ប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាអំពីវីដេអូ និងរូបភាពរបស់បុរសម្នាក់ឈ្មោះ អ៊ឹម ជីវ៉ា ដែលបានធ្វើត្រាបអ្នកតំណាងរាស្ត្រ ឈាង វុន អំពីករណីកម្មកររោងចក្រ ។ ការចែករំលែកវីដេអូ និងរូបភាពនោះ មិនមែនអ្នកទាំងអស់ សុទ្ធតែគាំទ្រសកម្មភាពរបស់បុរសឈ្មោះ អ៊ឹម ជីវ៉ា នោះឡើយ ។ មួយចំនួននៃអ្នកតែៗ ស្ករៗ ពិតជាបានវាយប្រហារបន្ថែមទៅលើអ្នកតំណាងរាស្ត្រឈាង វុន ដោយមិនបានស្តាប់ឲ្យស៊ីជម្រៅ និងមានហេតុផលនោះឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្លឹមសារគឺជារឿងមួយ ដែលជាការទទួលខុសត្រូវរបស់អ្នកតំណាងរាស្ត្រឈាង វុន ។ ប៉ុន្តែទង្វើរបស់បុរសឈ្មោះ អ៊ឹម ជីវ៉ា ធ្វើត្រាបតាមអ្នកតំណាងរាស្ត្រនោះត្រូវគេមើលឃើញថា លើសហើយ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់មើលឃើញថា អ្វីដែលជាការធ្វើត្រាបតាមអ្នកតំណាងរាស្ត្រ គឺជាអំពើមិនគប្បីទាល់តែសោះ ទោះបីវាជាកំហុសឆ្គងរបស់អ្នកតំណាងរាស្ត្រនោះយ៉ាងណាក៏ដោយ ។ វាមិនត្រឹមត្រូវទេ ពីព្រោះតំណាងរាស្ត្រកើតឡើងពីការបោះឆ្នោតប្រជាពលរដ្ឋ ដូច្នេះ មិនអាចលេងសើចបានឡើយ ប៉ុន្តែគេអាចរិះគន់ដើម្បីស្ថាបនានូវចំណុចខុសឆ្គង ឬចំណុចខ្សោយរបស់អ្នកតំណាងរាស្ត្រនោះ ។ ប៉ុន្តែការធ្វើត្រាប របស់បុរសឈ្មោះ អ៊ឹម ជីវ៉ា គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន ។ លោកអ៊ឹម ជីវ៉ា អាចនិយាយថា «អុំអ្នកតំណាងរាស្ត្រអើយ ខុសហើយ ឬដោយសម្តីយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយមិនត្រូវធ្វើត្រាបក្នុងកាយវិការដែលមិនអាចទទួលយកបានដូច្នេះឡើយ» ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំបាទម្នាក់ប៉ុណ្ណោះ ។ ខ្ញុំបាទយល់ថា តំណាងរាស្ត្រម្នាក់ មិនគួរត្រូវបានយកមកកំប្លុកកំប្លែង បែបនេះទេ?
វាជាសេរីភាពហួសហេតុ ពោលគឺវាជាការរំលោភបំពាន លើសិទ្ធិតំណាងរាស្ត្រ ។ រឿងកំហុសយ៉ាងណារបស់អ្នកតំណាងរាស្ត្រឈាង វុន គឺជារឿងមួយ ប៉ុន្តែការធ្វើត្រាប គឺជារឿងដែលមិនអាចទទួលយកបាន ។ ដូច្នេះ ទង្វើរបស់បុគ្គលឈ្មោះ អ៊ឹម ជីវ៉ា គឺជាការប្រមាថ និងជាការមើលងាយ ដល់អ្នកតំណាងរាស្ត្រ ។ យ៉ាងហោចណាស់ ក៏លោកគិតថា តំណាងរាស្ត្រម្នាក់នោះមានអាយុច្រើនជាងខ្លួនដែរ ។ ដូច្នេះ ការធ្វើត្រាបបែបនេះគឺជារឿងដែលមិនអាចទទួលយកបាន ។ យ៉ាងណាក៏ដោយ គេរំពឹងថា អ្នកតំណាងរាស្ត្រ ឈាង វុន មិនយកក្តីចំពោះយុវជនក្មេងខ្ចីម្នាក់នេះព្រោះតែចង់ល្បីឡើយ ៕ ប្រជាពលរដ្ឋម្នាក់