រទេះគោគឺជាសម្បត្តិបេតិកភណ្ឌជាតិដែលកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំមកហើយ គឺជាស្នាដៃបុព្វបុរសខ្មែរ ជាក់ស្ដែងដូចមានរូបចម្លាក់នៅលើប្រាសាទបុរាណមាន រទេះគោ រទេះសាឡីសម្រាប់ព្រះរាជា រទេះសេះចម្បាំង និងរទេះដឹកកាំភ្លើងធំជាដើម។
រទេះគោបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរមិនត្រឹមក្នុងការដឹកជញ្ជូន និងសង្គមកិច្ចប៉ុណ្ណោះទេ ថែមទាំងមានការពាក់ព័ន្ធទៅ នឹងវិស័យជំនឿសាសនាផង។ តាមរយៈចម្លាក់ ប្រាសាទអង្គរវត្តយើងឃើញយ៉ាងច្បាស់ថារទេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ គង់ប្រថាប់ពីលើនោះគឺ ជាសញ្ញាណតំណាងនូវព្រះអាទិត្យ ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។
ការសំដែងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ ឬក៏ក្នុងជាតក បែបពុទ្ធនិយមជាដើម គេក៏បានឃើញការ និយម រទេះគោនេះដែរ។ វត្តមានរបស់រទេះគោនៅក្នុងសង្គមខ្មែរត្រូវបានគេគិតថាចាប់ផ្ដើមពីសតវត្សទី១នៃគ្រិស្តសករាជ ដោយរងឥទ្ធិពលពីប្រទេសឥណ្ឌា ដែលមានគូសបញ្ជាក់នាសម័យវេទនិយមគឺរវាង១៧០០ឆ្នាំ និង៧០០ឆ្នាំមុនគ្រិស្តសករាជ។
បច្ចុប្បន្នរទេះគោខ្មែរស្ទើរតែបាត់បង់អស់ទៅហើយដោយសារកត្តាច្រើនយ៉ាងដូចជាប្រជាពលរដ្ឋបានងាកមកប្រើរទេះកង់ឡាន និងប្រើគោយន្តជំនួសរទេះគោបុរាណរបស់បុព្វបុរសខ្មែរយើងពីជំនាន់ដើម។
សម្រាប់អ្នកមានធនធានគេបានជាវរទេះគោមកត្រឹមជាគ្រឿងតាំងលម្អក្នុងភូមិគ្រឹះ ភោជនីយដ្ឋាន ឬតាមសណ្ឋាគារធំៗ ប៉ុណ្ណោះ មានន័យថាសព្វថ្ងៃរទេះគោមានសារៈសំខាន់ក្នុងការតុបតែង ជាជាងការដឹកជញ្ជូនដូចពីមុន ដែលវាជាក្ដីបារម្ភមួយ ដែលអាចឲ្យរទេះគោបាត់វត្តមានទាំងស្រុងតាមស្រុកស្រែចម្ការនាថ្ងៃអនាគត៕
ប្រែសម្រួល៖ Wow Cambodian