ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរវាយប្លន់កាបូបស្រ្តីម្នាក់បានសម្រេចរត់គេចខ្លួនបាត់បន្សល់ម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ ៖​ ក្រុមចោរធ្វើសកម្មភាពវាយប្លន់ស្ត្រីអ្នកលក់បន្លែម្នាក់បានសម្រេចយកលុយអស់មួយលាន​បីសែនរៀល​ (១.៣០០.០០០រៀល)​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បាត់ស្រមោល​តែ ​បន្សល់ម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ​ច្បាអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ហន ហៀង អាយុ​៣៣ឆ្នាំ មុខរបរលក់បន្លែ ជិះម៉ូតូហុងហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1DD-3264​ ។

ចំណែកឯម៉ូតូ ក្រុមជនសង្ស័យដែលបន្សល់​ទុកនៅកន្លែងកើតហេតុម៉ាកsuzuki Let ពណ៌ទឹកប្រាក់លាយទឹកមាស ពាក់ស្លាក​លេខ បាត់ដំបង1A-4678 ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើកម៉ូតូចេញពីផ្ទះក្នុងគោលបំណងទៅទិញបន្លែនៅផ្សារច្បារអំពៅ យកមកលក់ ដោយដាក់លុយក្នុងកាបូបចំនួន១លាន៣សែនរៀល​(១.៣០០.០០០) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក​សាមសុង​ បានបើកម៉ូតូតាមបណ្តោយផ្លូវបេតុង (កោះនរា) ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន​ក្រុមជនសង្ស័យបើកម៉ូតូមកជិតគាត់រួចយកមួកសុវត្ថិភាពវាយមកលើគាត់។

ស្ត្រីរងគ្រោះបានបន្តទៀតថា​ ភ្លាមៗនោះរូបគាត់​បានស្រែក ចោរៗ ពេលនោះជនសង្ស័យម្នាក់បានទាញកាបូប របស់គាត់ដែលដាក់ទាក់នឹង.កម៉ូតូបណ្ដាលឱ្យដួលរងរបួសរលាត់ដៃជើង ព្រមទាំងដួលម៉ូតូរបស់ជនសង្ស័យផងដែរ​ ហើយជនសង្ស័យវាយគាត់នឹងមួកសុវត្ថិភាព​បន្ថែមទៀត ខណៈពេលនោះក៏មានប្រជាពលរដ្ឋបានចេញមកច្រើន ឃើញហេតុការមិនស្រួលជនសង្ស័យភ័យពេកបានរត់ឡើងជិះម៉ូតូបក្ខ​ពួករបស់គេ​ ព្រមទាំងយកកាបូបលុយរបស់គាត់ទៅជាមួយផងដែរ​ គេចខ្លួនបាត់ដោយ​សុវត្ថិភាព​ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ។

បន្ទាប់ពីសមត្ថកិច្ច​បានយកម៉ូតូជនសង្ស័យ និងឱ្យជនរងគ្រោះទៅ​ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល​និរោធ ​ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ជ្រោយពេជ្រ


ចែករំលែក៖