ខេត្តស្ទឹងត្រែង៖ ក្រោយពីការព្រមានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅលើមន្ទីរសាធារណការនិងដឹកជញ្ជូនរួមនឹងមន្ត្រីជំនាញ និងអាជ្ញាធរមួយចំនួនផងដែរ នៅតាមបណ្តាខេត្ត ជាពិសេសស្ថានីយជញ្ជីងថ្លឹងរថយន្ត ដើម្បីត្រួតពិនិត្យទៅលើរថយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តធុនធំៗតទ្រុងខុសបច្ចេកទេសដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់ខូចព្រោះមិនអាចទ្រនឹងទម្ងន់បាន។ ប៉ុន្តែការរិះគន់នោះត្រូវបានស្ងប់ស្ងាត់មួយរយៈ ឥឡូវបានកម្រើកឡើងវិញហើយ ខណ:ដែលដំឡូងមីឡើងថ្លៃ ហាងឆេងជញ្ជីងក៏ត្រូវប៉ាន់ដែរ។ ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរជាច្រើន កំពុងផ្ទុះការរិះគន់ទៅលើលោកគង់ សុធា ប្រធានស្ថានីយថ្លឹងរថយន្តអូរពងមាន់ដោយបាននិយាយថា ចាប់តាំងពីលោកប្រធានជញ្ជីងមកកាន់តំណែងថ្មីនេះមក ដូចជាមានការស្ងាត់ស្ងៀមល្អណាស់ គឺគេមិនដែលសូវឃើញកាក់ឬឃាត់រថយន្ត ដឹកទំនិញដើម្បីត្រួតពិនិត្យថាតើផ្ទុកលើសទម្ងន់ឬក៏គ្រប់នោះទេ ខណ:ដែលតម្លៃដំឡូងមីស្រស់ និងតម្លៃដំឡូងមីក្រៀមហក់ឡើងខ្ពស់ គួរជាទីគាប់ចិត្តដល់ប្រជាកសិករដែលប្រកបរបរកសិកម្មដាំដំឡូងមីឆ្នាំនេះ។ រីឯឈ្មួញកណ្តាលក៏កំពុងត្រូវប៉ាន់គ្រាន់បើដែរ ទោះបីបង់ភាស៉ីតាមដងផ្លូវ ដូចជាបង់ឱ្យសមត្ថកិច្ចជាហូរហែក៏ដោយចុះ។ ជាពិសេសស្ថានីយជញ្ជីងអូរពងមាន់ដែលស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង ពួកគាត់បង់មិនដែលខានឡើយ។ ជាក់ស្តែងនៅយប់ថ្ងៃទី០៥និងទី០៦ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែងបានឆ្លងកាត់ ហើយបានប្រទះឃើញរថយន្តខ្នាតយក្សជាច្រើនបើកបរបន្តកន្ទុយគ្នាបើកចូលជញ្ជីងថ្លឹងរថយន្តអូរពងមាន់ ពិតជាមិនបានឃើញមន្ត្រីស្ថានីយជញ្ជីង ចូលទៅត្រួតពិនិត្យឬអង្គុយមើលមើល
លេខជញ្ចីងរត់ពេលរថយន្តផ្ទុកទំនិញឡើងថ្លឹងនោះឡើយ គឺឃើញតែមន្ត្រីម្នាក់ឬ២នាក់អង្គុយចុចទូរស័ព្ទកំពុងរង់ចាំរថយន្តចូលថ្លឹង និងចាំទទួលលុយពីព្រូរថយន្តរត់យកលុយមកបង់ឲ្យមុនរួចរាល់ ទើបរត់ទៅឡើងរថយន្តវិញ ហើយក៏បន្តដំណើរទៅមុខយ៉ាងរលូនដោយមិនរំខានដល់ការធ្វើដំណើររបស់ឈ្មួញរកស៉ីឡើយ ទោះបីដឹកពេញព្រៀបឡើងហួសទ្រុង ឬមានរថយន្តឈ្មួញខ្លះដឹកបង្កប់ឈើក្រោម គ្រាប់ស្វាយចន្ទីនិងដំឡូងមីពីលើយ៉ាងណាក៏ដោយ ក៏មន្ត្រីស្ថានីយថ្លឹងរថយន្តនោះមិនរវីរវល់ដែរ។ នេះហើយសបញ្ជាក់ឱ្យឃើញថា: មន្ត្រីជំនាញទាំងនោះមិនបានបំពេញតួនាទី និងភារកិច្ចខ្លួនឡើយ ជាពិសេសលោកប្រធានស្ថានីយជញ្ចីងនេះតែម្តង មិនបានអនុវត្តទៅតាមបទបញ្ជាដែលថ្នាក់លើប្រគល់ឱ្យនោះឡើយតាំងពីលោកឡើងមកកាន់ជាប្រធានស្ថានីយថ្មីមក ហាក់បីដូចជាស្ងាត់ស្ងៀមល្អណាស់។ ជាពិសេសទៅទៀតនោះលោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តក៏គួរតែពិនិត្យនិងតាមដានរឿងនេះផង។ តើពិតដូចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែឬរទេជុំវិញរឿងស្ថានីយថ្លឹងរថយន្តនៅចំណុចអូរពងមាន់នេះដែលថាថ្លឹងរថយន្ត តែមិនបានពិនិត្យមើលលេខជញ្ជីងរត់តើដឹកលើសឬក៏ខ្វះ គឺមានតែគ្រប់រហូតមែនឬ ព្រោះមានអ្នករត់យកលុយមកបង់ឱ្យហើយទៅមើលអីទៀតនាំរំខាន។
បើតាមការឱ្យដឹងពីម្ចាស់រថយន្តធុនធំផ្ទុកទំនិញឆ្លងកាត់ជញ្ជីងអូរពងមាន់ខាងលើបាននិយាយថា: ក្នុងការដឹកដំឡូងមីក្រៀមនេះគឺលើសដែរតែលើសបន្តិចបន្តួច ទើបគេបង់ថ្លៃឱ្យមន្ត្រីជញ្ជីងសម្រាប់ថ្លៃបាយទឹក១ម៉ីនទៅ២ម៉ីនរៀល និងបង់ភាស៊ីតាមផងផ្លូវ និងសមត្ថកិច្ចជាច្រើនទៀត ហើយការដឹកនេះចេញពីគោលដៅភូមិឈ្វាំង ឆ្លងកាត់ជញ្ជីង២កន្លែង ទើបទៅដល់ព្រំដែនច្រកវ៉ាឡឺ ក្នុងស្រុកស្នួល ហើយបង់ក្បាលឡានឱ្យច្រកខ្មែរ៥ម៉ីនរៀលទៀត តែបើឆ្លងទៅវៀតណាមនោះអស់តិចទេ ប៉ុន្តែចំណេញតិចទើបបង្ខំចិត្តលួចតទ្រុងខ្លះៗទៅ។ ចំណែកលោកប្រាក់ សោភ័ណ្ឌ ប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តបានបញ្ជាក់ថា ធម្មតារថយន្តខ្នាតធំៗដឹកផលដំណាំកសិកម្មដូចជាដំឡូងមី និងគ្រាប់ស្វាយចន្ទីនេះ ខ្លះក៏គ្រប់ខ្លះក៏លើសតិចតួចត្រឹមមួយតឹកអាចលើកលែង តែបើលើសចាប់ពី២-៣តឹក ជំនាញនឹងចាប់កាត់ទ្រុងហើយពិន័យទៅតាមច្បាប់។
ជុំវិញរឿងនេះលោកគង់ សុធា ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់ បានឱ្យដឹងដែរថា: ពាក់ព័ន្ធនឹងរថយន្តធុនធំដឹកទំនិញផ្សេងៗគ្រប់ប្រភេទ ដូចជារដូវនេះជារដូវដកដំឡូង ឈ្មួញដឹកដំឡូងមីភាគច្រើនវាឃើញសំពីងសំពោង តែមិនលើសច្រើនទេ ត្រឹម១តោនចុះមិនពិន័យទេ តែបើលើសហួសកំណត់ត្រូវឃាត់រួចរើចេញបង់ពិន័យ មិនអនុញ្ញាតឱ្យរួចខ្លួនឡើយ។ ចំណែកការយកលុយពីរថយន្តដឹកទំនិញផ្សេងៗនោះ វាជាការឱ្យថ្លៃបាយទឹកទេ មិនពាក់ព័ន្ធការសូកប៉ាន់ឡើយ។ ចំណែកការដឹកលើសទម្ងន់ដូចការលើកឡើងរបស់ពលរដ្ឋខាងលើគឺមិនត្រឹមត្រូវទេ ព្រោះរថយន្តដឹកទំនិញទាំងអស់ខាងលើតម្រូវឱ្យឆ្លងកាត់ជញ្ជីងថ្លឹង ចូលទិន្នន័យក្រសួងដោយស្វ័យប្រវត្តិ មិនអាចបន្លំបានទេ៕
ដោយ៖ មាស សុផាត