រមណីយដ្ឋានភ្នំសំពៅក្នុងខេត្តបាត់ដំបងជាកន្លែងទទួលភ្ញៀវទេសចរឡើងទៅទស្សនាមិនដាច់មានទាំងភ្ញៀវជាតិនិងអន្តរជាតិពិសេសនៅថ្ងៃបុណ្យប្រពៃណីជាតិខ្មែរនិងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះរកចំណូលបានច្រើនគួរសម។
ភ្នំនេះត្រូវបានគេដឹងថានៅជាប់ដងផ្លូវជាតិលេខ១០អតីតផ្លូវលេខ ៥៧ តភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តប៉ៃលិនមានចម្ងាយប្រមាណជា ១៣ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបង និងមានប្រវត្តិល្បាញល្បីជាយូរមកហើយ ។
ភ្នំនេះមានទ្រង់ទ្រាយដូចជារាងសំពៅមានកម្ពស់ជិត ១០០ ម៉ែត្រមានផ្លូវឡើងក្រាលបេតុងអាចបើកម៉ូតូនិងរថយន្តបានហើយផ្លូវមួយទៀតជាជណ្តើរមានចំនួន ១០៣០ កាំ។
បើគេគយគន់ទេសភាពវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកនៃខេត្តបាត់ដំបងនោះ ភ្នំសំពៅក៏នៅបានបង្ហាញខ្លួនយ៉ាងសង្ហាវែងអន្លាយខណ:មានល្អាងជាច្រើនប្រទាក់រកគ្នាពីល្អាងមួយទៅល្អាងមួយដែលភ្នំនិងល្អាងទាំងនោះបានបង្កប់នូវជំនឿរឿងព្រេងបែបប្រវត្តិសាស្រ្តរបស់ដូនតាខ្មែរកាលពីសម័យដើម។
អ្នកស្រុកបាននិយាយថាកន្លងមកគេមានការភាន់ច្រឡំជាច្រើនថាប្រវត្តិភ្នំសំពៅនេះមានជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្រ្តនៃការកកើតប្រទេសជាតិកាលពីសម័យបុព្វកាលដ៏យូរលង់មកនោះ។
ការពិតគេមិនដឹងថា ភ្នំសំពៅនេះមានការកកើតនៅក្នុងគ្រិស្តសករាជណាពិតប្រប្រាកដនោះទេគ្រាន់់តែដឹងតាមឯកសារក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរថាភ្នំសំពៅនេះជាប់ទាក់ទិនព្រេងនឹងនិទានខ្មែររឿងចៅរាជកុលនិងនាងរំសាយសក់ហើយរឿងនេះក៏មានជាប់ពាក់ព័ន្ធទៅនឹងការកកើតទឹកដីនៅក្នុងភូមិសាស្រ្តនេះផងដែរ»។
អ្នកស្រុករៀបរាប់ថា នៅក្នុងតួភ្នំសំពៅទាំងមូលមានល្អាងចំនួន១១រួមមាន៖១- ល្អាងផ្កាស្លា ២- ល្អាងគក់ទ្រូង ៣- ល្អាងខ្យល់ ៤- ល្អាងតែងខ្លួន ៥- ល្អាងល្ខោន ៦- ល្អាងជ្រៃ ៧- ល្អាងពេជ្រ ៨-ល្អាងខ្វែង ៩- ល្អាងប្រេង ១០- ល្អាងស្ថានីយឬល្អាងធំ និង១១-ល្អាងក្បាលខ្មោច។ ល្អាងទាំងនោះគឺសុទ្ធតែជាប់ពាក់ព័ន្ធនឹងកន្លែងស្នាក់នៅនិងកន្លែងតុបតែងខ្លួននាងរំសាយសក់់កាលពីសម័យនោះ។ដោយហេតុនេះហើយទើបពេលបច្ចុប្បន្ននេះភ្ញៀវទេសចរចូលចិត្តទៅកម្សាន្ត តែគេនិយមទស្សនាតែពីរបីល្អាងទេ គឺល្អាងផ្កាស្លាល្អាងល្ខោនល្អាងស្ថានីយឬហៅថាល្អាងធំ។
បើក្រឡេកនៅលើកំពូលភ្នំខាងក្រោយវិញមានវត្តមួយឈ្មោះថាវត្តគិរីរម្យ ដែលកាលពីដើមឡើយគ្រាន់តែជាអាស្រមសម្រាប់សំណាក់ធម៌តែប៉ុណ្ណោះ។ នៅលើខ្នងភ្នំនេះដែរមានវត្តអរុណនារីឬវត្តដូនជីក្មេងនិងចេតិយធំៗស្អាតៗរបស់អភិជនខ្មែរកាលពីសម័យមុន ហើយមានយាយជីច្រើននាក់នៅសំណាក់ធម៌ទីនោះ។
ដោយឡែកនៅជុំវិញក្បែររមណីយដ្ឋានភ្នំសំពៅនោះមានចង្កោមភ្នំផ្សេងៗជាច្រើនដែលទាក់ទាក់ទងជាមួយរឿងនិទានខ្មែរគឺរឿងចៅរាជកុលនិងនាងរំសាយសក់ ។
អ្នកស្រុកនិយាយទៀតថា ក្នុងនោះកូនភ្នំក្តោង ភ្នំនេះទាក់ទងពេលដែលសំពៅចៅរាជកុលដែលដឹកភ័ស្តុភារបណ្ណាការមករៀបអភិសេកជាមួយនាងរំសាយសក់ហើយត្រូវក្រពើអាធនកល់កឿងរហូតក្រឡាប់សំពៅបាក់ក្លាយជាភ្នំក្តោង ។ចំណែកឯភ័ស្តុភារបណ្ណាការដែលបានបែកខ្ចាយដូចជាមាន់ទា នោះក្លាយជាភ្នំទ្រុងមាន់ភ្នំទ្រុងទាហើយកន្លែងនាងរំសាយសក់ច្បូតសក់បូមទឹកនោះក៏ក្លាយជាភ្នំនាងរំសាយសក់រហូតដល់សព្វថ្ងៃ។
ឯក្រពើឈ្មោះអាធនពេលរីងទឹកអស់ក៏ដុះឡើងក្លាយជាភ្នំក្រពើហើយភ្នំសំពៅនេះជាប្រាសាទនាងរំសាយសក់ទើបបានជាភ្នំនេះសម្បូរល្អាងព្រោះថាល្អាងនេះយើងអាចនិយាយបានថាជាបន្ទប់រៀបចំតុបតែងខ្លួនរបស់នាងរំសាយសក់ចាំទទួលចៅរាជកុលមកដល់។
អ្នកភូមិអះអាងថាភ្ញៀវឡើងទៅទសទស្សនាភ្នំនេះយ៉ាងតិច១ថ្ងៃ៧០នាក់ហើយពួកគេទទួលបានអារម្មណ៍ស្រស់ស្រាយពេលគយគន់ទេសភាពជុំវិញភ្នំ ហើយពួកគេក៏សប្បាយក្នុងការដើរកម្សាន្តក្នុងល្អាងពីមួយទៅមួយទួលបានភាពមនោរម្យក្នុងចិត្តក្រៃលែង ជាពិសេសបានសប្បាយភ្នែកនឹងឃើញហ្វូងប្រចៀវហើរខ្វាត់ខ្វែងរកសំបុក៕
ស្រាវជ្រាវនិងប្រែសម្រួលដោយ÷ចៅតាជេត