ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីម្សិលមិញបានមានប្រសាសន៍ថា, ខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ គាត់គ្មានសិទ្ធិអញ្ជើញ ឬកោះហៅ អ្នកកាសែតមកឆ្លេីយបំភ្លឺនោះទេ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង !
សូមបញ្ជាក់ថា, ពាក់ព័ន្ធនឹងករណីដែល អង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានអញ្ជើញលោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ចូលទៅបំភ្លឺនៅអង្គភាពរបស់ខ្លួន បន្ទាប់ពីមានការចុះផ្សាយព័ត៌មានកន្លងទៅនោះ! ដែលអ្នកច្បាប់មានចម្ងល់ថា តើអង្គភាពនេះសំអាងទៅលើអ្វី មាត្រាណា១ អនុក្រឹត្យណា១ ? .,…រឿងនេះក៏ត្រូវបានលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ម្សិលមុិញ បានមានប្រសាសន៍ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា៖ ខ្ញុំគិតថារឿងនេះ ជារឿងមួយ បើគិតតាមផ្លូវច្បាប់ ដូចជាអត់មានច្បាប់ចែង ថាឲ្យកោះហៅ ! និយាយរួមគឺគ្មានច្បាប់ចែងតែម្ដង។ លោកនាយឧត្តមសេនីយ៍ បានបន្តថា, ច្បាប់ចែងថាឱ្យចេញក៏គ្មាន, ច្បាប់ចែងថាគ្មានឱ្យអញ្ជើញក៏គ្មាន, ខ្ញុំក៏មិនដឹងឆ្លើយយ៉ាងម៉េចដែរ។ លោកបានលើកឡើងថា, គ្មានច្បាប់ឱ្យអញ្ជើញអ្នកកាសែតមក ការពិតខាងគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយគាត់គ្មានសិទ្ធិអញ្ជើញអ្នកកាសែតមកទេ បើនិយាយជារួមទៅ ។
សូមជម្រាបថា បន្ទាប់ពី លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចេញលិខិតអញ្ជើញ លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” លេីកទី១, ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ និងលេីកទី២, ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដើម្បីចូលរួម បំភ្លឺ ករណីចុះផ្សាយព័ត៌មាន(ជាវីដេអូ) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុកឈ្មោះ Nokorwat News ដែលមានផ្សាយនៅក្នុងអាសយដ្ឋាន (https//fb-watch/dRchSdXOdl/) ទាក់ទងទៅនឹង ប្រតិបត្តិការ របស់សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ហើយចំពោះការលិខិតកោះអញ្ជើញទាំងពីរមានទម្រង់ខុសគ្នាទាំងស្រុង។ ទើបលេចចេញជាចម្ងល់ជាច្រើន ចោទជាសំណួរដោយអ្នកច្បាប់ថា, លិខិតអញ្ជើញលោកស្រី អគ្គនាយិកា មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” ចេញដោយ លោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អោយចូលបំភ្លឺ តើគាត់មានគោលបំណងអ្វី ! ហើយការចេញលិខិតអញ្ជើញចូលបំភ្លឺនេះ លោកសំអាងលើច្បាប់អ្វី មាត្រាប៉ុន្មាន អនុក្រិត្យ១ណា ! ដែលប្រគល់សិទ្ធិអំណាចអោយគាត់ មានសិទ្ធិកោះហៅ កោះអញ្ជើញ ដើម្បីទៅបំភ្លឺអោយគាត់ ? ព្រោះច្បាប់នៃរបបសារព័ត៌មាន មានចែងយ៉ាងច្បាស់.. , បើការចុះផ្សាយទៅបុគ្គលណា១ ,ឬស្ថាប័នណា១ ! ហើយបុគ្គល ឬស្ថាប័ននោះ គាត់យល់ឃើញថា, ការចុះផ្សាយនោះ មានភាពមិនត្រឹមត្រូវ គឺគាត់មានសិទ្ធិ អោយអង្គភាព ដែលបានចុះផ្សាយធ្វើការកែតម្រូវ ។ ប្រសិនបើជាអង្គភាពនោះ មិនធ្វើការចុះផ្សាយកែតម្រូវទេ គាត់មានសិទ្ធិប្តឹង ទៅអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ ដែលជាសមត្ថកិច្ច ហើយច្បាប់បានប្រគល់អោយ ឬក៏ស្ថាប័នអយ្យការ ។ ផ្ទុយទៅវិញនីតិវិធីរបស់ បុគ្គលខ្លះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើការប្លែកៗ បែប(នីតិវិធីស្ទើរភ្លើង) ទេដឹង? (…ចម្ងល់អ្នកច្បាប់…)? បញ្ហាទាំងនេះគួរថ្នាក់លើ ពិនិត្យឡើងវិញផងដែរ ពីនីតិវិធី តួនាទី ភារកិច្ច ជៀសវាងផ្ទុយនឹងច្បាប់ប្រគល់ជូន ។
ជុំវិញករណីនេះដែរ លោក តាន់ សុវិជ្ជា ប្រធាននាយលេខាធិការដ្ឋានគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” យ៉ាងដូច្នេះថា៖ តើខាងណាជាអ្នកចេញ ! ហើយអ្នកណាជាអ្នកចេញ , បើអ្នកណាដែលចេញទាក់ទងទៅគាត់ទៅខ្ញុំអត់ដឹងទេ បើលោក សោម ច័ន្ទឌីណា គាត់លិខិតអញ្ជើញ មេត្តាសួរគាត់ទៅ..ពីព្រោះគាត់ជាអ្នកសម្របសម្រួលផ្នែកច្បាប់ ខ្ញុំអត់ដឹងទេ អោយគាត់ពន្យល់ចុះ ..! ។ លោក តាន់ សុវិជ្ជា ធ្លាប់មានប្រសាសន៍ថា, ខាងអង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ គ្មានសិទ្ធកោះហៅ កោះអញ្ជើញអ្នកកាសែតមកបំភ្លឺក្នុងអង្គភាពរបស់ខ្លួនទេ ដូច្នេះបើអ្នកណាជាអ្នកចេញលិខិតនោះ ទទួលខុសត្រូវខ្លួនឯងចុះ។
ដោយឡែកលោក សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ សម្របសម្រួលផ្នែកច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងប្រាប់អង្គភាព មជ្ឈមណ្ឌល សារព័ត៌មាន”នគរវត្ត” តាមរយៈទូរស័ព្ទកាលពីម្សិលមិញថា៖ ដោយសារតែករណីនេះ ត្រូវយល់ថា, ការអញ្ជើញនេះ ជាការអញ្ជើញ មិនមែនជាការកោះទេ ហើយស្ថាប័នក្រសួងមហាផ្ទៃមិនមែនជាតុលាការទេ គ្រាន់តែសូមអញ្ជើញគាត់មកបំភ្លឺ ។ លោកបន្តថា, ករណីនេះពាក់ព័ន្ធនឹងនីតិវិធី គឺនាយឧត្តមសេនីយ៍ មៀច សុផាន់ណា លោកស្នើសុំទៅសម្តេចក្រឡាហោម ហើយសម្តេចក៏បានឯកភាព ដើម្បីអោយអញ្ជើញ ។ ដូច្នេះខ្ញុំជាអនុគណៈកម្មាធិការ ទទួលការងារនេះ ហើយជាប្រធានទទួលការងារច្បាប់ផង គ្រាន់តែសូមអោយមកបំភ្លឺទៅ បើសិនជាការចុះផ្សាយមិនត្រឹមត្រូវទេ ធ្វើការកែតម្រូវទៅ ហើយលោកស្រីអគ្គនាយិកា មិនមកក៏បាន អោយតំណាងមកក៏បាន ដើម្បីចង់បានរបាយការណ៍ ជូនសម្តេចក្រឡាហោម វិញតែប៉ុណ្ណឹងទេ ។ ត្រង់សំណួរថា, ហេតុអីក៏ខាងគណៈកម្មាធិការ មិនដាក់លិខិតជូនមកអោយបំភ្លឺ ឬកែតម្រូវ? លោកបានបញ្ជាក់ថា, ដោយសារខ្ញុំគិតថារឿងនេះ ! ដែលជានីតិវិធីមួយដែលយើងដើរ តាមការចង្អុលបង្ហាញពីសម្ដេចក្រឡាហោម ហើយខ្ញុំមិនបានបញ្ជូនទៅខាងក្រសួងព័ត៌មាន ខណៈខ្ញុំគិតថាវាជារឿងសាមញ្ញទេ អត់មានរឿងអីធំវែងឆ្ងាយទេ។
ដោយឡែក លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ និងជា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ជា ប្រធានស្តីទី នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”តាមទូរស័ព្ទ ប៉ុន្តែនៅក្រៅតំបន់សេវា។
ស្របពេលដែលតំណាងអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” លើកជាសំណួរថា, ក្នុងករណីអង្គភាពសារព័ត៌មាន ចុះផ្សាយពីបុគ្គលមួយ ជាមន្ត្រីដឹកនាំប្រតិបត្តិការ អនុវត្តច្បាប់ ហើយការដឹកនាំអនុវត្តច្បាប់នោះ គាត់ធ្វើទៅគ្មានភាពប្រក្រតី ខុសឆ្គងនឹងនីតិវិធី ហើយអ្នកសារព័ត៌មានបានធ្វើការចុះផ្សាយពីគាត់ តាមរយៈការរិះគន់ពីអតិថិជន អំពីឈ្មោះបុគ្គលដែលដឹកនាំប្រតិបត្តិការនោះ ។ បើយោងតាមច្បាប់របបសារពត៌មាន ប្រសិនបើមន្ត្រីដែលត្រូវបានសារព័ត៌មានចុះផ្សាយ យល់ឃើញថាមិនត្រឹមត្រូវ បុគ្គលនោះអាចធ្វើលិខិតមកកាន់អង្គភាពសារព័ត៌មាន ដើម្បីបំភ្លឺ ឬកែតម្រូវនូវចំណុចណាមួយដែលគាត់យល់ឃើញថាខុស ឬផ្សាយមិនត្រូវ ។ តែនេះបែរជា គណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ មិនបានអនុវត្តតាមនីតិវិធី ច្បាប់ស្ដីពីរបបសារព័ត៌មានទេ បែរជាគាត់ចេញលិខិត កោះហៅអ្នកសារព័ត៌មាន ទៅបំភ្លឺ នៅកន្លែងអង្គភាពរបស់គាត់វិញ តើទម្រង់លិខិតបែបហ្នឹង ជាការត្រឹមត្រូវឬទេ , ហើយខាងគណៈកម្មាធិការហ្នឹងគាត់មានសិទ្ធិអំណាចទេ មានច្បាប់ មានលិខិតបទដ្ឋានគតិយុត្ត ឬអនុក្រឹត្យណាមួយ ប្រគល់សិទ្ធិឱ្យគាត់ មានសិទ្ធិកោះហៅអ្នកកាសែត ទៅបំភ្លឺអំពីការចុះផ្សាយនៅអត្ថបទរបស់ខ្លួន ដើម្បីបំភ្លឺជូនគណៈកម្មាធិការនេះ ?
បើយោងតាមប្រសាសន៍របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័ក្គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, អង្គភាពគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ គ្មានសិទ្ធិកកោះហៅ គ្មានសិទ្ធិចេញលិខិតអញ្ជើញ អ្នកកាសែតទេ ខណ: ច្បាប់គ្មានចែង។
ចំណុចនេះ ! ប្រសិនបើខាងគណៈកម្មាធិការគ្មានសិទ្ធិអំណាចក្នុងការកោះហៅអ្នកកាសែតទេ ខណៈច្បាប់អត់មានចែង ,ចុះបើគាត់អត់មានសិទ្ធិអញ្ចឹង ! តើគាត់មានបទល្មើសទេពីការរំលោភជ្រៀតជ្រែកអំណាចឬទេ ?
ពាក់ព័ន្ធករណីនេះ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ថា, ពាក់ព័ន្ធនឹងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនថា អង្គភាពសារព័ត៌មានឬអ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដំណឹង ឬព្រឹត្តិការណ៏នានាតាមប្រភពដែលខ្លួនទទួលបាន ស្របតាម ច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន។ យោងមាត្រា១០ នៃច្បាប់របបសារព័ត៌មានបានចែងថា “ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសពីការពិត ធ្វេីឱ្យខាតដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះ ធ្វើការកែតម្រូវ ឬសិទ្ធិឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហារកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្លួន…”។ ដូច្នេះ ទាំងអង្គភាពសារព័ត៌មានឬអ្នកសារព័ត៌មាន និងអាជ្ញាធរឬស្ថាប័នដែលមានសមត្ថកិច្ចត្រូវអនុវត្តនូវតួនាទីភារកិច្ច និងសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ប្រគល់ឱ្យ។ ព្រមជាមួយគ្នានេះដែរ ប្រសិនបើ អ្នកសារព័ត៌មានយល់ឃេីញខ្លួនត្រូវបានគេរំលោភបំពានសិទ្ធិសេរីភាព ឬតួនាទីភារកិច្ចរបស់ខ្លួន មានសិទ្ធិប្តឹងទៅស្ថាប័នមានសមត្ថកិច្ច ដេីម្បីការពារនូវសិទ្ធិសេរីភាពរបស់ខ្លួនពីការរំលោភបំពានទាំងនោះ។
ដោយឡែក លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងប្រាប់អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” យ៉ាងខ្លីដូច្នេះថា,(ចម្លែក ហើយខុសឆ្គង) ..!!!
សូមជម្រាបជូនថា, បើនៅលើ facebook ផ្លូវការរបស់ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានសរសេរថា, (ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី?
តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា? ។
អ្នកកាសែតអាជីពជើងចាស់ ប្រកបដោយធនធានវិជ្ជាជីវៈ សីលធម៌ ប្រឡូកក្នុងវិស័យព័ត៌មានច្រើនឆ្នាំរូបនេះ បានសរសេរបន្តថា, (ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការ ខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅ អ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះ អត្តបទដែលកាសែតបានចុះផ្សាយ។
១- តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើ យើងបានយល់ដឹងថាមាន ច្បាប់ស្ដីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?
២- ខ្ញុំមិនគាំទ្រការបញ្ចេញមតិនិងការផ្សាយមួលបង្កាច់ ញុះញង់ បំផ្លិចបំផ្លាញសង្គមជាតិនោះទេ។ ប៉ុន្តែ ដីការដែលចេញ ជាបន្តបន្ទាប់នេះ លាតត្រដាងថា បុគ្គល ឬ១ក្រុមណាមួយនោះ កំពុងព្យាយាមប៉ុនប៉ងបង្ខំឱ្យ កាសែត លុបចេញនូវអត្តបទដែល លាតត្រដាងនូវទង្វើ ដែលខ្លួនគ្មានភាពស្មោះត្រង់ក្នុងការបំភ្លឺ និង បកស្រាយ និងអនុលោមតាមច្បាប់។
ចំពោះលោក ពុយ គា អ្នកកាសែតប្រកបដោយ លក្ខណៈសម្បត្តិធនធាន វិជ្ជាជីវៈ និងជាអ្នកនិពន្ធសៀវភៅ ប្រវត្តិសាស្ត្រ ចំពោះមេដឹកនាំធំៗរបស់ប្រទេស បាននិយាយថា, ជាធម្មតា បើអ្នកកាសែត គាត់សសេរ ចុះផ្សាយ តែងមានប្រភពច្បាស់លាស់ ។ ក្នុងករណីអ្នកយល់ឃើញថា, មិនត្រឹមត្រូវ គឺត្រូវធ្វើលិខិតជូនមកឲ្យអង្គភាពសារព័ត៌មានកែតម្រូវ ឬបំភ្លឺ ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លៃយ៉ាងខ្លីថា, ( ការអញ្ជើញជាសិទ្ធិរបស់គាត់ តែទៅឬមិនទៅក៏ជាសិទ្ធិរបស់យើងដែរ) ។
សូមជម្រាបផងដែរថា, មួយរយៈកន្លងទៅនេះ ខាងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានបុគ្គលមួយចំនួន ចេញប្រតិបត្តិការការងារ មិនបានគោរពតាមតួនាទីភារកិច្ច ទើបសម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមដានយ៉ាងយកចិត្តទុកដាក់ ពីនីតិវិធីការងារ និងធ្វើលិខិតឲ្យអង្គភាពមួយនេះ បំភ្លឺរាល់ប្រតិបត្តិការដែលធ្វើខុសពីនីតិវិធី ហើយរំខានដល់អ្នករកស៊ី ក្រុមហ៊ុនស្របច្បាប់ជាដើម៕
ដោយ ៖ សុខ ខេមរា