈកន្លងមក រហូតដល់បច្ចុប្បន្ន រោង​ពិធីនានា​ភាគច្រើនត្រូវបានបិទផ្លូវស្ទើរតែទាំងស្រុង ។ ខ្លះសល់តែមួយច្រកម៉ូតូ សម្រាប់​ធ្វើដំណើរទៅ មិនអាចធ្វើដំណើរមកបានឡើយ ។

តាមការកត់សម្គាល់របស់នាងខ្ញុំ វិធានការរបស់សាលារាជធានីភ្នំពេញ មិនត្រូវបានអនុវត្ត​ឲ្យខ្ជាប់ខ្ជួន​នោះឡើយ ផ្ទុយទៅវិញ នៅតែមាន​អ្នកសង់រោងការ រោងបុណ្យ បិទផ្លូវជាដដែល ។ ប្រការនេះដោយសារអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោម ពោលគឺចៅសង្កាត់ និងសាលាខណ្ឌ​យោគយល់ចំពោះម្ចាស់កម្មវិធី ។ អាជ្ញាធរខ្លះ នឹកថា ម្ចាស់កម្មវិធី យូរៗមានកម្មវិធីម្តង ដូច្នេះ បើទៅហាមប្រាម​មិនឲ្យសង់រោង វាហាក់ដូចជាមិនសមរម្យ ។ ចំណុចនេះហើយ ដែលធ្វើឲ្យ​ច្បាប់របស់អាជ្ញាធរក្រុងមិនត្រូវបានអនុវត្ត​ឲ្យខ្ជាប់ខ្ជួន ។ ការដែលមិនអនុវត្ត​ឲ្យបានខ្ជាប់ខ្ជួន ធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅរិះគន់ដល់សាលារដ្ឋបាលរាជធានីភ្នំពេញថា ចេញច្បាប់​បានត្រឹមតែចេញ ប៉ុន្តែមិនត្រូវបានប្រជាពលរដ្ឋអនុវត្ត​នោះឡើយ ។ ការមិនអនុវត្តនៅក្នុងអំឡុងពេលនេះ អាចនឹងរីករាលដាលនៅរដូវប្រាំងឆ្នាំក្រោយ គ្រាដែលមានពិធីមង្គលការច្រើន ។

នាងខ្ញុំយល់ថា វិធានការជាក់ស្តែង​មួយចំនួន​ដូចជាត្រូវរុះរោង​ដែលបិទផ្លូវ តម្រូវឲ្យបើកផ្លូវពាក់កណ្តាលឡើងវិញ ដោយមិនយោគយល់ ទោះបីជាកំពុងមានពិធីបុណ្យ​ក៏ដោយ ។ រីឯរោងពិធីបុណ្យផ្សេងៗ ដូចជាមង្គលការ ឡើងគេហដ្ឋាន ឬក៏ខួបកំណើតក៏ដោយ នៅពេលដែល​អាជ្ញាធរ​មើលឃើញថា រោងនោះ​បានបិទផ្លូវ គឺត្រូវតែ​ដឹកនាំកម្លាំងទៅបើកផ្លូវវិញភ្លាម ។ ជាមួយនោះ អាជ្ញាធរថ្នាក់សង្កាត់​មិនត្រូវអនុញ្ញាតឲ្យមានរោងពិធី នៅ​លើផ្លូវជាដាច់ខាត ។ អាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ គឺជាភ្នែកច្រមុះរបស់អាជ្ញាធរក្រុង​ដើម្បីចាត់ការ​រឿងនេះ ។ សាលារាជធានីភ្នំពេញ ពិតជាគ្មានពេលវេលាគ្រប់គ្រាន់ដាក់កម្លាំងដើរតាមឃ្លាំមើលចំពោះបញ្ហារោងបុណ្យ រោងការ​សង់បិទផ្លូវនោះទេ ។ ដូចគ្នានេះដែរ បញ្ហាកកស្ទះចរាចរណ៍នៅចំណុចណាមួយ គួរតែថ្នាក់ក្រោម ពោលគឺសង្កាត់ត្រូវរាយការណ៍ជូនសាលាក្រុង ។ នៅពេលដែលត្រូវបានរាយការណ៍ហើយ វិធានការ​យ៉ាងណានោះ គឺសាលារាជធានីភ្នំពេញ​ជាអ្នកចាត់ការ ពីព្រោះខ្លួនជាអ្នកចេញច្បាប់ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖