ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរ​ក្រុងព្រះសីហនុ សុំការយោគយល់​រឿងសង់រោងការបិទផ្លូវ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់​នៅក្រុងព្រះសីហនុមិន​ជំទាស់ចំពោះការសង់រោងការ​បិទផ្លូវនោះទេ ពីព្រោះថា អាជ្ញាធរ​ក៏មិនទាន់កំណត់ហាមឃាត់​ការសង់​រោង​បិទផ្លូវនោះដែរ ។ ករណី​សង់រោងការបិទផ្លូវ​នាំ​ឲ្យមានមតិរិះគន់​ពីប្រជាពលរដ្ឋ​នេះ បានកើតឡើង​លើផ្លូវបេតុង​មួយខ្សែ​លេខ​២២៦ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានបិទផ្លូវជិត​ទាំងស្រុង ដែលមិនអាច​ឲ្យចរាចរបាន ។ រដ្ឋបាល​ខេត្តព្រះសីហនុ​បាន​សរសេរថា ក្នុងនាមជាប្រជាជន​ និងអ្នករស់នៅជិតខាង​អាចអធ្យាស្រ័យបានគួរអធ្យាស្រ័យ ព្រោះកម្មវិធីបែបនេះ ក៏យើងមិនធ្វើគ្រប់ពេលនោះ​ទេ ពោលគឺមួយជីវិត​រៀបចំតែម្តង ។

អ្វីដែលប្រជាពលរដ្ឋ​រិះគន់នោះ គឺការសង់រោង​នៅលើផ្លូវបិទផ្លូវសាធារណៈបែបនេះ នាំ​ឲ្យមានការកកស្ទះចរាចរ​នៅពេលដែលផ្លូវជាច្រើនខ្សែកំពុង​ជួសជុល ឬមិនអាចធ្វើដំណើរបាន ។ យ៉ាងណាក៏ដោយ គេនៅតែមានការយោគយល់​ចំពោះ​អ្វីដែល​បានកើតឡើង​នៅលើកំណាត់ផ្លូវលេខ​១២៦នោះ ។ ប៉ុន្តែអ្វីដែលជាការ​មិនគួរ​ឲ្យចង់ស្តាប់ ព្រោះតែការបោះពាក្យសម្តីរបស់ម្ចាស់ដើមការ​ដែលថា គ្រាន់តែការកូនម្តង បិទផ្លូវ វាមិនទៅជាបញ្ហាទេ ។ ការបិទផ្លូវសង់រោងការ មិនមែនសុំការយោគយល់​ពីអ្នកធ្វើដំណើរនោះទេ ប៉ុន្តែជាចរិកនៃការបង្ហាញអំណាច​ និងឥទ្ធិពលទៅវិញ ។ អំណាច និងឥទ្ធិ​ពល​ប្រាថ្នា​ចង់​ឲ្យប្រជាពលរដ្ឋ​នៅក្នុងក្រុងព្រះសីហនុ​គោរពកោតខ្លាចថាគេធំណាស់ ចង់បិទផ្លូវមួយក៏បាន ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់ មិនអាក់អន់ស្រពន់ចិត្ត​ចំពោះ​បញ្ហានេះទេ ពីព្រោះថា យើងអាចចំណាយពេលយ៉ាងយូរ៥នាទីប៉ុណ្ណោះ ដើម្បីចៀស ឬវាង​ផ្លូវរោងការនេះ ។ មិនមែន​មិនចង់ឃើញនោះទេ ផ្ទុយទៅវិញ បើយើងទៅមុខទៀត​ក៏មិនរួច(Sic)។ ដូច្នេះ មានតែ​ទ្រាំទៅ ។ ប្រសិនបើអាជ្ញាធរ​កំណត់ថា មិនអនុញ្ញាត​ឲ្យសង់រោងការ​បិទផ្លូវ​នោះទើបជាបញ្ហា ប៉ុន្តែអាជ្ញាធរ​មិនបានកំណត់យ៉ាងដូច្នេះទេ ដូច្នេះ អ្នកមានអំណាច អ្នកមានលុយ អាចសង់រោងការបិទផ្លូវបាន ។ រីឯប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅតាមផ្លូវឌឿងហែម មិនអាចធ្វើយ៉ាងដូច្នោះបានទេ ។ យ៉ាងណាក៏ដោយ​យើងខ្ញុំយល់ថា វាមិនជាបញ្ហាអ្វីធ្ងន់ធ្ងរនៅឡើយទេ ដូច្នេះ ការសង់រោង​បិទផ្លូវ​ក៏មិនទាន់ជាបញ្ហា​ដែលធ្វើឲ្យកកស្ទះចរាចរ​ខ្លាំងក្លានោះដែរ ។

ខ្ញុំបាទបានឃើញ​ផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានឆ្លើយតបថា ការពិត​ការរៀបចំបែបនេះ​ប្រាកដណាស់ថា មិនត្រឹមត្រូវទេ ប៉ុន្តែ​បើយើងពិនិត្យលក្ខណៈជាក់ស្តែង​នៅទីតាំងនេះ ចរាចរណ៍មិនសូវមមាញឹក និងមានផ្លូវតូច ធំ ជាច្រើន ហេតុដូចនេះ ក្នុងនាមប្រជាជន និងអ្នករស់នៅជិតខាង អាចអធ្យាស្រ័យ​បាន គួរអធ្យាស្រ័យ ព្រោះកម្មវិធីបែបនេះ ក៏យើងមិនធ្វើគ្រប់ពេលដែរ មួយជីវិត​រៀបចំម្តង ។ នេះគ្រាន់តែ​ជាគំនិតចូលរួមប៉ុណ្ណោះ សម្រាប់បងប្អូនពិចារណាតាមការគួរ ។ ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋានគួរពិនិត្យសម្របសម្រួល​មិនអាចបិទផ្លូវទាំងស្រុបបែបនេះនោះទេ គឺទុកផ្លូវសម្រាប់​ម៉ូតូ រ៉ឺម៉ក​រថយន្ត​អាចបើកបរនៅម្ខាងផ្លូវ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖