មិនមែនជាការមើលងាយមើលថោក ឬបន្តុះបង្អាប់សមត្ថភាពកូនខ្មែរនោះទេ តែអ្វីដែលនាងខ្ញុំចង់ទាញលើកមកនិយាយនៅពេលនេះគឺចង់ឲ្យយើងទាំងអស់គ្នាមេត្តាជួយពិចារណា និងជួយថ្លឹងថ្លែងនូវចំណេះដឹង ចំណេះធ្វើ និងចំណេះបញ្ញាទទួលបានសញ្ញាបត្រជំនាញផ្សេងៗយកមកអនុវត្តរបស់មនុស្សមួយចំនួនប៉ុណ្ណោះ ដោយសំដៅតែលើ ច្ចេកទេសជំនាញគ្រូពេទ្យឬ វេជ្ជបណ្ឌិត និងវិស្វករពីរនេះប៉ុណ្ណោះមកពិចារណា ។
ជាការពិតហើយការចំណាយពេលវេលា និងចំណាយធនធានផ្ទាល់ខ្លួនអស់ជាច្រើន ដើម្បីសិក្សារៀនយកចំណេះដឹងឬជំនាញនោះ ។ ក៏ប៉ុន្តែការចំណាយទាំងអស់នេះឲ្យវាគួរតែសមស្របដែលអាចទទួលយកចំណេះដឹងផ្នែកបច្ចេកទេស មកអនុវត្ត្តន៍ផ្ទាល់ដោយប្រសិទ្ធភាព និងគ្មានគ្រោះថ្នាក់ដល់អ្នកដទៃ ។
ជាក់ស្តែងនាងខ្ញុំសូមលើកពីការគ្រោះថ្នាក់និងឧបទ្ទវហេតុផ្សេងដែលកើតមាននៅប្រទេសកម្ពុជានាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ ក្នុងករណីមនុស្សស្លាប់ដោយគ្រូពេទ្យព្យាបាលជំងឺគ្មានជំនាញខ្លះៗ ដោយរាប់បញ្ចូលទាំងការស្លាប់ទាំងម្តាយនិងកូនក្នុងពោះពេលសម្រាលកូននីង មនុស្សស្លាប់ដោយអ្នកបច្ចេកទេស វិស្វករ ស្ថាបត្យករ…សាងសង់អគារបណ្តាលឲ្យបាក់ស្រុតរលំទាំងស្រស់ៗ ជាដើម។ ទាំងនេះនៅមិនទាន់រាប់បញ្ចូលការស្លាប់ដោយប្រការផ្សេងៗដោយសារអ្នកជំនាញបច្ចេកទេសមួយចំនួននៅឡើយ ។
នាងខ្ញុំយល់ថា ប្រមុខរាជរដ្ឋាភិបាលលោកខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សដើម្បីមានគុណភាព និងសមត្ថភាពដើម្បីយកចំណេះដឹងមកបម្រើជាតិនិងប្រជាពលរដ្ឋ និងជាទំពាំងស្នងឫស្សីសម្រាប់បន្តវេនទៅអនាគត ។ តែបើមនុស្សមួយចំនួនមិនគិតផលប្រយោជន៍ជាតិនិងប្រជាជន គិតតែប្រយោជន៍ផ្ទាល់ខ្លួននិងក្រុមគ្រួសារ និយមភាពពុករលួយ ឃើញលុយស្រវាចាប់លុយអត់អៀនខ្មាស នោះហើយដែលធ្វើឲ្យគ្រោះថ្នាក់ដល់ជាតិនិងប្រជាជន។ យ៉ាងណាមិញ ខ្ញុំសុំលើកតែឧទាហរណ៍តែពីរជំនាញនេះទេគឺជំនាញសុខាភិបាល និងសំណង់ ដោយសារតែស្រលាញ់លុយ ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ទោះអ្នកណាស្លាប់ក៏ស្លាប់ទៅឲ្យតែអញរស់ ។ អ្នកក្រ បើឈឺគ្មានលុយឲ្យពេទ្យទេពិតជាស្លាប់ ឯអ្នកជំនាញសាងសង់វិញ ទោះដឹងថាម្ចាស់ផ្ទះ ឬម្ចាស់ការដ្ឋានសំណង់សាងសង់ខុសលក្ខណៈបច្ចេកទេសទៅហើយ ក៏នៅតែមិនព្រមចាត់ការតាមវិធានការណ៍ច្បាប់នោះទេ ព្រោះមានសំណែនដល់ក្រោមតុទៅហើយ ដូច្នេះចេះតែបិទភ្នែកទៅ ។ លុះមានឧបទ្ទវហេតុរលំបាក់ស្រុតអគារនៅក្រុងព្រះសីហនុ និងក្រុងកែបថ្មីៗនេះដែលសម្លាប់មនុស្សអស់ជាច្រើននាក់ គេចាប់ផ្តើមឆ្លើយដោះបន្ទុកដាក់គ្នាពីមួយទៅមួយដើម្បីរួចខ្លួនប៉ុណ្ណោះ។
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសូមសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល មេត្តាគិតគូរពីធនធានមនុស្ស និងមានវិធានការណ៍លើអភិក្រមទី៥ ចំពោះបុគ្គលឬមន្រ្តីគ្រាប់ល្ពៅបែបនេះពិតជាមិនខុសទេ បើនៅតែបណ្តោយឲ្យមានយ៉ាងនេះទៀតនឹងមានគ្រោះថ្នាក់ជាហូរហែមិនខាន ។
សូមមេត្តាអភ័យទោស នាងខ្ញុំនិយាយតែលើបុគ្គលមួយចំនួនដែលនាំគ្នាពុករលួយលើជំនាញប្ចេកទេសប៉ុណ្ណ៕ ពីនាងខ្ញុំប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ