អន្តរជាតិ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃលោក Keerati Rushchano បានអះអាងថា៖ ប្រទេសថៃ កំពុងទទួលបានឱកាសល្អមួយក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ក្រោយប្លុកមួយនេះអនុញ្ញាតឲ្យថៃនាំចូលអង្ករចំនួន ២៤៨៨៣តោនដោយមិនគិតពន្ធនាំចូលឡើយសម្រាប់ខែតុលានេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ថៃរូបនេះ បន្តថាគណៈកម្មការអឺរ៉ុបនៅថ្ងៃទី ២២ ខែកញ្ញាបានប្រកាសថា ចំនួនកូតាអង្ករសេសសល់ដែលថៃនាំអង្ករទៅអឺរ៉ុបប្រចាំឆ្នាំ នឹងមិនគិតពន្ធឡើយសម្រាប់ខែតុលា។ ចំនួនកូតាសេសសល់សម្រាប់អង្ករស អង្ករផ្កាម្លិះថៃ អង្ករក្រអូបនិងអង្ករ parboiled ១០០ ភាគរយ ដែលមិនបាច់បង់ពន្ធសម្រាប់ខែតុលាអាចមានរហូតដល់ ២៤៨៨៣ តោន។
លោក Keerati បានសង្កត់ធ្ងន់ថា៖«ដោយមិនគិតពន្ធនាំចូលវាគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុននាំចេញអង្ករថៃក្នុងការបង្កើនការនាំចេញរបស់ពួកគេទៅកាន់ទីផ្សារអឺរ៉ុប»។ បន្ថែមពីនេះលោក ថា សហភាពអឺរ៉ុបបានកំណត់កូតានាំចូលអង្ករប្រចាំឆ្នាំចំនួន ៦៣០០០០ តោននៅឆ្នាំនេះ ហើយជាធម្មតាសហភាពអឺរ៉ុប គិតពន្ធនាំចូលចំនួន១៤៥ ផោនក្នុងអង្ករមួយតោន។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍។
ដើម្បីចំណេញពីការមិនយកពន្ធនេះ អ្នកនាំចេញអង្ករថៃ ត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចូលក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែតុលា។ ចំពោះបញ្ហានេះលោក Keerati លើកឡើងថា ក្រុមហ៊ុននាំចេញអង្ករថៃដែលមានបំណងប្រើកូតាត្រូវតែដាក់ពាក្យសុំជាមុនវិញ្ញាបនបត្រសម្រាប់ការនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបតាមរយៈនាយកដ្ឋានរបស់។ លោកក៏បានបន្តទៀតថា អ្នកនាំចេញអាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី១៤ ខែតុលាដោយមិនគិតថ្លៃពិសេសអ្វីឡើយ។
ដោយឡែកជុំវិញបញ្ហានេះដែរ លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃបានមានបញ្ជាក់ថា ការនាំចេញអង្កររបស់ថៃទៅកាន់សហភាពអឺរ៉ុបទំនងជានឹងធ្លាក់ចុះចាប់ពីឆ្នាំ ២០១៩ ដោយសារតែផលប៉ះពាល់នៃជំងឺ COVID-19 ដែលធ្វើឲ្យតម្រូវការអង្ករចុះខ្សោយនៅតាមភោជនីយដ្ឋាននិងសណ្ឋាគារ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២០ ប្រទេសថៃបាននាំចេញអង្ករចំនួន ១៤៦៣៦២ តោនគិតជាទឹកប្រាក់ចំនួន ១៤០ លានដុល្លារអាមេរិកទៅកាន់សហគមន៍អឺរ៉ុប។ ក្នុងឆ្នាំ ២០១៩ ប្រទេសថៃបាននាំចេញអង្ករចំនួន ៤០៥២៦៣ តោនទៅកាន់សហភាពអឺរ៉ុបដែលមានតម្លៃ៣១៥លានដុល្លារពោលគឺកើនឡើងពី ៣៩៩៥១៩ តោនមានតម្លៃ ២៩៦ លានដុល្លារនៅឆ្នាំ ២០១៨ ៕
ដោយ៖ស តារា