ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយប្រមុខ​ការទូត​ចិន​លោក វ៉ាង យី ព្រមានលោកប្រធានព្រឹទ្ធសភា​ឆេក​ ត្រូវបានក្រសួងការបរទេស​ឆេក ​កោះហៅ​បេសកជន​ចិន​ប្រចាំ​ទីក្រុង​ប្រាក ​ដើម្បី​ស្ដាប់​ការពន្យល់

ចែករំលែក៖

   អន្តរជាតិ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសប្រទេសឆេក បានកោះហៅបេសកជនចិនប្រចាំទីក្រុងប្រាកដើម្បីស្ដាប់ការពន្យល់ទាក់ទងការគំរាមរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លើប្រធានព្រឹទ្ធសភាឆេកដែលកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ប៉ុន្តែជុំវិញបញ្ហានេះក្រសួងការបរទេសចិនក៏បានកោះហៅអគ្គរដ្ឋទូតឆេកប្រចាំប៉េកាំងដើម្បីតវ៉ានឹងដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆេកផងដែរ ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់លោក Vystrcil ទៅកាន់ទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ បានបំពានលើគោលនយោបាយ «ចិនតែមួយ»

មិនតែប៉ុណ្ណោះលោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ថែមទាំងព្រមានចំៗថាលោក Vystrcil នឹងទទួលផលតបស្នងចំពោះទង្វើរបស់ខ្លួនទៀតផងសូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Milos Vystrcil ប្រធានព្រឹទ្ធសភាឆេក និងជាអ្នកនយោបាយប្រឆាំងនៅកោះតៃវ៉ាន់ កំពុងធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលឆេក និងរដ្ឋាភិបាលចិនល្អក់កករខ្លាំង ចិនខឹងសម្បារជាខ្លាំងនឹងដំណើរទស្សនកិច្ចរបស់លោកVystrcil ទៅកាន់តៃវ៉ាន់ដែលខ្លួនចាត់ទុកជាអាណាខេត្តរបស់ខ្លួនមួយនោះ ហើយចាត់ទុកជាការបំពានគោលនយោបាយចិនតែមួយទៀតផង

បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលដកស្រង់សម្តីលោករដ្ឋមន្ត្រីការបរទេសឆេក Tomas Petricek លើកឡើងថា លោករំពឹងថា ចិននឹងពន្យល់សម្ដីរបស់លោក វ៉ាង យី ឲ្យច្បាស់បន្ទាប់លោក វ៉ាង យី បានប្រើសម្ដីព្រមានខ្លាំងៗធ្វើឲ្យទីក្រុងប្រាកមិនសប្បាយចិត្តឡើយក្រោយមកនៅថ្ងៃទី៣១ខែសីហាម្សិលមិញនេះ ក្រសួងការបរទេសឆេកបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា អនុរដ្ឋមន្ត្រីការបរទេសMartin Tlapa បានអញ្ជើញអគ្គរដ្ឋទូតចិនទៅសួរនាំពីសម្ដីរបស់រដ្ឋមន្ត្រីការបរទេសចិន និងប្រាប់ថា ឆេកមិនយល់ស្របតាមការនិយាយបែបនេះឡើយ

លោក Petricek និយាយនៅថ្ងៃទី៣១ ខែសីហា ដោយសំដៅទស្សនកិច្ចលោក Vystrcil និងការព្រមានចាត់វិធានការរបស់ចិនថា៖ «​ច្បាស់ណាស់ដំណើរទស្សនកិច្ចនេះ ប៉ះពាល់ទំនាក់ទំនងជាមួយចិន ប៉ុន្តែខ្ញុំគិតថា វាហាក់ទៅហួសពេកហើយ​» នាយករដ្ឋមន្ត្រីឆេក លោកAndrej Babis វិញ ក៏ប្រតិកម្មនឹងសម្ដីលោក វ៉ាងយី ដែរ ដោយចាត់ទុកជារឿងមិនសមរម្យ

ខណៈលោក Vystrcil កំពុងស្ថិតនៅតៃវ៉ាន់នៅឡើយ ហើយក្រសួងការបរទេសចិន ក៏បានចេញសេចក្ដីប្រកាសមួយ ដោយបញ្ជាក់ថាអនុរដ្ឋមន្ត្រីការបរទេស Qin Gang ក៏បានកោះហៅបេសកជនឆេក Vladimir Tomsik ដើម្បីតវ៉ាផងដែរ លោក Qin អះអាងថា ទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាឆេក បានបំពានធ្ងន់ធ្ងរអធិបតេយ្យរបស់ចិន និងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការដើម្បីការពារប្រយោជន៍ស្របច្បាប់របស់ខ្លួន

បើមែនទែនទៅ រដ្ឋាភិបាលឆេក ក៏ទទួលស្គាល់គោលនយោបាយចិនតែមួយដែរ ដោយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន កន្លងទៅ ឆេក ក៏មិនបានបញ្ជូនប្រតិភូណាមួយទៅកាន់តៃវ៉ាន់ជាផ្លូវការដែរ ចំណែកលោក Vystrcil វិញជាអ្នកនយោបាយមកពីក្រុមប្រជាធិបតេយ្យស៊ីវិលដែលជាក្រុមប្រឆាំងនៅឆេក ហើយត្រូវជឿថា មិនជាប់កាតព្វកិច្ចអ្វីទាក់ទងនឹងនយោបាយចិនតែមួយដែរ

ដោយ៖ស តារា


ចែករំលែក៖