ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការនាំចេញផលិតផលវាយនភណ្ឌរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានចំនួនរហូតដល់៣០ភាគរយ ដែលឯកឧត្តម ចាត់ទុកថា នេះជាចំនួនដ៏ច្រើនមួយបើប្រៀបធៀបជាមួយនឹងប្រទេសដទៃផ្សេងទៀត បើទោះជាពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិកូវីដ-១៩ក្តី។
ការលើកឡើងរបស់លោកW.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស, បញ្ហាផ្សេងៗពាក់ព័ន្ធវិស័យការងារ និង កម្មវិធីជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក (USAID) នៅ ទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។
លោកW.Patrick Murphy បញ្ជាក់បន្ថែមថា កំណើនការនាំចេញផលិតផលវាយនភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏ជាការស បញ្ជាក់ពីការសហការគ្នាយ៉ាងល្អរវាងកម្ពុជា-សហរដ្ឋ អាមេរិក បើទោះបីមានកិច្ចការងារមួយចំនួនខ្លះទៀត ដែលជាបញ្ហាប្រឈម ត្រូវការពេលវេលាដើម្បីជជែករកដំណោះស្រាយឲ្យបានសមរម្យជាមួយគ្នាបន្តទៀត។
នៅក្នុងជំនួបនេះដែរលោក អ៉ិត សំហេង ក៏បានវាយតម្លៃ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះលោក W. Patrick Murphy នៅក្នុងអាណត្តិការទូតរបស់លោកបានពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋ អាមេរិក មានផ្លែផ្កាគួរឲ្យកត់សម្គាល់ ក្នុងភាពជាដៃគូរដែលនាំឱ្យមានការវិវត្តន៍រីកចំរើន និងដោះស្រាយនូវបញ្ហាប្រឈមនានាដែលជាកង្វល់របស់ភាគីពាក់ព័ន្ធ ដោយឈរលើស្មារតីរួមគ្នាក្នុងការលើកកម្ពស់សិទ្ធការងារ សេរីភាពអង្គការវិជ្ជាជីវៈ លក្ខខណ្ឌការងារ អនុលោមតាមច្បាប់ស្តីពីការងារ និងបទដ្ឋានការងារអន្តរជាតិ។
ទន្ទឹមនឹងនេះ ការបន្តយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស តាមរយៈការជួញដូរកម្លាំងពលកម្ម ការលុបបំបាត់ពលកម្មកុមារ សុទ្ធតែទទួលបាននូវវឌ្ឍភាពគួរអោយកត់សំគាល់ផងដែរ បើទោះនៅមានបញ្ហាប្រឈម និងបញ្ហាមួយចំនួនមិនទាន់បានសម្រេចគោលដៅ ក៍យើងបានជម្រុញការងារទាំងនេះប្រកបដោយស្មារតីទទួលខុសត្រូវ ធានាបាននូវការការពារ និងលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ពលករទេសន្តរប្រវេសន៍ ការពារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬការរើសអើងនៅកន្លែងធ្វើការ, ផ្តល់ជំនួយផ្នែកច្បាប់ និងសុខុមាលភាព, ជួយដល់ពលករក្នុងការទទួលបានឯកសារផ្លូវច្បាប់ត្រឹមត្រូវ និងជួយដល់ពលករចំណាកស្រុកដែលមិនមានឯកសារ, សម្របសម្រួលលទ្ធភាពទទួលបានរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមច្បាប់នៃប្រទេសគោលដៅ។
ចំពោះបញ្ហាពលកម្មកុមារ ក្រុមអធិការកិច្ចការងារកំពុងខិតខំបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយដល់សហគ្រាស សិប្បកម្ម និងអាណាព្យាបាលឱ្យយល់ច្បាស់ពីច្បាប់ និងលិខិតបទដ្ឋានដែលកំណត់អាចឱ្យប្រើប្រាស់កុមារលើប្រភេទការងារណា ហើយក្នុងលក្ខខណ្ឌបែបណា ទន្ទឹមនឹងនេះក៏បានអនុវត្តច្បាប់ចំពោះសហគ្រាស សិប្បកម្មដែលមិនអនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជា ធរមានផងដែរ ដើម្បីទប់ស្កាត់បាននូវការប្រើប្រាស់ពលកម្មកុមារ ហើយដកហូតកុមារចេញពីពលកម្មកុមារបានជាបន្តបន្ទាប់ ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តគ្មានពលកម្មកុមារ នាឆ្នាំ២០២៥។
ភាគីទាំងពីរបានសំដែងនូវមោទកភាពចំពោះវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិទាំងនេះ ហើយបានឯកភាពគ្នាក្នុង ការជម្រុញនូវការងារទាំងនេះបន្តទៀត ទាំងការរួមគ្នាក្នុងការធ្វើឱ្យកាន់ប្រសើរឡើងនូវការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈការរៀបចំឱ្យមានជាវេទិការចែករំលែកបទពិសោធន៍ និងការសិក្សាសម្រួលដល់ការធ្វើឱ្យនីតិវិធី នានាកាន់តែងាយស្រួលក្នុងការចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងវិស័យការងារកាន់តែប្រសើរ។ ជាមួយនេះផងដែរ ចំពោះគម្រោងរោងចក្រកាន់តែប្រសើរ ក្រសួងនឹងបន្តជម្រុញឱ្យម្ចាស់រោងចក្រ សហគ្រាស ផ្នែកផលិតផលិតផលធ្វើដំណើរ និងកាបូប ចូលជាសមាជិកនៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ហើយក្រសួងនឹងរៀបចំឱ្យមានជាអធិការ កិច្ចរួមគ្នារវាងអធិការកិច្ចការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។
ចំពោះករណីវិវាទការងារ ក្រសួងតែងតែខិតខំឱ្យអស់លទ្ធភាពក្នុងផ្សះផ្សា និងស្វែងរកដំណោះស្រាយតាមយន្តការចរចារ ហើយតែងតែបន្តអំពាវនាវ តាមការអញ្ជើញភាគីវិវាទចូលមកជួបចរចារដោះស្រាយដោយសន្តិវិធីស្របតាមនីតិវិធីច្បាប់ជាធរមាន ហើយក្រសួងរីករាយក្នុងការផ្តល់សេវាផ្នែកច្បាប់ជូនដល់ភាគីវិវាទ ដើម្បីធានាបាននូវការការពារតាមផ្លូវច្បាប់ ដែលកន្លងមកក្រសួងបាននឹងកំពុងអនុវត្តកក្នុងការជួយគាំពារដល់បងប្អូនកម្មរនិយោជិត ជាពិសេស មេដឹកនាំសហជីព។
ជាចុងក្រោយភាគីទាំងពីរបានសម្តែងនូវក្តីរំភើបរីករាយចំពោះផ្លែផ្លានៃកិច្ចពិភាក្សាប្រកបដោយភាពស្និតស្នាល ក្នុងស្មារតីភារតភាព និងត្រង់ទៅត្រង់មក៕
ដោយ៖ សូរិយា