ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហាសម្រាប់ទីក្រុង​

ចែករំលែក៖

បន្ទាប់ពិធីបុណ្យភ្ជុំបិណ្ឌរួច​ សំរាមនៅរាជធានីភ្នំពេញ​នៅតែ​មិនត្រូវបានដោះស្រាយ​ឲ្យបាន​ជ្រះស្រឡះ​ ពោលគឺ​កណ្តាលរាជធានីភ្នំពេញនៅតែ​មានសំរាម​កកស្ទះ​ ព្រោះតែការមិនចុះមកប្រមូល​ឲ្យទាន់ពេលវេលាតាមកាលកំណត់ ។ នៅតាមផ្លូវតូច​ៗ សំរាមត្រូវបានគរ​ចោលទុកយូរច្រើនថ្ងៃ​ ។ នៅពេលដែលយើងខ្ញុំជាប្រជាពលរដ្ឋសួរនាំទៅខាង​កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីគេឆ្លើយថា ដោយសារ​មិនមានកន្លែងចាក់សំរាម ពោលគឺបញ្ហា​ទីតាំងចាក់សំរាមមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ។ ម្យ៉ាងទៀត​បញ្ហាតម្លៃប្រមូលសំរាម ក៏មិនទាន់បានព្រមព្រៀងជាផ្លូវការនៅឡើយ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ មើលឃើញថា អាជ្ញាធរត្រូវឈានមុខដោះស្រាយបញ្ហាសំរាមនេះ​ឲ្យបានលឿនបំផុត ពីព្រោះ​សំរាមប្រសិនបើត្រូវទុកចោល​លើសកាលកំណត់តែមួយម៉ោងឬពីរម៉ោង វានឹងបណ្តាល​ឲ្យរលួយចេញដង្កូវជាមិនខាន ។ នៅពេលដែលមានបញ្ហា​សំរាមកើតឡើង អាជ្ញាធរតែងតែទម្លាក់កំហុសមកលើប្រជាពលរដ្ឋ ប៉ុន្តែមិនបាន​មើលការ​ខកខាន ឬចំណុចខុសឆ្គងរបស់ក្រុមហ៊ុនប្រមូលសំរាមនោះឡើយ ។ បច្ចុប្បន្នបញ្ហាចោទ មិនមែនប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺដោយសារក្រុមហ៊ុនប្រមូលសំរាមមិនចុះមកប្រមូល​ឲ្យបានទៀងទាត់​តាមវេលាកំណត់របស់ខ្លួន ហើយពេលខ្លះ​ប្រជាពលរដ្ឋបង្ខំចិត្ត​យកសំរាមទៅគរ​នៅមុខផ្ទះ ដែលពេលខ្លះ​សំរាមទុកយូរបង្កឲ្យមានដង្កូវ និងជះក្លិនស្អុយគួរឲ្យអសោចិ៍ ។

វាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនបានយកចិត្តទុកដាក់​ឲ្យពេញលេញចំពោះបញ្ហាសំរាមនេះ ។ នៅក្នុងរាជធានីភ្នំពេញ មួយថ្ងៃៗ​សំរាមរាប់ពាន់តោន ដូច្នេះ​នៅពេលដែលខកខានការដឹកជញ្ជូនតែមួយថ្ងៃ ធ្វើឲ្យសំរាមកកស្ទះ​ពេញទីក្រុង ។ សាកគិតមើលទៅថា នៅពេលដែល​សំរាមកកស្ទះ វានឹងមានបញ្ហាអ្វីកើតឡើង ។ អាជ្ញាធរ​ត្រូវមានវិធានការជាក់លាក់ជាមួយក្រុមហ៊ុនប្រមូលសំរាម បើទោះបីជាត្រូវកែប្រែ​សេវានៃការដឹកជញ្ជូន​យ៉ាងណាក៏ដោយ ។ បើតាមមើលទិដ្ឋភាពជាក់ស្តែង បច្ចុប្បន្ននេះ ទំហំសំរាមមានការកើនឡើង ប៉ុន្តែសេវានៃការដឹកជញ្ជូន​មិនបានកើនឡើងនោះទេ ។ រថយន្តចាស់ៗ ដែលសល់​ជាយូរមកហើយ នៅតែបន្តប្រើប្រាស់​ក្នុងពេលដែលកម្មករ​ភាគច្រើន​មានការថ្នាំងថ្នាក់ចំពោះបញ្ហាប្រាក់ខែ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ថ្មីៗលេចឮអំពីព័ត៌មានស្តីអំពីដំឡើងប្រាក់សេវាដឹកជញ្ជូន​សំរាមបន្ថែមទៀត ។ បច្ចុប្បន្នសេវាប្រមូលសំរាម​ក្នុងផ្ទះ​មួយល្វែង ដែលមិនប្រកបរបររកស៊ីអ្វីសោះ តម្លៃ​៤ពាន់រៀល ឬ១ដុល្លារ ។ ឥឡូវនេះ​ផែនការ​នៃការប្រមូលសំរាម​បានឡើងថ្លៃ​ជាង៣ដង ពោលគឺ​ជាង​១ម៉ឺន២ពាន់រៀល ។ តើមានទេ​ការឡើងថ្លៃសេវា​ប្រមូលសំរាមរហូតដល់ជាង៣ដង​យ៉ាងដូច្នេះ? តើធានាបានទេ​នៃសេវាប្រមូលសំរាមទៀងទាត់​មិនកកស្ទះដូចសព្វថ្ងៃ ក្រោយការដំឡើងថ្លៃ​ប្រមូលសំរាមហើយនោះ ។ អាជ្ញាធរទំនងជាគិតថា សំរាមជារឿងកំប៉ិកកំប៉ុក ប៉ុន្តែវាមិនយ៉ាងដូច្នោះឡើយ បច្ចុប្បន្ននេះ សំរាមនៅតែគរ​តាមផ្លូវតូចៗ ព្រោះតែក្រុមហ៊ុន​ជាង៉កចង់ឡើងថ្លៃប្រមូលសំរាមនោះហើយមើលទៅ ។ យ៉ាងណាក៏ដោយ វានៅតែជាការ​សម្រេចចិត្តរបស់​អាជ្ញាធរមានសមត្ថកិច្ច​និងក្រុមហ៊ុន ប៉ុន្តែបើឡើងថ្លៃហួសហេតុពេក អាចនឹងមានប្រតិកម្ម​ពីប្រជាពលរដ្ឋ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖