ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ ដើមកន្ទួត(Star Gooseberry) មិនត្រឹមតែជាគ្រឿងទេស វាក៏ជាឱសថផងដែរ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ ដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កន្ទួត(Star Gooseberry)​ ដើមមានកម្ពស់ ៥-១០ម គល់រលោងមានជ័រ លើដើមតែមួយ (monoecious plant) មានផ្កាញី និងផ្កាឈ្មោល (Female and Male flower) ជួនកាលលើដើមនោះមានផ្កាទ្វេភេទ (bisexual flower) មែកមានលក្ខណៈស្រួយគ្រឿមៗដោយសារស្នាមធាងរលេះ។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្កាឈ្មោល និងផ្កាញីមានត្របក៤ ពណ៌ក្រហមគ្មានស្រទាប ហើយកេសរឈ្មោលមាន ៤ក្លែប និងកេសរញីមាន ៦-៨ក្លែប។ ផ្លែ(Drupe) មានគ្រាប់តែ១ ហើយរឹង ឯសាច់ក្រៅទន់ជាកញ្ចុំៗ។ 

តួដើមពណ៌លឿងតិចៗរាងមូលមានអង្គត់ផ្ចិត ១,៥-២,៥ស.ម ហើយផ្កាដុះចេញផ្ទាល់លើតួដើម ឬផ្ទាល់លើមែក និងនៅលើផ្លែមានចង្អូរ ៦-៨ស.ម ផ្កាឈ្មោលច្រើនដុះលើមែកថ្មីៗហើយវែង ឯផ្កាញីដុះលើមែកចាស់ហើយមិនសូវវែង។ កន្ទួតបន្តពូជដោយគ្រាប់ ដុះស្ទើរគ្រប់កន្លែង នៅប្រទេសកម្ពុជា។ 

ក្រសួង​បរិស្ថាន​ បានគូសបញ្ជាក់ថា​ ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖​ គ្រឿងទេស ផ្លែធ្វើជាម្ជូរ ឬបុកត្រីឆ្អើរ ស្លឹកអាចធ្វើជាបន្លែ អាម៉ុក និងអន្លក់។​ ឱសថ ជ័រដែលហូរចេញពីមែក កាត់ធ្វើថ្នាំក្អួត។ ស្លឹកបុកព្យាបាលចុកចង្កេះ ឈឺសសៃជើង គ្រុនក្តៅ និងឈាមអញ្ចាញធ្មេញ។ ស្លឹកនឹងឬស ប្រើសម្រាប់ឃាត់ឈាម ធ្វើឱ្យឈាមរត់ស្រួល និងរំលាយឈាម។ ផ្លែជាថ្នាំត្រជាក់ព្យាបាលក្អក ឯសម្បកដើមព្យាបាលបូសស្វាយ ស្ងោរងូតសម្រាប់ព្យាបាលចែងថ្ងៃ៕

ដោយ៖សហការី​


ចែករំលែក៖