ខេត្តបន្ទាយមានជ័យ ៖ ក្រៅពីការប្រកបការដាំដុះស្រូវកសិករមួយគ្រួសារបានដាំបន្លែដើម្បីផ្គត់ផ្គងក្នុងគ្រួសារ និងតម្រូវការទីផ្សារបើទោះបន្លែមួយភាគមានការនាំចូលពីប្រទេសជិតខាង ក៏តម្រូវការបន្លែដែលដាំដោយដៃកសិករខ្មែរក្នុងស្រុក នៅតែជាអាទិភាពរបស់ប្រជាពលរដ្ឋ ដែលភាគច្រើនមិនប្រើប្រាស់ជីគីមីនាំឲ្យប៉ះពាល់ដល់សុខភាព។
លោកលឹម ថេង អាយុ ៥៣ ឆ្នាំមានប្រពន្ធឈ្មោះស្រី អោន ជាប្រជាកសិកររស់នៅភូមិបត់ត្រង់ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា៖មូលហេតុដែលគាត់ចាប់របរចិញ្ចឹមត្រីនិងដាំដំណាំវិលជុំនេះគឺដោយសារតែមានដីតូចត្រឹមតែ០៤រ៉ៃប៉ុណ្ណោះ ដែលជាកេរអាករពីឪពុកម្ដាយចែកឲ្យតែបើធ្វើស្រែវិញវាមិនគ្រប់ហូបនោះទេ។
លោកបន្តឲ្យដឹងទៀតថា៖ក្រោយពីចាប់មុខរបរធ្វើកម្មករសំណង់នៅប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំបែកផ្ទះសំបែង កូនចៅ ហើយមិនឃើញមានសល់អ្វីជាដុំកំភួនឡើយ ។
នៅឆ្នាំ២០១៦លោកសន្សំបានប្រាក់ខ្លះពីប្រទេសថៃ ងាកមកចាប់របរចិញ្ចឹមមាន់និងដាំដំណាំវិលជុំនិងចិញ្ចឹមត្រីពោនិងត្រីប្រា នៅលើផ្ទៃដីទំហំ០៤រ៉ៃ ដែលជាដីកេរនេះ ដោយជីកស្រះបណ្ដោយ ៥០ម៉ែត្រទទឹង ១៥ ម៉ែត្រនិងជម្រៅ ៥ម៉ែត្រដោយបានចិញ្ចឹមត្រីពោនិងត្រីប្រាចំនួនជាង១ម៉ឺន៥ពាន់ក្បាល ចំពោះដីនៅសល់គឺដាំដំណាំវិលជុំដូចជាដូងតឿចំនួន៨០ដើម និងពោតដំណើប(៨៨)ចំនួន០២រ៉ៃ ក្រោយពីដាំបានរយៈពេល០២ខែ១០ថ្ងៃនឹងទទួលផល ក្នុងនោះលោកក៏បានដាក់ដាំត្រសក់ស្រូវដែលមាន០២ប្រភេទមានត្រសក់ស្រូវទុំនិងត្រសក់ស្រូវខ្ចី ដំណាំនេះមានរយៈពេល ៤០ទៅ៦០ថ្ងៃទទួលផលហើយ និងក្រៅពីនោះបានដាំម្ទេសនិងល្ហុងតាមរបងព្រំដី។
គាត់បានបញ្ជាក់ទៀតថា៖ចំពោះឧបសគ្គនៃដំណាំនេះកន្លងមកគឺមានមួយចំនួនដូចជាដីទំនាបបណ្ដាលឲ្យទឹកលិចដំណាំខូចខាតផងដែរ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់គាត់មុននោះទេ។ដោយសារតែការចិញ្ចឹមត្រីនិងដំណាំវិលជុំអាចបេះលក់ឬចាប់លក់បានបណ្ដើរៗ។មួយវិញទៀតក្នុងរបរកសិកម្មនេះបើសិនជាមានដីទំហំប៉ុនគ្នាប្រៀបធៀបនិងធ្វើស្រែនិងចម្ការគឺធ្វើចម្ការទទួលបានកម្រៃខ្ពស់ជាងស្រែ។ចំពោះតម្លៃបច្ចុប្បន្ននេះមានការធ្លាក់ចុះជាងមុន ត្រសក់ស្រូវទុំមានតម្លៃចាប់ពី១,៥០០រៀលទៅ២,០០០រៀលក្នុង ១គីឡូ,ចំណែកផ្លែត្រសក់ខ្ចីលក់បានក្នុងតម្លៃ ៨០០ ទៅ១,០០០ រៀលក្នុង១គីឡូប៉ុណ្ណោះ។ចំណែកផ្លែដូងមិនទាន់បានជោគជ័យក្នុងការដាំដុះនៅឡើយទេ ដោយទទួលបានផលតិចតួចព្រោះនៅខ្វះបច្ចេកទេសក្នុងការដាំដុះ។ដោយឡែកត្រីពោនិងត្រីប្រា លក់បានត្រឹមតម្លៃជាង៤,០០០រៀលក្នុង១គីឡូ ។
ចុងក្រោយលោកក៏សូមសំណូមពរដល់មន្ទីរកសិកម្ម ជួយបង្ហាត់បង្រៀនផ្នែកកសិកម្មក្នុងការចិញ្ចឹមសត្វនិងដាំដំណាំបន្ថែមដល់គាត់ឲ្យមានជំនាញពិតប្រាកដ ដើម្បីបានទទួលផលច្រើនជាងនេះ។មួយវិញទៀតក៏សូមសំណូមពរឲ្យខាងមន្ទីរពាណិជ្ជកម្មមេត្តាជួយរកទីផ្សារដូចជាបន្លែបង្ការនិងត្រីចិញ្ចឹមក្នុងស្រុកកំពុងប្រឈមដោយគ្មានទីផ្សារច្បាស់លាស់ និងកាត់បន្ថយការនាំ បន្លែ ត្រី សាច់ ពីប្រទេសជិតខាងនិងកាត់បន្ថយភាពក្រីក្រក្នុងស្រុកផងដែរ ៕
ដោយ ៖ វណ្ណា