ជារៀងរាល់ឆ្នាំភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ះពាល់យ៉ាងខ្លាំង ដល់ប្រទេសជិតខាងក្នុងនោះមាន សិង្ហបុរីនិង ម៉ាឡេស៊ីជាដើម ដោយភ្លើងឆេះព្រៃបង្កឲ្យមានផ្សេងពុលគ្រប់ដណ្តប់ប្រទេសជិតខាងប៉ះពាល់ដល់បរិស្ថានរស់នៅ ។
យោងតាមកម្មវិធីតាមដានបរិយាកាសរបស់អឺរ៉ុប បានឲ្យដឹងថា នៅឆ្នាំនេះ គ្រោះអគ្គិភ័យដែល បំផ្លិចបំផ្លាញព្រៃដ៏ក្រាស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបញ្ចេញនូវកាបូនឌីអុកស៊ីដ (carbon dioxide) ខ្លាំងជាងភ្លើងឆេះព្រៃអាម៉ាហ្សូនទៅទៀត។
ភ្លើងឆេះព្រៃនេះ បានបង្កឲ្យមានកម្ទេចផេះ និងផ្សែងពុលយ៉ាងក្រាស់ គ្របដណ្ដប់ផ្នែកជាច្រើន នៅក្នុងប្រទេសតំបន់អាស៊ាន ហើយវាអាចបញ្ចេញជាតិកាបូនឌីអុកស៊ីដ ប្រហែល៧០៩លានតោន។ ដូច្នេះវាច្រើនជាងការបញ្ចេញផ្សែងពុល ពីភ្លើងឆេះព្រៃ អាម៉ាហ្សូន ដែលមានប្រហែល ៥៧៩មីហ្គាតោន (megatons)។
ភ្លើងឆេះព្រៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានផ្ដើមពីកសិករដុតព្រៃជម្រះដីកសិកម្មរបស់ពួកគាត់ ដោយមិនបានគ្រប់គ្រងឲ្យបានល្អ ទើបធ្វើឲ្យភ្លើងនោះ បន្ដឆេះរាលដាលដល់ព្រៃធម្មជាតិ រហូតរាលដាលដល់ចម្ងាយជាង៤ពាន់គីឡូម៉ែត្រ ដោយបានបំផ្លិច បំផ្លាញព្រៃ នៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ។
សហគមន៍អឺរ៉ុប បានថ្លែងថា វាមានការលំបាកខ្លាំងណាស់ ក្នុងការប្រៀង ធៀបដោយផ្ទាល់ រវាង គ្រោះមហន្ដរាយពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រៃអាម៉ាហ្សូន។ ប៉ុន្ដែបើផ្អែកលើទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវអវកាសជាតិប្រេស៊ីល បានបង្ហាញថា នៅក្នុងឆ្នាំ២០១៩នេះ ភ្លើងឆេះព្រៃ បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកការបញ្ចេញផ្សែងពុល ពីភ្លើងឆេះព្រៃ នៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺវាមានស្ថានភាពអាក្រក់ខ្លាំង ដោយសារការបញ្ចេញកាបូនឌីអុកស៊ីដ រហូតដល់១២៨៦មីហ្គាតោន។
ដោយឡែករដ្ឋាភិបាលឥណ្ឌូនេស៊ី បានប៉ាន់ប្រមាណថា ព្រៃប្រហែល2,៦លានហិកតារ ត្រូវភ្លើងឆេះព្រៃបំផ្លាញ កាលពីអំឡុងឆ្នាំ២០១៥។ ករណីនេះ ធ្វើឲ្យប្រទេសឥណ្ឌនេស៊ី ខាតបង់សេដ្ឋកិច្ច អស់ប្រហែល១៦ពាន់លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំនេះ ភ្លើងឆេះព្រៃ បានបំផ្លាញអស់៨៥០ ០០០ហិកតា ឬស្មើនឹងផ្ទៃដី នៃឧទ្យានជាតិ Yellowstone នៅអាមេរិក៕