ក្នុងនាមខ្ញុំបាទជាប្រជារាស្ត្រខ្មែរចេះតែចង់ដឹងថា តើករណីសំរាម៨៣កុងតឺន័រ ឬប្រហែលជាង១៦០០តោន ដែលដឹកមកដល់កំពង់ផែខេត្តព្រះសីហនុពីរសប្តាហ៍ទៅហើយនោះ មកដល់វេលានេះ វាយ៉ាងម៉េចទៅហើយ? ឬត្រូវកប់បាត់ជាមួយព័ត៌មានដទៃទៀត ដោយមិនឲ្យប្រជារាស្ត្រម្ចាស់ស្រុកបានដឹង បានឮផងទេ? ឬមួយក៏សម្រេចតាមផែនការរបស់សមត្ថកិច្ចគយ ដែលថា នឹងត្រូវបញ្ជូនសំរាមនោះទៅប្រទេសដើមវិញហើយ? ប៉ុន្តែបើតាមមន្ត្រីគយអះអាងថា មានកិច្ចពិភាក្សារវាងគយ នឹងថៅកែក្រុមហ៊ុននាំសំរាមចូលមកនោះ រីឯលទ្ធផលនៃកិច្ចប្រជុំ ឬមិនបានប្រជុំយ៉ាងណានោះ មិនត្រូវបានផ្សព្វផ្សាយឲ្យប្រជារាស្ត្រដឹងនោះទេ ។ ប្រការនេះ ធ្វើឲ្យប្រជារាស្ត្រមានកង្វល់ ហើយគិតថា រឿងសំរាមអាចនឹងត្រូវបានលាក់ទុក ។
តើរំពឹងទេថា សំរាមជាង១៦០០តោន សមត្ថកិច្ចគយខ្មែរមានសមត្ថភាពពេញទំហឹងក្នុងការជំរុញឲ្យក្រុមហ៊ុននាំសំរាមទាំងនោះទៅប្រទេសប្រភពដើមវិញឬទេ ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ ដែលតាមដានរឿងសំរាមនេះ សង្កេតឃើញថា បណ្តាប្រទេសអ្នកមានទ្រព្យធនមួយចំនួនបានបញ្ចេញសំរាមរបស់គេទម្លាក់ចូលបណ្តាប្រទេសក្រីក្រ ប៉ុន្តែប្រទេសក្រីក្រខ្លះមិនទទួលយកសំរាមទាំងនោះឡើយ ។ ប្រទេសក្រីក្រមួយចំនួនចំណាយពេលយូរគួរសមក្នុងការបញ្ជូនសំរាមទៅប្រទេសដើមវិញ ។ សម្រាប់កម្ពុជាគេមិនទាន់ដឹងថា តើផែនការបញ្ជូនសំរាមត្រឡប់ទៅប្រទេសដើមវិញ អាចទទួលបានជោគជ័យដែរឬយ៉ាងណានោះទេ ពីព្រោះលេចឮល្អិចល្ហៀងថា មន្ត្រីខ្មែរមានពាក់ព័ន្ធនឹងផលប្រយោជន៍ក្នុងការអនុញ្ញាតឲ្យសំរាម១៦០០តោននាំចូលមកកម្ពុជានេះ ។ អាជ្ញាធរមានសមត្ថកិច្ចព្យាយាមមិននិយាយអំពីបញ្ហាថា តើត្រូវចាត់ចែងសំរាមទាំងនោះទៅណាបន្តទៀត ។ សូម្បីតែព័ត៌មានស្តីពីលទ្ធផលនៃជំនួបជាមួយក្រុមហ៊ុន ដែលនាំសំរាមមកនោះ ក៏មិនឮនិយាយ ។
មិនតែប៉ុណ្ណោះថា តើពិតជាមានជំនួបរវាងមន្ត្រីអ្នកអនុវត្តច្បាប់ ឬសមត្ថកិច្ចគយ ជាមួយក្រុមហ៊ុននាំសំរាមចូលនោះដែរឬទេ? បញ្ហានេះ គួរតែត្រូវបានលាតត្រដាងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានដឹង មិនមែនត្រូវលាក់បាំងក្នុងចេតនាទុច្ចរិត មិនឲ្យរាស្ត្របានដឹង បានឮនោះទេ ។ ផ្ទុយទៅវិញមន្ត្រីមានសមត្ថកិច្ចជាពិសេសគយខ្មែរ ត្រូវគេមើលឃើញថា បាននិងកំពុងព្យាយាមលាក់បាំងរឿងសំរាម១៦០០តោននេះ ព្រោះតែគិតគិតថា មិនអាចនាំត្រឡប់ទៅប្រទេសដើមវិញ (Sic)។ មិនអាចនាំទៅប្រទេសដើមវិញ ក៏ព្រោះតែមន្ត្រីខ្មែរដែលពាក់ព័ន្ធនឹងការងារនេះទទួលបានលាភសក្ការ ឬពាក់ព័ន្ធនឹងអំពើពុករលួយរួចទៅហើយ ។ ដូច្នេះ មានតែជីកកប់ព័ត៌មានជាមួយនឹងសំរាម១៦០០តោននេះ ដើម្បីកុំឲ្យប្រជារាស្ត្រខ្មែរនៅស្រែកតវ៉ាទៀត ។ ឬមួយក៏ត្រូវចំណាយពេល៥ឆ្នាំ ឬច្រើនជាងនេះ ដើម្បីនាំសំរាមទាំងនោះត្រឡប់ទៅប្រទេសដើមវិញ? តើពិតជាអាចទេ ដែលប្រទេសដើមទាំងនោះព្រមទទួលសំរាមរបស់គេវិញ ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរ មើលឃើញថា វាជាការលំបាកក្នុងការនាំសំរាមយកទៅប្រទេសដើមវិញនោះ ។ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការរកអ្នកទទួលខុសត្រូវក្នុងការអនុញ្ញាតឲ្យនាំសំរាមទាំង៨៣កុងតឺន័រមកក្នុងប្រទេសកម្ពុជាដ៏តូចចង្អៀតមួយនេះ ។ រាស្ត្រខ្មែរពេញមួយនគរមិនជឿសោះថា មន្ត្រីខ្មែរដ៏ឧត្តុង្គឧត្តម្ភនៃកម្ពុជាមិនដឹងអំពីថា តើទំនិញទាំង៨៣កុងតឺន័រនោះជាសំរាម ។ មិនតែប៉ុណ្ណោះ អាចនិយាយបានថា វាជាការឃុបឃិតគ្នារវាងឈ្មួញ នឹងសមត្ថកិច្ចជំនាញដើម្បីនាំសំរាមទាំងនោះ ដោយដំបូងឡើយពួកគេទាំងអស់គ្នា(ទាំងឈ្មួញ និងសមត្ថកិច្ច) ព្រមព្រៀងគ្នាប្រឌិតអំពីទំនិញទាំងនោះជារបៀបផលិតផលពាក់កណ្តាលសម្រេច ដោយមិនគិតថា វាជាសំរាម ។ ប៉ុន្តែទំហំសំរាមធំពេក មិនអាចលាក់ជិត ក៏បំបែករឿងនេះឡើង ។ យ៉ាងណាក៏ដោយ រាស្ត្រខ្មែរសង្ឃឹមថា សំរាមទាំងនោះនឹងត្រូវបាននាំត្រឡប់ទៅប្រទេសដើម (កាណាដា និងអាមេរិក) វិញឆាប់ៗបំផុតនេះ ៕ ប្រជាពលរដ្ឋម្នាក់